កំពុងពពោះ! ម៉ាក់ៗធ្វើរឿងទាំងនេះ កូនក្នុងផ្ទៃនឹងរីករាយខ្លាំង សុខភាពក៏ល្អទៀត
អំឡុងពេលកំពុងពពោះ ម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ ប្រៀបបានជាមនុស្សតែមួយ ពុំអាចកាត់ផ្តាច់បានទាំងអារម្មណ៍ ការគិត សុទ្ធតែជាប់ពាក់ព័ន្ធគ្នា ខណៈការសិក្សាចិត្តសាស្ត្របង្ហាញថា អូនៗអាចដឹងពីចិត្តគំនិត និងការប្រព្រឹត្តរបស់ម៉ាក់ៗបានទៀតផង។
ចុះស្រីៗគ្នាយើងកំពុងពពោះ មានធ្លាប់ដឹងថា អូនៗកំពុងគិតអី ធ្វើអីខ្លះអត់ អំឡុងពេលក្នុងផ្ទៃ?
ផ្អែកលើការសិក្សាថ្មីចេញផ្សាយដោយគេហទំព័រ BrightSide កូននៅក្នុងផ្ទៃ អាចទទួលសញ្ញាតាមរយៈចលនារាងកាយ ក៏ដូចជាអារម្មណ៍របស់ម៉ាក់ៗ ដូចនេះយើងគប្បីធ្វើឲ្យអារម្មណ៍ស្រស់ថ្លា និងសកម្មភាពល្អៗ ដើម្បីឲ្យអូនៗទទួលបាន និងមានអារម្មណ៍ល្អៗដូចយើងដែរ។
១. សើច
បេប៊ីចាប់ផ្តើមធ្វើចលនាយ៉ាងល្អ នៅពេលម៉ាក់ៗសើច មានន័យថា បើម៉ាក់ៗផ្ទុះសំណើច បេប៊ីក្នុងផ្ទៃក៏កាន់តែរំញោចដោយភាពរីករាយ។ នេះដោយសារតែទំនាក់ទំនងរវាងសាច់ដុំភ្ជាប់រវាងម៉ាក់ៗ និងបេប៊ី។ នៅពេលសើច អ័រម៉ូនក្តីសុខ បានបញ្ចេញ មានអត្ថប្រយោជន៍ចំពោះបេប៊ី ហេតុនេះ ត្រូវប្រាកដថា យើងខ្លួនឯងអាចបង្កើតអារម្មណ៍ល្អៗ តាមដែលអាចធ្វើបាន។
២. សម្រាក
អំឡុងពេលសម្រាកក្រោយសកម្មភាពប្រចាំថ្ងៃ គឺជាក្តីសុខមួយ ដោយបេប៊ីក្នុងផ្ទៃអាចចាប់ផ្តើមប្រលែងលេងដោយក្តីរីករាយ មានន័យថា ជាពេលបេប៊ីចាប់ផ្តើមរវល់ម្តង ចាប់ផ្តើមលេង និងទទួលអារម្មណ៍ថ្មីៗ។ តែកុំបារម្ភ បេប៊ីជាធម្មតាមិនប្រលែងយូរពេកទេ ហេតុនេះ យើងនៅតែអាចសល់ពេលសម្រាកដដែល។
៣. ហាត់ប្រាណ
គន្លឹះជ្រើសយកលំហាត់ប្រាណស័ក្តិសម អំឡុងពេលមានផ្ទៃពោះនោះ គឺត្រូវតែជាលំហាត់ប្រាណមានសុវត្ថិភាព សមរម្យ និងណែនាំដោយគ្រូពេទ្យជំនាញ។ បេះដូងបេប៊ីចាប់ផ្តើមវិវត្តប្រសើរ និងខ្លាំងក្លា នៅពេលម៉ាក់ៗមានទម្លាប់ហាត់ប្រាណជាប្រចាំ។
៤. ស្តាប់តន្ត្រី
