ធ្លាប់ឆ្ងល់អត់? ពពោះប៉ុន្មានខែទើបដឹងភេទកូន? ពេលណាកូនចេះកម្រើក?
ពពោះប៉ុន្មានខែទើបដឹងភេទទារកថា ប្រុស ឬស្រី ចុះពេលណាកូនចេះកម្រើក? ចម្ងល់នេះម៉ាក់ៗថ្មីថ្មោងប្រាកដជាចង់ដឹង ដើម្បីឲ្យអស់ចិត្ត និងងាយតាមដានការវិវត្តន៍របស់កូន។
ថ្ងៃនេះយើងនឹងរៀបរាប់លម្អិតពីពេលវេលា ដែលម៉ាក់ប៉ាអាចដឹងភេទរបស់កូន និងការកម្រើកលើកដំបូង៖
១. ពេលណាដឹងភេទទារក
កាលពីសម័យមុន បច្ចេកវិទ្យាមិនសូវទំនើប យើងពិបាកដឹងភេទទារកណាស់ ដឹងតាមរយៈការចំណាំតៗគ្នាពីឥរិយាបថស្រីៗពេល មានផ្ទៃពោះ ដូចជាអាការៈចាញ់កូន ទម្លាប់ ឬចំណីចំណុកដែលម៉ាក់ៗចូលចិត្តជាដើម។ ការចំណាំទាំងនេះមិនប្រាកដថា ទាយភេទកូនត្រូវនោះទេ។
ប៉ុន្តែបច្ចុប្បន្នបច្ចេកវិទ្យាទំនើប មិនពិបាកដឹងភេទរបស់ទារកដូចពីមុនឡើយ ស្រីៗមានផ្ទៃពោះអាចដឹងពីភេទរបស់ទារកបានច្បាស់ដល់ទៅ ៩០% តាមរយៈ ការមើលអេកូនៅចុងត្រីមាសទី ១ ឬដើមត្រីមាសទី២។
២. ពេលណាកូនចេះកម្រើក
ពេលដឹងថាមានកូនដំបូង ម៉ាក់ៗរំភើបម្ដង ដល់ពេលកូនចេះកម្រើកដំបូងម៉ាក់រំភើបម្តងទៀត។ ចំពោះស្រីៗដែលមានធ្លាប់មានកូនពីមុនមក ទារកក្នុងផ្ទៃអាចមានចលនា ឬកម្រើកនៅក្នុងអំឡុងសប្តាហ៍ទី ១៥-១៨។ ចំណែកម៉ាក់ៗដែលទើបមានកូនថ្មីថ្មោងវិញអាចមានរយៈពេលយូរជាងនេះបន្តិច គឺកូនអាចកម្រើកនៅសប្តាហ៍ទី ១៨-២០។
ដំបូងជាការធាក់តិចៗ ដែលអាចឲ្យច្រឡំថាជាការកូរពោះ តែក្រោយមកម៉ាក់ៗនឹងដឹងថា អាអូនធាក់ម្តងហើយម្តងទៀត។ ការកម្រើករបស់កូន បង្ហាញអាអូនផ្ដើមចេះរើ ប្រែខ្លួន រមួលខ្លួន និងធាក់បាន ដែលចលនាទាំងនេះពីដំបូងមានតិចៗ តែនៅពេលអាយុគភ៌កាន់តែច្រើន ចលនារើ ឬធាក់កាន់តែច្រើន ខ្លាំង និងញឹកញាប់ជាងមុនដែរ។
ប្រភព៖ Hello Health Group