បើកូនកើតជម្ងឺមិនគ្រប់ទឹក! តើគួរធ្វើដូចម្តេច? តើមានវិធីព្យាបាលឬទេ?
ជាធម្មតារាងកាយរបស់យើងម្នាក់ៗ មានក្រូម៉ូសូមចំនួន៤៦ដែលត្រូវនឹង២៣គូរ ដែលក្នុងនោះពាក់កណ្តាលបានពីម្តាយ ពាក់កណ្តាលបានពីឪពុក។ ជំងឺ ខ្សោយបញ្ញា គឺជាជំងឺដែលកើតឡើងដោយសារលើសក្រូម៉ូសូមទី២១ចំនួនមួយ(មានចំនួន៣)។
ការលើសក្រូម៉ូសូមនេះបណ្តាលឲ្យក្មេងដែលកើតមកមានការថយចុះនូវបញ្ញា អាកប្បកិរិយ៉ានិងបម្រែបម្រួលរួបរាងនៃអវះយះមួយចំនួន។
តើមានកត្តាអ្វីខ្លះដែលបណ្តាលឪ្យកូនរបស់អ្នកកើតជម្ងឺមិនគ្រប់ទឹក? តើគួរបង្ការដូចម្តេច?

១. កត្តាប្រឈមជំងឺ ខ្សោយបញ្ញាមានដូចជា៖
- ម្តាយពរពោះនៅអាយុច្រើន( ម្តាយមានអាយុលើសពី ៣៥ឆ្នាំ មានអត្រាបង្កើតកូនមានជម្ងឺប្រហែល ១/៤០០ហើយកើនឡើងរឹតតែខ្ពស់ទៅតាមអាយុរបស់ម្តាយ)
- ឪពុកម្តាយដែលធ្លាប់មានកូនដែលមានជំងឺនេះ នៅពេលមានកូនលើកក្រោយទៀតអាចមានអត្រាខ្ពស់ជាងឪពុកម្តាយដែលមិនធ្លាប់មាន
- ម្តាយឬឪពុកមានផ្ទុកសែនជំងឺនេះ( តែមិនបង្ហាញជាជម្ងឺ)
២. រោគសញ្ញាជំងឺ ខ្សោយបញ្ញាមានដូចជា៖
ក. ការប្រែប្រួលសារពាង្គកាយមានដូចជា៖
- មុខសំប៉ែត, ចង្ការខ្លី
- ថ្ងាស់និងកញ្ចឹងករទូលាយ
- ភ្នែកបញ្ឆិតទៅលើ
- ច្រមុះខ្លី, ខ្ទង់ច្រមុះទាប
- អណ្តាតធំ ហើយលានចេញមកក្រៅជារឿយៗ
- ដៃជើង ម្រាមដៃ ម្រាមជើងខ្លីៗ
- ការលួតលាស់មានសភាពយឺតធៀបនឹងក្មេងដែលមានអាយុដូចគ្នា
- ក្រៅពីនេះ ក្មេងអាចមានបញ្ហាផ្សេងទៀតដូចជា ជំងឺបេះដូង(បេះដូងប្រហោង), បញ្ហាត្រចៀក(ធ្ងន់ត្រចៀកឬថ្លង់)…
ខ. ការប្រែប្រួលអាកប្បកិរិយ៉ានិងប្រាជ្ញាមានដូចជា៖
- បញ្ញាខ្សោយ មិនងាយចាប់បានព័ត៏មានពីខាងក្រៅដែលនាំឲ្យក្មេងពិបាកក្នុងការទទួលយកនូវការអប់រំពីឪពុកម្តាយឬសាលារៀន
- មិនចូលចិត្តប្រាស្រយ័ទាក់ទងជាមួយមនុស្សជុំវិញខ្លួន
- ចូលចិត្តធ្វើកាយវិការប្លែកៗតែឯងដូចជា ទះដៃម្នាក់ឯង, និយាយម្នាក់ឯង
- សកម្មភាពប្រចាំថ្ងៃដូចជា ញ៉ាំ, បន្ទោបង់, ថែរទាំខ្លួនប្រាណត្រូវមានអ្នកជួយ…

៣. វិធីការការពារជំងឺ ខ្សោយបញ្ញាមានដូចជា៖
- មិនគួរយកបុត្រនៅអាយុច្រើននោះទេ( លើ ៣៥ឆ្នាំ)
- ប្រសិនបើមានប្រវត្តិមានកូនបែបនេះម្នាក់ហើយ គួរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើចង់មានកូនបន្ទាប់ទៀត
- វិនិច្ឆយ័ឲ្យបានឆាប់រហស័ពេលដែលក្មេងមិនទាន់កើត(ជាធម្មតាចាប់ពីសប្តាហ៍ទី១២ទៅ គឺអាចវិនិច្ឆយ័បានហើយដោយប្រើវិធីដូចជា ការអេកូ, Triple Test, Double Test ឬយកទឹកភ្លោះទៅពិនិត្យ)
៣. វិធីព្យាបាលជំងឺ ខ្សោយបញ្ញាមានដូចជា៖
- ជំងឺ Down មិនអាចព្យាបាលឲ្យជានោះទេ ក្មេងដែលកើតជំងឺនេះហើយត្រូវរស់នៅក្នុងសភាពពបែបនេះអស់មួយជីវិត, ដូច្នេះការវិនិច្ឆ័យឲ្យបានឆាប់រហ័សមុនពេលកើតមានសារះសំខាន់បំផុត។
- ការព្យាបាលសំខាន់បំផុតគឺព្យាយាមអប់រំកែប្រែចរិតលក្ខណះ អាកប្បកិរិយារបស់គាត់, កិច្ចការទាំងនេះត្រូវការការចូលរួមយ៉ាងធំបំផុតពីអាព្យាបាលរបស់ក្មេង។
- ក្នុងប្រទេសអភិវឌ្ឍន៏មួយចំនួនគេមានបង្កើតថ្នាក់រៀនជាពិសេសសំរាប់ក្មេងដែលកើតជំងឺនេះ។
- ក្រោមការអប់រំ ណែនាំរបស់អាណាព្យាបាលនិងសាលារៀន ពួកគាត់អាចកែប្រែបញ្ញាញាណ អាកប្បកិរិយាបាននូវក្នុងកម្រិតណាមួយ( ពួកគាត់ក៏អាចក្លាយជា តន្តី្រករ, វិចិត្រករ, និងតួនាទីផ្សេងៗទៀតក្នុងសង្គមបានដូចមនុស្សធម្មតាដែរ)។

សរុបមក៖ ដើម្បីពិនិត្យជំងឺ កូនមិនគ្រប់ទឹក ឬហៅ Down syndrome ស្ត្រីជាម្តាយពេលពពោះបាន១២អាទិត្យ ត្រូវទៅពិនិត្យ អេកូ វាស់កំរាស់ស្បែកកញ្ចឹងករកូន NT និងយក ឈាមម្តាយធ្វើតេស Double test ឬអាចតេស NIPT(Non invasive Prenatal Testing) នៅអាយុកូនចាប់ពី១០អាទិត្យឡើង និងអាចបន្តចោះយកទឹកភ្លោះ យកកោសិកាកូនទៅពិនិត្យរកមើលចំនួនក្រូម៉ូសូមខុសធម្មតា នៅអាយុកូនបាន១៦អាទិត្យឡើង.
ប្រភពអត្ថបទ:Page: KH Doctor និង វេជ្ជបណ្ឌិត សឿចន្ទ័ វិសាល