ចម្ងល់ម៉ាក់ៗ! កូនទើបកើតបំបៅប៉ុន្មានដងទើបល្អ? ចុះទឹក ត្រូវងូតរាល់ថ្ងៃឬទេ?
ដោយសារកូនទើបតែកើតមកមិនទាន់ដឹងអ្វីទាំងអស់ ចេះត្រឹមតែយំ ដូច្នេះបេប៊ីត្រូវការការមើលថែខ្ពស់ពីម៉ាក់ប៉ា។ ក្នុងនោះម៉ាក់ប៉ាថ្មីថ្មោងមួយចំនួន មិនដឹងថា កូនទើបនឹងកើតអ៊ីចឹងបៅប៉ុន្មានដងទើបឆ្អែត? ត្រូវងូតទឹក១ថ្ងៃប៉ុន្មានដងដែរ? ឬក៏ ២-៣ ថ្ងៃ ចាំងូតឲ្យកូន?
ដើម្បីជាជំនួយខ្លះៗសម្រាក់ម៉ាក់ប៉ាដែលទើបមានកូនលើកដំបូងពេលនេះនឹងលម្អិតពីបញ្ហាទាំងអស់នេះ៖
១. បំបៅដោះ
ទារកទើបនឹងកើតមិនមានកាលវិភាគត្រឹមត្រូវទេ កូនបៅច្រើនដង តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដោយសារតែទំហំក្រពះគេនៅតូចដែរ ដូច្នេះពេលដំបូងៗម៉ាក់ៗមិនបាច់បារម្ភថា អត់មានទឹកដោះឲ្យកូនបៅ ឬបារម្ភខ្លាចកូនម៉ឹមមិនឆ្អែតនោះទេ។ ពេលដំបូងម៉ាក់ៗអាចបំបៅកូនចន្លោះពី ៨-១២ដង គឺពី១ម៉ោងកន្លះ ទៅ២ម៉ោង/ម្តង ឬសង្កេតមើលសញ្ញាដែលបញ្ជាក់ថាកូនឃ្លាន មានលើកដៃ រើខ្លួនចុះឡើង លិឍបបូរមាត់ ម្រាមដៃ ឬយំ។
នៅពេលកូនឈប់បឺតជញ្ជក់ បិទមាត់ ឬគេចចេញពីក្បាលដោះ ឬក្បាលដប មានន័យថាគេឆ្អែតហើយ។
២. ងូតទឹក
ទារកនៅតូចមិនទាន់រឹងដៃរឹងជើង បើមិនធ្លាប់មានបទពិសោធន៍ទេម៉ាក់ៗមួយចំនួនច្បាស់ជាពិបាកបីអូនតូចងូតទឹកបន្តិច។ បើអូនតូចមិនសូវប្រឡាក់ប្រឡូសខ្លួន មិនចាំបាច់ងូតទឹកឲ្យរាល់ថ្ងៃទេ ងូតឲ្យកូនត្រឹម ៤-៥ ដង/សប្តាហ៍ គ្រប់គ្រាន់ហើយ។ បន្ទាប់ពីងូតទឹករួចត្រូវយកកន្សែងស្អាតមកជូតមុខ ក ដៃ និងគូទបេប៊ីឲ្យបានស្អាត ទើបមិនមានបាត់តេរីនិងការរលាកស្បែកកូននៅកន្លៀតកន្លោះ។
ចំពោះ ការកក់សក់វិញម៉ាក់ប៉ាមិនចាំបាច់កក់រាល់ពេលងូតទឹកទេ គួរតែកក់សក់ឲ្យកូន១-២ដង/សប្តាហ៍ បានហើយ។ តែបើស្បែកក្បាលអាអូនមានជាតិខ្លាញ់ច្រើនយើងអាចបន្ថែមការកក់សក់ម្តង ឬ២ដងទៀតបាន។
ដកស្រង់ពី៖ Hello Health Group