ប្រយ័ត្នៗផងម៉ាក់! ពេលពពោះលាប ឬអ៊ុតសក់មិនល្អនោះទេ
ពេលពពោះ ម៉ាក់ៗអាចលាបថ្នាំសក់ ឬអ៊ុតសក់បានទេ? ចម្ងល់នេះប្រហែលជាស្រីៗគ្នាយើងភាគច្រើនចង់ដឹង ព្រោះបារម្ភខ្លាចជាតិគីមីដែលមាននៅក្នុងថ្នាំលាបសក់ ថ្នាំអ៊ុតសក់ប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ។
ថ្នាំលាបសក់ និងថ្នាំអ៊ុតសក់គ្រប់ប្រភេទ មិនថា ថ្នាំអ៊ុតសក់ត្រង់ ឬសក់រួញនោះទេ សុទ្ធមានជាតិគីមី ជាតិគីមីទាំងនេះ ទោះតិច ឬច្រើន នឹងជ្រាបចូលតាមរយៈស្បែក ពិសេសផ្លូវដង្ហើមរបស់ម៉ាក់ៗ ដែលអាចប៉ះពាល់ដល់ការលូតលាស់កូនផ្ទៃ។
ស្រីៗមួយចំនួនបានទៅលាបពណ៌សក់ ឬអ៊ុតសក់អំឡុងពពោះ ដោយមិនបានដឹងពីផលប៉ះពាល់ដែលបង្កឡើងដោយកម្តៅ និងសារធាតុគីមីដែលមាននៅក្នុងថ្នាំលាបសក់ ឬថ្នាំអ៊ុតសក់ សាយភាយចូលទៅក្នុងខ្លួន។ ថ្នាំលាបសក់ ថ្នាំអ៊ុតសក់មានជាតិអាម៉ុយញ៉ាក់ ឯក្លិនវិញឆួលខ្លាំងស្ទើរតែទ្រាំមិនបាន កាលណាជ្រាបចូលក្នុងស្បែក ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធដង្ហើម មាត់ ច្រមុះ បំពង់ក ឯផលប៉ះពាល់ចំពោះកូនវិញ ធ្វើឲ្យកូនកើតមកមិនគ្រប់លក្ខណៈ ឬឈានដល់ពិការភាពផ្នែកខួរក្បាល។
“ការមានផ្ទៃពោះជារឿងធម្មជាតិ តម្រូវឲ្យស្រីៗយើងថែទាំខ្លួន រស់នៅតាមបែបធម្មជាតិដូចគ្នា ដូច្នេះហើយម៉ាក់ៗមិនត្រូវញ៉ាំចំណីអាហារដែលមានជាតិគីមី ឬយកជាតិគីមីអ្វីផ្សេងទៀតមកដាក់លើខ្លួនទេ នោះទើបមិនមានផលប៉ះពាល់ដល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ”។
ដកស្រង់ពី៖ Hello Health Group