ទម្លាប់ ៦គ្រូពេទ្យហាមមិនឪ្យធ្វើដាច់ខាត ដែលចាស់ៗតែងធ្វើ
ទោះមកដល់បច្ចុប្បន្នបច្ចេកទេសពេទ្យជឿនលឿនយ៉ាងណាក្ដី តែប្រជាជនខ្មែរខ្លះនៅតែមានជំនឿតាមបែបបុរាណ។ ក្នុងនោះការថែទាំកូន ៦ បែបនេះ ពេទ្យហាមដាច់ខាត ព្រោះវាអាចធ្វើឲ្យកូនទៅជាឈឺថែមទៀតផង។ ទាំងនេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ខាងក្រោមនេះអ្នកនឹងបានស្វែងយល់អំពីវិធីចាស់បុរាណដែលចាស់ៗតែងតែធ្វើ ហើយគ្រូពេទ្យហាមដាច់ខាត៖
១. ហាមបន្តក់ទឹកដោះលើភ្នែកកូន
ម៉ាក់ៗដែលកើតកូនតាមធម្មជាតិ អាអូនមានបញ្ហាភ្នែកច្រើនជាងសម្រាលដោយវះកាត់ តែទោះយ៉ាងណា យើងមិនត្រូវបន្តក់ទឹកដោះលើភ្នែកកូននោះទេ ព្រោះរឹតតែធ្វើឲ្យភ្នែកស្អិត ហើម និងរលាកភ្នែក និងកញ្ចក់ភ្នែក ។ ភ្នែកកូនតូចឈឺ គ្រូពេទ្យបានណែនាំឲ្យបន្តក់សេរ៉ូមប្រៃ។
២. កុំបំបៅកូនទាំងផឹកថ្នាំឫសឈើ និងស្រា
បើម៉ាក់ៗផឹកស្រាថ្នាំ ឬឱសថបុរាណដើម្បីឲ្យសម្បូរទឹកដោះ និងឆាប់រឹងសរសៃអាចប៉ះពាល់ដល់សុខភាពខ្លួនឯង ហើយជាតិអាកុលក៏ចូលទៅក្នុងខ្លួនកូនតាមរយៈទឹកដោះធ្វើឲ្យកូន ហើមពោះ ប៉ោងពោះ និងរាករូស។ រីឯការផឹកថ្នាំឫសឈើវិញ ក៏ផ្ដល់ផលលំបាកដល់កូនមិនខុសពីស្រាប៉ុន្មានដែរ។
៣. ច្របាច់ដោះកូន
ជំនឿរបស់ចាស់ៗសម័យមុន គឺឲ្យតែទារកទើបនឹងកើត ត្រូវច្របាច់ក្បាលដោះកូនឲ្យចេញគ្រាប់ ចៀសវាងពេលធំទៅដោះប្រែជាធំរយីករយាក ឬកើតជំងឺផ្សេងៗនៅកន្លែងនោះ ហើយមិនថាជាកូនប្រុស ឬស្រីឡើយឲ្យតែកើតមក ត្រូវធ្វើបែបនេះភ្លាម។ គ្រូពេទ្យថាជារឿងមិនត្រឹមត្រូវទេ ព្រោះអាចធ្វើឲ្យទារកមានឆ្លងមេរោគ និងបង្កទៅជាដំបៅធ្ងន់ធ្ងរបាន និងឈានរហូតដល់វះកាត់ជាដើម។

៤. ហាមលាបប្រេងកូឡាលើបង្ហើយកូន
ចាស់ៗតែងលាបប្រេងកូឡានៅបង្ហើយកូនង៉ែត ដើម្បីឲ្យបង្ហើយឆាប់រឹង មិនផើតផត។ ជំនឿបែបនេះមិនត្រឹមត្រូវឡើយ ហើយថែមទាំងបង្កផលប៉ះពាល់ដល់ខួរក្បាល ប៉ះពាល់ដល់ផ្លូវដង្ហើមកូន និងមានអាចម៍ក្របីលើក្បាល។
៥. ទំពាចំណីបញ្ចុកកូន
នៅមានម៉ាក់ប៉ាចំនួនតែងទំពាអាហារក្នុងមាត់ខ្លួនរួច បានខ្ជាក់ដាក់ស្លាបព្រាទៅបញ្ចុកកូនត។ ទង្វើបែបនេះពេទ្យហាមដាច់ខាត ព្រោះក្នុងមាត់យើងសម្បូរទៅដោយបាក់តេរីជាច្រើនប្រភេទ មួយវិញទៀតមានជំងឺខ្លះអាចឆ្លងតាមរយៈទឹកមាត់ពីម្ដាយទៅកូនដែរ។

៦. ហាមរោយម្សៅលើផ្ចិតកូន
ក្រោយចេញពីពេទ្យ ម៉ាក់ប៉ាត្រូវថែទាំផ្ចិតកូនឲ្យបានល្អ ដើម្បីបង្ការការឆ្លងរោគ ដោយធ្វើអនាម័យ និងលាងសម្អាតផ្ចិតកូនជាមួយថ្នាំមេតាឌីន មិនត្រូវយកដីដំបូក សំបុកពីពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយមកបិទ ឬរោយពីលើផ្ចិតនោះទេព្រោះវាអាចបណ្តាលឲ្យកូនកើតតេតាណូសបាន។ ផ្ចិតកូនក្មេងនឹងក្រៀមជ្រុះដោយឯកឯងក្នុងអំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល។
ដកស្រង់៖ Medical news for Cambodia