ងាយៗណាស់! ប៉ាម៉ាក់មានទម្លាប់បែបនេះកូនចេះញ៉ាំបន្លែ ផ្លែឈើ តាំងពីតូច
ជម្រើសនៃអាហារយើងញ៉ាំរាល់ថ្ងៃសំខាន់ណាស់ ព្រោះអាហារមាននាទីចិញ្ចឹមរាល់សិរីរាង្គរបស់រាងកាយយើង។ បើយើងញ៉ាំអាហារល្អៗ នោះរាងកាយយើងនឹងរឹងមាំ បើញ៉ាំអាហារមិនល្អ រាងកាយនឹងទ្រុឌទ្រោមតាមនឹងដែរ។
តើអ្នកគួរតែមានទម្លាប់ដូចម្តេច ដើម្បីបង្កើនទម្លាប់ឪ្យកូនចូលចិត្តញុំាបន្លែ?
ហេតុនេះ វាជារឿងសំខាន់ដែលយើងណែនាំឲ្យកូនតូចៗញ៉ាំអាហារល្អ ជាជាងអាហារកញ្ចប់ ការ៉េម ដែលអាចប៉ះពាល់ដល់សុខភាពកូនៗ។
ម៉ាក់ប៉ាមួយចំនួនច្បាស់ជាគិតថា ការបង្វែរកូនពីការញ៉ាំអាហារកញ្ចប់ ឬ fast food អស់នោះ មកញ៉ាំបន្លែ ផ្លែឈើធម្មជាតិ ជារឿងមួយពិបាកធ្វើ ព្រោះក្មេងអត់ចូលចិត្តរបស់ធម្មជាតិអស់ហ្នឹងទេ។ ប៉ុន្តែ ម៉ាក់ប៉ាអាចសាកល្បងជាមួយវិធីសាស្រ្តជួយឲ្យកូនចូលចិត្តញ៉ាំអាហារធ្វើឲ្យសុខភាពល្អបាន រហូតអាចក្លាយជាទម្លាប់ដល់អាអូនពេញវ័យ៖
- បង្កើតភាពសប្បាយរីករាយម៉ោងញ៉ាំបាយដោយណែនាំអាហារចម្រុះពណ៌ក្នុងចានបាយ មានតន្ត្រីអម ឬសកម្មភាពផ្សេងទៀតតាមការនឹកឃើញរបស់ម៉ាក់ប៉ា។ យើងក៏អាចផ្លាស់ប្តូរអារម្មណ៍កូនដោយចេញទៅញ៉ាំអាហារក្រៅផ្ទះ ឬធ្វើពិចនិកម្ដងម្កាលក៏ល្អ។
- មិនត្រូវបង្ខំកូនឲ្យញ៉ាំលឿនៗ ប្រញាប់ពេកទេ គួរតែបញ្ចុកកូនមួយៗ ឬឲ្យកូនញ៉ាំតាមសម្រួល។
- ជួនកាល អាអូនមានៈមិនព្រមញ៉ាំបាយ ឬបន្លែទេ អញ្ចឹងយើងមិនចាំបាច់បង្ខំកូន ឬខឹងច្រឡោតដាក់កូនទេ។ ការអត់ធ្មត់គឺជាគន្លឹះ យើងអាចឲ្យអាអូនញ៉ាំបន្លែ ឬអាហារធម្មជាតិផ្សេងទៀតនៅថ្ងៃក្រោយក៏បាន។
- រាល់ពេលដែលណែនាំអាហារថ្មីៗឲ្យកូន យើងគួរតែតាមដានប្រតិកម្មរបស់កូនទៅនឹងអាហារនោះ ដើម្បីដឹងថា អាអូនមានអាលែកហ្ស៊ីនឹងអាហារណាខ្លះ ។ បើកូនចេញសញ្ញាអាលែកហ្ស៊ីនឹងអាហារអ្វីមួយ គួរនាំកូនទៅពេទ្យ កុំព្យាយាមសម្រួលអាការៈកូនដោយប្រើថ្នាំផ្ដេសផ្ដាស។
- កំណត់ម៉ោងបាយឲ្យបានទៀងទាត់ ដើម្បីឲ្យម៉ោងរាងកាយរបស់កូនចំណាំម៉ោងបាយទៀងពេលដែរ។ កុំបញ្ចុកបាយកូនផ្ដេសផ្ដាសខុសម៉ោងបាយ។
- ប្រសិនបើអាអូនចាប់ផ្ដើមឃ្លានបាយ ប៉ុន្តែអត់ទាន់ដល់ម៉ោងត្រូវញ៉ាំបាយ ម៉ាក់ប៉ាអាចឲ្យអាហារសម្រន់ល្អៗឲ្យកូនញ៉ាំបានដូចជា នំបន្លែ គ្រាប់ធញ្ញជាតិ ឬផ្លែឈើ។ល។
- រក្សាជាតិទឹកក្នុងខ្លួនកូនឲ្យបានច្រើន ព្រោះពេលខ្លះ អារម្មណ៍ឃ្លាន អាចច្រឡំជាមួយអារម្មណ៍ស្រេកទឹក។ ដូចនេះ ពេលកូនត្អូញថាឃ្លានខុសម៉ោង យើងអាចឲ្យកូនញ៉ាំទឹក១កែវមើល៍សិនបាន។
- ម៉ាក់ប៉ាត្រូវតែផ្ដល់អាហារចម្អិនពីផ្ទះឲ្យកូនតាមដែលអាចធ្វើទៅបាន ព្រោះអាហារនៅក្រៅមិនដូចអាហារធ្វើដោយក្នុងផ្ទុះទេ។ មួយវិញទៀត ពេលធ្វើដំណើរ បើអាចគួរតែធ្វើអាហារដូចជាសាំងវិច ឬដាក់ផ្លែឈើទៅញ៉ាំតាមឡាន ជាជាងនំកញ្ចប់ ឬទឹកក្រូចកំប៉ុងអស់នោះ។
- នៅពេលកូនលូតលាស់ធំទៅៗ ផ្តល់ឱកាសឲ្យកូនជ្រើសរើសអាហារប្រចាំថ្ងៃដោយខ្លួនកូនផ្ទាល់ និងឲ្យកូនជួយចម្អិនម្ហូបអាហារ។
- ព្យាយាមឲ្យកូនញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ ល្មមឆ្អែតសម្រាប់មួយពេល និងគួរណែនាំឲ្យកូន មិនត្រូវញ៉ាំច្រើនពេក ឬតិចពេកទេ។
បន្ថែមពីលើនេះ ម៉ាក់ប៉ាគួរចងចាំថា ការបង្កើតទម្លាប់ឲ្យកូនញ៉ាំអាហារល្អ ប្រសើរជាងការជំរុញឲ្យកូនញ៉ាំច្រើនដើម្បីឡើងទម្ងន់គ្រប់តាមស្ដង់ដារ។ ឲ្យកូនញ៉ាំអាហារមានសុខភាពល្អ ហើយញ៉ាំបានត្រឹមត្រូវ កូនយើងនឹងមានទម្ងន់គ្រប់ទៅតាមស្ដង់ដារដោយឯកឯង។ ផ្ទុយទៅវិញ បើយើងបារម្ភរឿងគីឡូរបស់កូននៅតែមិនឡើង ទោះព្យាយាមធ្វើតាមការណែនាំខាងលើនេះ គួរនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យទើបល្អ។
ប្រភព៖ Hello krupet