អ្នកម៉ាក់ត្រូវដឹង! កូន​បៅ​ដោះ​​គ្រប់​​ ឬ​​​អត់​ ប៉ាម៉ាក់អាចសង្កេត​មើល​សញ្ញា​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ដោះ​ម្ដាយ​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ទារក​។ ​ពិត​ណាស់​ បើ​កូន​បៅ​​​ទឹក​ដោះ​គោម្សៅ យើង​អាច​ដឹង​​ពី​បរិមាណ​ច្បាស់លាស់​ថា​តើ​កូន​បៅ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​​ទារក​បៅ​ទឹក​ដោះ​ម្ដាយ​វិញ​ ​

តើ​ម៉ាក់​ៗ​អាច​ដឹង​ថា​កូន​បៅ​​គ្រប់គ្រាន់​ដោយ​របៀប​ណា​?

ខាងក្រោមនេះជាសញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​ម្ដាយ​គ្រប់គ្រាន់​ និងមិនគ្រប់គ្រាន់៖

ប្រសិនបើ​អា​អូន​បៅ​ទឹក​ដោះ​គ្រប់គ្រាន់ ម៉ាក់​ៗ​អាច​​សង្កេត​​​ឃើញ​​សញ្ញា​នៃ​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​កូន​ដូច​ខាង​ក្រោម​​​៖

  • ឡើង​ទម្ងន់​៖ ​ជា​ទូទៅ​​ ទារក​អាច​ស្រក​ទម្ងន់​​បន្តិចបន្តួច​នៅ​សប្ដាហ៍​​ដំបូង​ ប៉ុន្តែ​កូន​នឹង​ចាប់ផ្ដើម​ឡើង​ទម្ងន់​វិញ​​ ព្រម​ទាំង​លូតលាស់ក្នុង​ល្បឿន​ធម្មតា។
  • គេង​លក់​ពេញ​មួយ​យប់​៖ ភាគ​ច្រើន​ ទារក​ភ្ញាក់​ញឹកញាប់​ដោយ​សារ​តែ​ពួក​គេ​ឃ្លាន។​ ចំណែក​ឯ​ទារក​ដែល​បៅ​ឆ្អែត នឹង​គេង​លក់​ស្រួល​ពេញ​មួយ​យប់​។
  • នោម​ ឬ​​ជុះ​​​ញឹកញាប់​៖ ជា​មធ្យម​ ទារក​​ទើប​កើត​ជុះ​​ប្រមាណ​៦ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។
  • លេប​ទឹក​ដោះ​៖ ម៉ាក់​ៗ​អាច​លឺ​សំឡេង​កូន​លេប​ទឹក​ដោះ​ និង​ឃើញ​អា​អូន​ជញ្ជក់​ចុង​សុដន់​ នៅ​ពេល​បំបៅ​។ ជា​ទូទៅ ទារក​ឈប់​​បៅ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​ពួក​គេ​ឆ្អែត​។
  • ពណ៌​លាមក​៖ នៅ​ពេល​ដែល​ទារក​ចាប់ផ្ដើម​រំលាយ​ទឹក​ដោះ​ម្ដាយ ពណ៌​​លាមក​របស់​កូន​កាន់​តែ​ស្រាល​ទៅ​ៗ និង​​មាន​លាមក​ទន់។

សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​មិន​គ្រប់គ្រាន់​

  • ងងុយ​គេង​៖ ជា​ធម្មតា ទារក​បៅ​ជា​រៀង​រាល់​៣​ទៅ​៤​ម៉ោង​ម្ដង​។ សម្រាប់​ទារក​ដែល​បៅ​មិន​គ្រប់​វិញ អាច​នឹង​មិន​បៅ​ និង​គេង​បាន​យូរ​ដោយ​​មិន​ចាំបាច់​​បៅ​​ដោះ​។
  • បៅ​ដោះ​រយៈពេល​ខ្លី​៖ រយៈពេល​ធម្មតា​នៃ​ការ​បំបៅ​ដោះ​ទារក​ទើប​កើត​ គឺ​នៅ​ចន្លោះ​ពី​២០ ទៅ​៤៥​នាទី​។
  • ឃ្លាន​បន្ទាប់​ពី​បៅ​រួច៖ ទារក​ជញ្ជក់​មេ​ដៃ ឬ​ម្រាម​ដៃ និង​​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​ បន្ទាប់​ពី​បៅ​រួច​។
  • នោម​ ឬ​ជុះ​តិចតួច និង​មាន​លាមក​ពណ៌​ខ្មៅ​។
  • កូន​មិន​គ្រប់​ទម្ងន់
  • សុដន់​ម៉ាក់ៗ​នៅ​តែ​រឹង​ ក្រោយ​បំបៅ​ដោះ​រួច​។

ដកស្រង់ពី៖ Hello Health Group