5 វិធីដ៏អស្ចារ្យ! ជួយបង្កើនសុខភាពអ្នកម៉ាក់ពពោះ និងទារកក្នុងផ្ទៃ
ប្រសិនបើអ្នកមានផ្ទៃពោះ ឬកំពុងគិតចង់មានផ្ទៃពោះ អ្នកប្រហែលជាដឹងនូវការណែនាំអំពីការមានផ្ទៃពោះមួយចំនួនអំពីការថែរក្សាខ្លួនអ្នក និងទារកដូចជា កុំជក់បារី ឬនៅជុំវិញផ្សែងបារី កុំផឹកស្រា និង សម្រាកឱ្យបានគ្រប់គ្រាន់ជាដើម ។
តើមានវិធីអ្វីខ្លះដែលជួយបង្កើនសុខភាពម្តាយ និងទារកក្នុងផ្ទៃ?
ខាងក្រោមនេះ គឺជាវិធី ៥ យ៉ាងផ្សេងទៀតដែលបានចុះផ្សាយដោយគេហទំព័រសុខភាព Parents ដែលអាចជួយណែនាំដល់អ្នក និងកូនតូចក្នុងផ្ទៃអ្នកមានសុខភាពល្អ ៖
១. ប្រើប្រាស់វីតាមីនមុនពេលមានផ្ទៃពោះ (Prenatal Vitamin)
ដោយសារតែខួរក្បាលរបស់កូនចាប់ផ្តើមលូតលាស់នៅខែទី ១នៃការពពោះ វាពិតជាសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់សារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដូចជា ៖ អាស៊ីដហ្វូលីក (Folic Acid) កាល់ស្យូម (Calcium) និងជាតិដែក (Iron) តាំងពីគិតថា ចង់មានផ្ទៃពោះ ។
២. ធ្វើលំហាត់ប្រាណ
ការធ្វើខ្លួនឱ្យសកម្ម គឺមានសារៈសំខាន់សម្រាប់សុខភាពទូទៅរបស់អ្នក និងអាចជួយអ្នកកាត់បន្ថយភាពតានតឹង គ្រប់គ្រងទម្ងន់របស់អ្នក ធ្វើឱ្យប្រសើរឡើងនូវឈាមរត់ បង្កើនអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល ។ ទៅចូលរួមថ្នាក់ហាត់ប្រាណសម្រាប់ស្រ្តីមានផ្ទៃពោះ ឬដើរយ៉ាងហោចណាស់ ១៥-២០នាទីរាល់ថ្ងៃ ក្នុងល្បឿនល្មម នៅកន្លែងត្រជាក់ ឬម្លប់ ឬក្នុងផ្ទះ ដើម្បីការពារកុំអោយក្តៅខ្លាំង ។
៣. ផ្តាច់ឱ្យអស់នូវគ្រឿងប៉ះពាល់សុខភាព
ដោយសារគ្រឿងទាំងនេះមានការទាក់ទងគ្នានឹងពិការភាពពីកំណើត ការរលូតកូន និងបញ្ហាផ្សេងទៀត អ្នកគួរតែចៀសវាង ការជក់បារី ការសេពសុរា ការប្រើថ្នាំញៀន និងសូម្បីតែថ្នាំលាងក្រចកជាដើម នៅពេលមានផ្ទៃពោះ ។
៤. ប្រុងប្រយ័ត្នជាមួយនឹងថ្នាំដែលអ្នកលេប
ពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬ ឆ្មប មុនពេលប្រើថ្នាំបំប៉ន ថ្នាំព្យាបាល ឬឱសថធម្មជាតិ ។ សូម្បីតែថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត ដូចជា Ibuprofen ក៏ត្រូវបានគេរកឃើញថា គួរតែចៀសវាង ព្រោះការសិក្សាបានបង្ហាញថា ថ្នាំនេះបង្កើនហានិភ័យនៃការរលូតកូន និងការបំផ្លាញដល់សរសៃឈាមរបស់ទារក ។
៥. ផឹកទឹកឱ្យបានច្រើន
ក្នុងអំឡុងពេលមានផ្ទៃពោះឈាមរបស់អ្នកកំពុងផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹមសំខាន់ៗដល់កូនរបស់អ្នកតាមរយៈសុក និងយកកាកសំណល់និងកាបូនឌីអុកស៊ីត ចេញទៅវិញ ដែលមានន័យថា បរិមាណឈាមរបស់អ្នកកើនឡើងរហូតដល់ ៥០% ដើម្បីគ្រប់គ្រងសកម្មភាពបន្ថែមទាំងអស់នេះ ។ ដូច្នេះអ្នកត្រូវផឹកទឹកបន្ថែមទៀត ដើម្បីឱ្យដំណើរការបានល្អ ៕
ប្រភព ៖ parents.com