គន្លឹះ៥ ប៉ាម៉ាក់ត្រូវដឹង! បើចង់ឪ្យកូនក្លាយជាក្មេងរៀនឆាប់ចេះ ឆាប់ចាំតាំងពីតូច
ពិតណាស់ ខួរក្បាលរបស់ក្មេងបន្តអភិវឌ្ឍន៍ទៅតាមពេលវេលា ជាទូទៅ កូនត្រូវការការជំរុញទឹកចិត្ត និងអាហារូបត្ថម្ភដ៏ត្រឹមត្រូវ ជាមួយនឹងគន្លឹះក្នុងការរៀន និងលេងផ្សេងៗ។ បន្ថែមពីនេះ កូនក៏ត្រូវការឱកាសជាច្រើន ដើម្បីអនុវត្តអ្វីដែលខ្លួនកំពុងតែរៀនដូចគ្នា។ ទារក និងកុមារតូចៗរៀនឆាប់ចេះបំផុត នៅពេលដែលពួកគេមានទំនាក់ទំនងកក់ក្ដៅ និងការឆ្លើយតបពីប៉ាម៉ាក់។
ដូច្នេះខាងក្រោមនេះជាគន្លឹះជួយឲ្យកូនរៀនឆាប់ចេះដែល ប៉ាម៉ាក់មានតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យកូនរៀនឆាប់ចេះ និងពូកែតាំងតែពីក្មេងមានដូចជាៈ
១. បង្កើតបរិយាកាសរីករាយ
ប្រសិនបើកូនមានបញ្ហាក្នុងការរៀនអ្វីមួយ ចូរណែនាំឲ្យកូនតូចលេងហ្គេម និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងមុខវិជ្ជានោះ ដើម្បីជំរុញចិត្តក្មេង ក៏ដូចជាជួយឲ្យពួកគេអភិវឌ្ឍចំណាប់អារម្មណ៍របស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់ត្រូវសង្កេតមើលពីទម្លាប់រៀនរបស់ក្មេងមួយរយៈ ដើម្បីដឹងថា ពេលណាដែលកូនត្រូវការជំនួយ។
២. ផ្ដល់អាហារូបត្ថម្ភចាំបាច់
ជាក់ស្ដែង អាហារូបត្ថម្ភអាចប៉ះពាល់ដល់សមត្ថភាពផ្លូវចិត្តរបស់កូនដោយផ្ទាល់។ អាហារូបត្ថម្ភល្អៗ អាចជួយបង្កើនការយល់ដឹង និងការផ្ដោតអារម្មណ៍ផ្លូវចិត្ត វិចារណញ្ញាណ និងធ្វើឲ្យក្មេងមានហេតុផល។ លើសពីនេះ របបអាហារមានតុល្យភាពក៏ជួយឲ្យកូនត្រៀមខ្លួនរួចរាល់សម្រាប់ការរៀនសូត្រផងដែរ។ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវប្រាកដថាកូនទទួលបានអាហារូបត្ថម្ភសមស្របទៅតាមវ័យ តាំងពីវ័យក្មេង ជាពិសេសក្នុងរយៈពេលពីរបីឆ្នាំដំបូងនៃជីវិតរបស់ពួកគេ និងកាត់បន្ថយពពួកអាហារដែលមានខ្លាញ់ឆ្អែតខ្ពស់ ដូចជានំឃេក សាច់មានខ្លាញ់ ប៊ឺរ សាច់ក្រក។ល។
៣. រក្សាការផ្ដោតអារម្មណ៍
ការផ្ដោតអារម្មណ៍កាន់តែប្រសើរ អាចនាំឲ្យកូនរៀនកាន់តែឆាប់ចេះចាំ។ ចូររៀបចំបរិយាកាសរៀនរបស់កូន ដោយជៀសវាងការរំខានផ្សេងៗ។ ការអភិវឌ្ឍន៍ការផ្ដោតអារម្មណ៍លើកិច្ចការនៅវ័យក្មេង អាចរួមចំណែកក្នុងការកំណត់អនាគតដ៏ភ្លឺស្វាងរបស់កូនបានយ៉ាងមានប្រសិទ្ធភាព។
៤. ហាត់ប្រាណទៀងទាត់
ជាមួយគ្នានេះដែរ ការហាត់ប្រាណអាចជួយឲ្យផ្លូវកាយ និងផ្លូវចិត្តសកម្ម នេះបើយោងតាមការសិក្សាជាច្រើន។ ដូចនេះហើយ ប៉ាម៉ាក់គប្បីលើកទឹកចិត្តឲ្យកូនហាត់ប្រាណជាទៀងទាត់ ដើម្បីឲ្យកូនសកម្ម ក៏ដូចជារៀនឆាប់ចេះចាំ។
៥. ឲ្យកូនសម្រាកខ្លះ
សូម្បីតែមនុស្សពេញវ័យ ក៏ពិបាកក្នុងធ្វើកិច្ចការអ្វីមួយរាប់ម៉ោង រហូតទាល់តែរួចរាល់ដែរ។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីឲ្យកូនតូចសម្រាកខ្លះ ដើម្បីឲ្យគេរៀនកាន់តែឆាប់ចេះ។ នៅពេលដែលសង្កេតឃើញកូនមានបញ្ហាក្នុងការផ្ដោតអារម្មណ៍ ចូរឲ្យកូនសម្រាកមួយសន្ទុះសិន ទើបចាំរៀនបន្តទៀត។
ដកស្រង់ពី៖ Hello Health Group