ត្រៀមមុនទៅ! ប៉ាម៉ាក់គួរមានអ្វីខ្លះសម្រាប់កូនចូលរៀនថ្ងៃដំបូង?
មាតាមួយចំនួនហាក់បីដូចជាមានកង្វល់ក្នុងការត្រៀមខ្លួនឲ្យបុត្រាបុត្រីរបស់ខ្លូនសម្រាប់ការបើកទំព័រនៃការសិក្សាជាពិសេសចំពោះបុត្រដំបូងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយលោកអ្នកមិនចាំបាច់ព្រួយបារម្ភច្រើននោះឡើយ អ្នកអាចធ្វើចិត្តឲ្យសប្បាយរីករាយ ហើយសាកល្បងជាមួយនឹងវិធីសាស្រ្តដូចខាងក្រោម ៖
១. សាកសួរទឹកចិត្តកូន
ដោយសារតែការចូលរៀនជាលើកដំបូងនឹងមានផលប៉ះពាល់ច្រើនទៅលើកូនរបស់អ្នក ដូច្នេះហើយអ្នកត្រូវធ្វើការសាកសួរពួកគេជាមុនសិនថាតើពួកគេបានត្រៀមចិត្តរួចឬនៅសម្រាប់ការទៅសាលារៀន? អ្នកអាចនិយាយលួងលោមពួកគេដោយរៀបរាប់ពីចំណុចល្អៗនៅក្នុងសាលារៀន ឬ ចែករំលែកបទពិសោធន៍ជាគម្រូដល់ពួកគេផងដែរ។
២. ជ្រើសរើសសាលារៀន
ប្រសិនបើបុត្ររបស់លោកអ្នកយល់ព្រមហើយ អ្នកអាចចាប់ផ្តើមធ្វើការស៊ើបរកមើលសាលារៀនណាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និង ប្រកបដោយផាសុកភាពដែលអ្នកគិតថាកូនរបស់អ្នកនឹងអាចទទួលយកបាន ព្រោះថាទិដ្ឋភាពនៅក្នុងសាលាទីមួយរបស់គេអាចនឹងបន្សល់នូវសុបិន្តល្អ ឬ អាក្រក់នៅក្នុងការចងចាំរបស់ពួកគេ។
៣. ស្គាល់សាលារៀន
អ្នក និងកូនគួរតែរៀនសូត្រពីស្ថានភាពក៏ដូច ជាស្គាល់ពីទីតាំងផ្សេងៗនៅក្នុងបរិវេណសាលាឲ្យហើយ។
៤. ត្រៀមសម្ភារៈសិក្សា
លោកអ្នកចាំបាច់ត្រូវទិញសម្ភារៈសិក្សាឲ្យកូនឲ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងទម្លាប់មិនល្អទៅថ្ងៃក្រោយ ហើយអ្នកក៏គួរតែបង្រៀនពួកគេឲ្យស្គាល់ពីរបៀបប្រើ ប្រាស់ផងដែរ។
៥. ចាប់ផ្តើមកែប្រែទម្លាប់រស់នៅ
ព្យាយាមផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះឲ្យស្រដៀងនឹងនៅក្នុងសាលារៀន ដើម្បីផ្សាំទៅនឹងស្ថានភាពជាក់ស្តែងដែលកូនអ្នកនឹងជួបប្រទះ។ អ្នកក៏ត្រូវបង្ហាត់បង្ហាញពួកគេអំពីកិច្ចការមួយចំនួនដែលគេត្រូវធ្វើដោយខ្លួនឯងដែរ ដូចជាការពាក់ ឬ ដោះស្បែកជើង ការបត់ជើងជាដើម។
៦. ធ្វើជាគម្រូល្អ
ដោយសារតែលោកអ្នកជាមនុស្សដែលមានឥទ្ធិពលទៅលើពួកគេជាងគេ អ្នកត្រូវតែធ្វើជាគម្រូល្អដល់ពួកគេជានិច្ច មិនថាការនិយាយស្តី ការបរិភោគអាហារនោះឡើយ។ អ្នកត្រូវចាំក្នុងចិត្តថា ក្មេងប្រៀបបាននឹងក្រដាសសស្អាតមួយសន្លឹកអញ្ចឹង អ្នកគប្បីផ្តល់នូវ សោភ័ណភាពស្រស់ស្អាតនៅលើក្រដាសមួយនោះ។
៧. កុំដាក់សម្ពាធដល់កូន
ដោយហេតុថាកូនរបស់អ្នកនៅក្មេងនៅឡើយ អ្នកមិនត្រូវរំពឹងថាគេអាចនឹងឆាប់សម្របខ្លួនទៅនឹងការផ្លាស់ប្តូរដ៏ធំនេះឡើយ។ ដូចគ្នាចំពោះការនិយាយណែនាំពួកគេផងដែរ ជំនួសឲ្យការនិយាយប្រដៅវែងឆ្ងាយ អ្នកគួរតែលើកយកឧទាហរណ៍នៅក្នុងសៀវភៅរឿងតុក្កតាផ្សេងៗ ហើយបញ្រ្ជាបគតិរឿងនោះដោយនិយាយដោយងាយៗ។
៨. បង្រៀនកូនបន្ថែម
ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ ក្នុងនាមជាឪពុកម្តាយអ្នកអាចបង្កើតទម្លាប់ដ៏ល្អមួយ ដោយធ្វើការអានសៀវភៅអប់រំកុមារខ្លីៗដែលមានលាយឡំជាមួយនឹងរូបគំនូរដែលអាចឲ្យកូនអ្នកមើលយល់ទុកសម្រាប់ឲ្យកូនអ្នកស្តាប់នៅមុនពេលចូលគេង។
៩. បម្រុងប្រយ័ត្ន
ចំពោះក្មេងសម័យបច្ចុប្បន្ន ភាគច្រើនគឺ សុទ្ធតែចេះចុចទូរស័ព្ទទំនើបរបស់ឪពុកម្តាយរបស់ខ្លួនដោយយ៉ាងហោចណាស់ក៏ចេះលេងហ្គេមដែរ។ ចំពោះចំណុចនេះ អាចជារឿងល្អមួយដែលអាចបង្កើនភាពវៃឆ្លាតដល់កូនរបស់អ្នក ប៉ុន្តែអ្នកក៏មិនត្រូវបណ្តោយ ឲ្យគេប្រើប្រាស់ក្នុងរយៈពេលយូរពេកនោះដែរ។
១០. ផ្តល់កម្លាំងចិត្តដល់កូន
ដើម្បីជាការលើកទឹកចិត្តដល់កូនរបស់អ្នក អ្នកអាចធ្វើការព្រមព្រៀងជាមួយពួកគេដូចជា ប្រសិនបើគេទទួលបានចំណាត់ថ្នាក់ល្អ អ្នកអាចនឹងជូនជាកាដូលើកទឹកចិត្តខ្លះៗ តាមដែលគេចង់បាន ឬ នាំគេទៅដើរកំសាន្តនៅរមណីយដ្ឋានក៏បាន។
ដកស្រង់ពី៖ Healthtimetip.com