ម៉ាក់ៗត្រូវដឹង! សញ្ញាទាំងនេះបញ្ជាក់ថាកូនតូចបៅដោះមិនគ្រប់គ្រាន់ឡើយ
ទើបក្លាយជាម៉ាក់ៗថ្មីថ្មោង ប្រហែលជាឆ្ងល់ច្រើនហើយ រឿងកូនបៅគ្រប់ មិនគ្រប់ ហើយគ្មានម៉ាក់ៗណា ចង់ឲ្យបេប៊ីឃ្លាន ហើយបៅទឹកដោះមិនគ្រប់គ្រាន់ទេ គ្រាន់តែថា មិនអាចដឹងថាកូនបៅទឹកដោះប៉ុន្មានទើបគ្រប់ប៉ុណ្ណោះ ព្រោះពេលខ្លះ ទោះឲ្យទារកបៅដោះយូរយ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់គ្រប់ដែរ ជាហេតុធ្វើឲ្យបាត់បង់ជាតិទឹក និងបាត់បង់សារធាតុចិញ្ចឹមទៀតផង។
ពេលនេះអ្នកម៉ាក់នឹងបានស្វែងយល់អំពីសញ្ញាមួយចំនួនដែលបង្ហាញថាកូនរបស់អ្នកម៉ាក់បំបៅមិនគ្រប់គ្រាន់៖
១. ទឹកដោះម៉ាក់ៗមានក្រោយសម្រាល
ពេលទារកកើតមក មានសារធាតុទឹកជាច្រើនក្នុងជាលិកា ហើយសារធាតុរាវនោះ នឹងបញ្ចេញចោលក្នុងរយៈពេល ៤៨ ម៉ោងដំបូង ខណៈចន្លោះពេលនេះ ទឹកដោះម្តាយក៏ចាប់ផ្តើមផលិត ក៏ជាពេលល្អបំផុតសម្រាប់ពោះវៀនទារក ទទួលយកទឹកដោះដំបូង សម្បូរទៅដោយប្រព័ន្ធការពារ។
ទារកទាំងអស់ មិនដូចគ្នាទេ ខ្លះតម្រូវការបំបៅ ៨ ដង/ថ្ងៃ ខ្លះទៀតអាចដល់ ១២ដង ឬច្រើនជាងនេះក៏មាន។
២. ការបត់ជើងធំរបស់ទារក (លាមក)
ក្រោយពេលកើតប៉ុន្មានថ្ងៃ បេប៊ីនឹងចាប់ផ្តើមបត់ជើងធំ ហើយលាមកមានពណ៌បៃតងចាស់ ដែលទទួលបានពីសារធាតុចិញ្ចឹម អំឡុងពេលនៅក្នុងផ្ទៃនៅឡើយ។ បេប៊ីបៅកាន់តែច្រើន កាន់តែឆាប់បត់ជើងធំ ហើយនៅថ្ងៃបន្ទាប់ ជាទូទៅមុនថ្ងៃទី ៤ ក្រោយសម្រាល យើងនឹងឃើញលាមកដែលទទួលបានមកពីទឹកដោះម្តាយវិញ មានសភាពប៉ិៗទៅរាវ ពណ៌លឿងស្រាល ហើយធំក្លិនតិចៗ។ពេលខ្លះ ក៏អាចមានពណ៌ទឹកក្រូច ឬបៃតងផងដែរ ដែលករណីនេះ មិនបញ្ជាក់ថាកូនយើងមានបញ្ហាសុខភាពនោះដែរ។
តាមដានចំនួនដង និងបរិមាណលាមក គឺដូចទៅនឹងការតាមដានសុខភាពកូនមួយបែបដែរ ហើយជាវិធីល្អក្នុងចំនោមវិធីជាច្រើនទៀត។ ពេលបបេប៊ី មានលាមកពណ៌ត្នោត អាចជាសញ្ញាមួយបញ្ជាក់ថា កូនយើងបៅទឹកដោះមិនបានគ្រប់គ្រាន់នោះទេ។
៣. បត់ជើងតូច (នោម)
ប៉ុន្មានថ្ងៃដំបូង ទារកនោមតែ ១-២ ដងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដោយសារទឹកដោះដំបូងរបស់ម៉ាក់ៗ មានតែបន្តិចបន្តួចប៉ុណ្ណោះ។ តែដល់ថ្ងៃទី ៤-៥ វិញ ទារកនឹងនោមញឹកណាស់ ៦-៧ ដងឯណោះ ក្នុងមួយថ្ងៃ ខណៈទឹកនោមធម្មតាមានពណ៌លឿងស្រាល ឬថ្លាតែម្តង ហើយធំក្លិនតិចៗ។ ប៉ុន្តែនៅពេលទឹកនោមមានពណ៌ផ្កាឈូក ឬក្រហម អាចជាសញ្ញាការបំបៅដោះកូនមិនគ្រប់ហើយ។
សញ្ញាខាងលើ អាចចង្អុរបង្ហាញពីជំងឺមួយចំនួនទៀត មិនត្រឹមតែកង្វះអាហារូបត្ថម្ភប៉ុណ្ណោះទេ។ ពេលឃើញទារកមាន សញ្ញាណាមួយ ដូចបានរៀបរាប់ខាងលើ ត្រូវបំបៅកូនបន្ថែមឲ្យបានច្រើន ហើយអំឡុងពេល ២-៣ ថ្ងៃ បើសញ្ញាទាំងនេះមិនបាត់ទេ សូមប្រញាប់យកកូនទៅជួបគ្រូពេទ្យ។
ដកស្រង់ពី៖ Hello Health Group