ចំណុចមួយចំនួនម៉ាក់ៗពពោះ ជៀសបានជៀសទៅកុំឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ
ការសិក្សាជាច្រើនបង្ហាញថា ភាពស្រ្តេស តប់ប្រមល់ ឬធ្លាក់ទឹកចិត្ត អំឡុងពេលពពោះអាចបង្កើនឱកាសឱ្យម៉ាក់ៗសម្រាលកូនមុនកាលកំណត់ ឬអូនៗកើតមកមិនគ្រប់គីឡូជាដើម។ ប៉ុន្តែនៅមានចំណុចខ្លះទៀត ដែលអាចបង្កផលប៉ះពាល់ដល់អូនៗដែរ ដូចនេះម៉ាក់ៗ គួរតម និងចៀសវាង ដើម្បីសុខភាពអាអូនជាទីស្រឡាញ់។
ខាងក្រោមនេះជាចំណុចខ្លះៗដែលអ្នកម៉ាក់ពពោះគួរជៀសវាង៖
១. ជម្លោះ និងការស្រែកខ្លាំងៗ
ការឈ្លោះ បង្កឱ្យកើតមានអារម្មណ៍ធុញថប់ និងធ្លាក់ទឹកចិត្ត ជាហេតុនាំឱ្យប៉ះពាល់អាអូនក្នុងផ្ទៃ ពិសេសប្រព័ន្ធការពារ និងខួរក្បាលរបស់ពួកគេ។ បន្ថែមពីនេះ ពេលអ្នកម្តាយស្រែកខ្លាំងៗ ក៏មិនល្អដល់អាអូនដែរ វាបង្កជាអាការៈឈឺក្បាល ក្អួត និងបញ្ហាដល់ដំណេក ដូចនេះ ដើម្បីសុខភាពអូនៗ ម៉ាក់ៗគួរចៀសវាង។
២. ញ៉ាំជាតិស្ករច្រើនពេក
ការសិក្សាបង្ហាញថា ម៉ាក់ៗដែលស្រូបយកជាតិស្ករច្រើននៅពេលពពោះ អាចបង្កបញ្ហាមួយចំនួនដល់អូនៗ ដូចជាការចងចាំ និងរៀនសូត្រ។ គួរចៀសវាងអាហារ ឬភេសជ្ជៈសម្បូរជាតិស្ករ ដោយជំនួសវិញនូវផ្លែឈើស្រស់វិញ។
៣. យំ
ការយំ អាចជារឿងធម្មតាអំឡុងពេលពពោះ ព្រោះអារម្មណ៍របស់ម៉ាក់ៗប្រែប្រួលច្រើននៅពេលនោះ។ យ៉ាងណាមិញ បើសម្គាល់ឃើញមានអ្វីប្លែកៗ ដូចជាយំដោយសារ បាត់ចំណង់លើអាហារដែលចូលចិត្ត អារម្មណ៍ខុសឆ្គង គេងច្រើនពេក ឬបាត់បង់ចំណូលចិត្តលើសកម្មភាពធ្លាប់ចូលចិត្តពីមុនៗ។
៤. គេងមិនគ្រប់គ្រាន់
ផ្អែកតាមការស្រាវជ្រាវជាច្រើន ៧៨% នៃស្ត្រីមានផ្ទៃពោះ តែងកើតមានបញ្ហារំខានដល់ដំណេកពួកគេ នេះគឺដោយសារបម្រែបម្រួលអ័រម៉ូន ជាហេតុបង្កឱ្យពួកគេឧស្សាហ៍អស់កម្លាំងល្ហិតល្ហៃ។
៥. ផឹកជាតិកាហ្វេអ៊ីន
ផ្អែកតាមការសិក្សាជាច្រើន ជាតិកាហ្វេអ៊ីនច្រើនពេក អាចបង្កផលប៉ះពាល់ដល់អូនៗក្នុងផ្ទៃ ដូចជាអូនៗកើតមកមិនគ្រប់គីឡូ ឬអាចរលូតជាដើម ដែលនេះ ម៉ាក់ៗគ្រប់រូបគួរគប្បីយកចិត្តទុកដាក់៕
ដកស្រង់ពី៖ Hello Health Group