ស្តាប់តន្រ្តីមុនពេលថ្ងៃសម្រាលចូលមកដល់ គឺផ្តល់ផលប្រយោជន៍ច្រើន ព្រោះតន្រ្តីជួយឲ្យរាងកាយផលិតអ័រម៉ូនសេរ៉ូតូនីន និងជំរុញរាងកាយបញ្ចេញអ័រម៉ូនអង់ដូរហ្វីន ដោយអ័រម៉ូនល្អៗទាំងនេះ នឹងបញ្ជូនបន្តទៅដល់បេប៊ីដូចគ្នា។ ផលប្រយោជន៍សម្រាប់កូនក្នុងផ្ទៃ គឺតន្រ្តីជួយជំរុញឲ្យអារម្មណ៍បេប៊ីឆាប់ដឹង និងជួយឲ្យខួរក្បាលវិវត្តបានល្អ។ ត្រូវចាំ ចាក់ភ្លេង ឬតន្រ្តីក្នុងកម្រិតសមល្មមបានហើយ ព្រោះបេប៊ីនៅតែអាចស្តាប់ឮពីក្នុងពោះបាន ឬអាចទៅកន្លែងណាមានសំឡេងធម្មជាតិ ស្តាប់ភ្លេងស្រទន់ៗ ដែលល្អសម្រាប់គភ៌។
៥. ស្តាប់សំឡេងម៉ាក់ៗ
អំឡុងសប្តាហ៍ទី ២៥-២៦ បេប៊ីអាចឮសំឡេងពីខាងក្រៅបាន ហើយសំឡេងម៉ាក់ៗផ្ទាល់ ជាសំឡេងអាចទទួលបានច្បាស់ជាងគេ នឹងគេចាប់ផ្តើមស្គាល់សំឡេងយើងតែម្តង។ សំឡេងម៉ាក់ៗ ក៏ធ្វើឲ្យបេប៊ីក្នុងផ្ទៃមានអារម្មណ៍កក់ក្តៅ ផ្តល់ទំនុកចិត្តថែមទៀតផង។ វិធីមានប្រសិទ្ធភាព ជួយបេប៊ីឆាប់ស្គាល់ ចាំសំឡេងម៉ាក់ៗបានលឿន គឺការអាន និងនិយាយលេងជាមួយគេ។
៦. ការអង្អែលពោះថ្នមៗ
សរសៃប្រសាទរបស់គភ៌ចាប់ផ្តើមវិវត្តនៅអំឡុងសប្តាហ៍ទី ៨ ហើយនៅសប្តាហ៍ទី ២០ បេប៊ីអាចដឹងពីអារម្មណ៍ តាមរយៈការប៉ះថ្នមៗពីក្រៅផ្ទៃ។ អំឡុងពេលនេះ យើងអាចប្រលែងលេងជាមួយកូន ដោយអង្អែលថ្នមៗ ហើយប៉ាៗក៏អាចចូលរួមធ្វើបែបនេះ ព្រោះកាន់តែជួយឲ្យបេប៊ីសប្បាយចិត្ត។
៧. ងូតទឹកក្តៅឧណ្ហៗ
ពេលបេប៊ីក្នុងផ្ទៃមានទំហំធំល្មម ម៉ាក់ៗអាចឃើញចលនាកូននៅលើស្បែកពោះ មានន័យថា បេប៊ីយើង អាចដឹងពីសីតុណ្ហភាពប្រែប្រួលបាន។ ដូចនេះ ងូតទឹកក្តៅឧណ្ហៗ ជួយឲ្យម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ មានអារម្មណ៍ស្ងប់ បន្ធូរភាពតានតឹង ខណៈសំឡេងទឹកហូរ ក៏ជួយឲ្យបេប៊ីមានអារម្មណ៍ល្អផងដែរ។
ត្រូវចាំថា អំឡុងពេលពពោះ ជាពេលយើងគប្បីទទួលបានអារម្មណ៍ល្អៗ ស្រស់ស្រាយក្នុងចិត្ត។ កាន់តែមានអារម្មណ៍ល្អ សុខភាព និងភាពរីករាយរបស់បេប៊ីក្នុងផ្ទៃ ក៏ល្អទៅតាមនោះដែរ។ គប្បីធ្វើរឿងល្អៗ ដើម្បីជាប្រយោជន៍ដល់សុខភាព ទាំងម៉ាក់ៗ និងអូនៗ។
ដកស្រង់ពី៖ Hello គ្រូពេទ្យ