ដឹងខ្លះៗទៅ! ពេលពពោះស្បែកម៉ាក់ៗប្រែប្រួលអ្វីខ្លះ?
បម្រែបម្រួលអ័រម៉ូន អំឡុងពេលពពោះ ធ្វើឲ្យស្រីៗយើងប្រែប្រួលរាងកាយយ៉ាងច្រើន។ បម្រែបម្រួលទាំងនេះ មិនត្រឹមតែមានលើអារម្មណ៍ និងរូបរាងប៉ុណ្ណោះទេ ថែមទាំងសម្រស់ និងស្បែកក៏ប្រែប្រួលដូចគ្នា។
តើមានបម្រែបម្រួលអ្វីខ្លះដែលកើតមានឡើងពេលពពោះ?
ពេលពពោះអ្នកម៉ាក់ច្រើនមានបញ្ហាប្រែប្រួលទាំងនេះដូចជា៖
១. ស្បែកស្ងួត និងបែកស្រកា
ដោយសារស្បែកយើងត្រូវប្រឹងរីក យារតាមដំណាក់កាលពពោះ នឹងធ្វើឲ្យស្បែក បាត់បង់ភាពយឺត និងជាតិខ្លាញ់ដែលមាននាទីរក្សាសំណើមស្បែក ជាហេតុនាំឲ្យស្បែកស្ងួត បែកស្រកា និងឡើងក្រហម។ ស្រីៗពពោះភាគច្រើន ជួបបញ្ហានេះនៅលើតំបន់ពោះតែប៉ុណ្ណោះ។
២. សង្វារ
៩០% ក្នុងចំណោមស្រីៗពពោះ តែងជួបបញ្ហានេះ ហើយក៏ជាបញ្ហាគួរឲ្យភ័យខ្លាចបំផុត ចំពោះស្រីៗយើង។ សង្វារ ជាការដាច់ រហែកជាលិកាទ្រទ្រង់ក្រោមស្បែក ភាគច្រើនកើតឡើងនៅអំឡុងសប្តាហ៍ទី ១៣-២១ នៃការពពោះ ដោយមានពណ៌ផ្កាឈូក ក្រហម ឬស្វាយ។ តែក្រោយពេលសម្រាល ២-៣ សប្តាហ៍ អាចនឹងរលុបបាត់ទៅវិញបន្តិចម្តងៗ។
៣. ឡើងសរសៃក្រហម
បញ្ហាស្បែកឡើងសរសៃក្រហម គឺដោយសារមានការឡើងប៉ោងខុសប្រក្រតីរបស់សរសៃឈាម។ បញ្ហានេះ កើតឡើងដោយការប្រែប្រួលអ័រម៉ូន និងកំណើនលំហូរចរន្តឈាម ហើយស្រីៗកំពុងពពោះ ងាយឡើងសរសៃក្រហមនេះនៅលើមុខ ទ្រូង ក ពោះ និងដៃ។ វាអាចមានរូបរាងជាចំណុចក្រហម មានសរសៃៗជុំវិញ មានរូបរាងដូចជើងពីងពាង។ តែបញ្ហានេះមិនធ្វើឲ្យរមាស់ ឬឈឺចាប់នោះទេ
៥. កើតមុន
អំឡុងសប្តាហ៍ទី ៦ នៃការពពោះ អ័រម៉ូនប្រូហ្គេស្តេរ៉ូន នឹងកើនឡើងយ៉ាងខ្លាំង ធ្វើឲ្យក្រពេញញើសបញ្ចេញសារធាតុសេបូមយ៉ាងច្រើន នាំឲ្យស្ទះរន្ធញើស និងបង្ករោគដោយបាក់តេរីលើមុខ ខ្នង និងទ្រូង។ ករណីខ្លះ បែរជាបានធូរស្រាលពីជំងឺមុនទៅវិញ ដោយសារកំណើនអ័រមូននេះ ទៅធ្វើឲ្យមានលំនឹងអ័រម៉ូន ដែលខ្វះមុនពេលពពោះ។
ដកស្រង់ពី៖ Hello Health Group