ការវិវត្តអារម្មណ៍កូនពេលកើត ដល់១០ឆ្នាំ ដែលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់
ចាប់ពីពេលកើត រហូតដល់ធំពេញវ័យ រាងកាយ និងអារម្មណ៍ក្មេងៗ ត្រូវវិវត្តជាច្រើនដំណាក់កាល។ ដើម្បីឲ្យម៉ាក់ប៉ាត្រៀមលក្ខណៈបានល្អក្នុងបំពេញសេចក្តីត្រូវការ និងការចិញ្ចឹមបីបាច់កូនមុនរួចជាការស្រេច។
តើកូនអាយុពី ០ – 10 ឆ្នាំមានការវិវត្តអារម្មណ៍អ្វីខ្លះ?
យើងនឹងលើកយកការចែករំលែកស្តីពីដំណាក់កាលនៃការវិវត្តផ្លូវអារម្មណ៍ក្មេងៗ ចាប់ពីពេលកើត ដល់១០ឆ្នាំដូចតទៅ៖
- អាយុ ០-២ឆ្នាំ៖ ក្មេងត្រូវការភាពជិតស្និទ្ធពីម៉ាក់ប៉ា ចង់ឲ្យយើងបីបម និងការពារគេគ្រប់ពេល ដូច្នេះហើយយើងជាឪពុកម្តាយត្រូវតែផ្តល់នូវក្តីស្រលាញ់ និងភាពកក់ក្តៅទៅឲ្យកូនឲ្យបានច្រើនបំផុត បើយើងបានឱប បីបមគេកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែល្អ។
- អាយុ ២-៣ឆ្នាំ៖ ក្មេងៗចាប់ផ្តើមរពឹស ចាប់ផ្តើមធ្វើត្រាប់តាមប៉ាម៉ាក់ របស់អ្វីក៏ដោយ ទុកដាក់មិនស្រួល កូនយកធ្វើតាមទាំងអស់ ដូចជាយកខោអាវម៉ាក់ប៉ាមកស្លៀកពាក់ ឬយកក្រែម ម្សៅ មកចាក់លាបពេញខ្លួនមិនខាន។ ដំណាក់កាលនេះ ខួរក្បាលកូនលូតលាស់លឿនបំផុត គេអាចចាប់បានអ្វីៗគ្រប់យ៉ាង បង្ហាត់បង្ហាញអីក៏ឆាប់ចេះដែរ។
- អាយុ ៣-៤ឆ្នាំ៖ កូនៗចង់ក្លាយជាមនុស្សដែលមានភក្តីភាពចំពោះម៉ាក់ប៉ា គេតែងតែព្យាយាមនិយាយអ្វីការពារឪពុកម្តាយគេជានិច្ច។ ឧទាហរណ៍ គេតែងតែលើកសរសើរពីគុណសម្បត្តិ និងរូបសម្រស់របស់ម៉ាក់ប៉ាប្រាប់មិត្តភក្តិថា ម៉ាក់ខ្ញុំស្អាតជាងម៉ាក់ឯងឆ្ងាយណាស់ ម៉ាក់ខ្ញុំពូកែនេះពូកែនោះ…។
- អាយុ ៤-៥ឆ្នាំ៖ ត្រូវការយកចិត្តទុកដាក់ថា គេសំខាន់ ចង់ឲ្យមនុស្សនៅជុំវិញខ្លួន ពិសេសម៉ាក់ប៉ាទទួលស្គាល់គេថាជាមនុស្សសំខាន់គ្រប់ពេល។ ពេលគេធ្វើអ្វីមួយ គេតែងនិយាយថា ខ្ញុំដឹងពីរបៀបធ្វើវា ខ្ញុំអាចធ្វើវាបាន ម៉ាក់ប៉ាមិនចាំបាច់ជួយនោះទេ។ ម៉ាក់ប៉ាគួរតែបណ្តោយគេទៅ ទោះបីជាយើងដឹងថា គេធ្វើលើកដំបូងមិនបានល្អក៏ដោយ ដូចជាបោសជូតផ្ទះ ពេលគេធ្វើចប់ហើយ ម៉ាក់ប៉ាត្រូវលើកសរសើរកូនថា ល្អណាស់!
- អាយុ ៥-៦ឆ្នាំ៖ នេះជាពេលដ៏ល្អក្នុងការចិញ្ចឹមបីបាច់កូន ព្រោះជាពេលដែលកូនបាក់ចិត្តស្រលាញ់ម៉ាក់ប៉ា បងប្អូន ជីដូនជីតា និងសត្វចិញ្ចឹម។ ពេលកូនៗស្រលាញ់យើង គេចាប់ផ្តើមគូររូបយើង ដោយអមជាមួយពាក្យពេចន៍ផ្សេងៗដែលចេញពីចិត្តរបស់គេ ដូចជា កូនស្រលាញ់ម៉ាក់ កូនស្រលាញ់ប៉ា ម៉ាក់ប៉ាជាមនុស្សពិសេសជាងគេលើលោក ជាដើម។
- អាយុ ៦-៧ឆ្នាំឡើងទៅ៖ កាលណាយើងផ្តល់ក្តីស្រលាញ់ឲ្យកូនបានគ្រប់គ្រាន់ នៅពេលកូនអាយុ ៦-៧ឆ្នាំឡើងទៅ កូននឹងបាក់ចិត្តស្រលាញ់យើងវិញ ហើយនឹងចែករំលែករឿងសម្ងាត់ផ្ទាល់ខ្លួនក្នុងចិត្ត និងបេះដូង។
ដកស្រង់ពី៖ Hello Health Group