អំឡុងពេលពពោះ ម៉ាក់ៗគួរគេងបែបនេះទើបល្អចំពោះម្តាយ និងកូន
មនុស្សស្រីទាំងអស់ពេលពពោះជួបបញ្ហាលំបាកអំឡុងពេលគេង ជាពិសេសពេលពោះកាន់តែធំ ដោយយប់ខ្លះមិនអាចគេងលក់ស្កប់ស្កល់ ត្រូវប្រែទៅប្រែមក។ កាលណាគេងមិនបានគ្រប់គ្រាន់សុខភាពយើង និងគភ៌ក៏មិនប្រសើរដែរ។
តើនៅពេលពពោះគួរគេងបែបណាទើបល្អ?
ដើម្បីងាយគេងលក់ស្កប់ស្កល់ និងការពារសុខភាពកូនក្នុងផ្ទៃ ម្តាយគ្រប់រូបគួរគេង ២ បែបដូចខាងក្រោម៖

១. ការគេងមានកល់ខ្នើយ
បើយើងពិបាកក្នុងការគេងណាស់ អាចយកខ្នើយមកកល់ដាក់ក្រោមជើង ដើម្បីសម្រួលការលំបាកចុករួយជើង ចុករួយចង្កេះ និងជួយឲ្យចលនាឈាមរត់ស្រួល ឬមិនហើមជើង។ យើងក៏អាចបន្ថែមខ្នើយទៅកល់ពីក្រោយខ្នង ដើម្បីកាត់បន្ថយអាការៈឈឺ ឬជាប់ចង្កេះ។

២. ការគេងផ្អៀងចំហៀង
គេងផ្អៀងទៅចំហៀងជាជម្រើសល្អបំផុត ជាពិសេសគឺការគេងផ្អៀងទៅឆ្វេង។ គេងផ្អៀងទៅឆ្វេងអាចជួយពង្រឹងរបត់ឈាមរត់ បង្កើនលំហូរឈាមបានកាន់តែច្រើនដល់គភ៌ បេះដូង និងតម្រងនោម។ មិនតែប៉ុណ្ណោះ វាក៏ជួយការពារ អាការៈក្រហាយដើមទ្រូង និងអាការៈឈឺខ្នង ឈឺចង្កេះបាន ព្រមទាំងជួយសម្រួលលំហូរឈាមទៅក្នុងស្បូន និងបង្កើនសារធាតុចិញ្ចឹម ដល់សុក ដែលនាំឲ្យទារកកាន់តែមានសុខភាពល្អ។

៣. ហាមគេងផ្ងារពោះ
ការគេងបែបនេះស្បួន និងឆ្អឹងខ្នងរបស់អ្នក ច្បាស់ជាត្រូវរងនូវបន្ទុកធ្ងន់ ដោយសារតែទម្ងន់របស់ទារក ជាពិសេសនៅពេលដែលទារកកាន់តែធំជិតគ្រប់ខែ។ ប្រសិនបើអ្នកមានទម្លាប់បែបនេះ អាចនាំឲ្យកើតមានបញ្ហាឈឺចាប់សាច់ដុំ រមួលក្ពើ សម្ពាធឈាមចុះខ្សោយ ហើយទារកមិនអាចទទួលបានឈាមគ្រប់គ្រាន់តាមតម្រូវការឡើយ។

ដកស្រង់ពី៖ Hello Health Group