កំហុស ៣យ៉ាងម៉ាក់ៗច្រើនធ្វើខុសទាំងមិនដឹងខ្លួនពេលឲ្យកូនបៅម្សៅទឹកដោះគោ

សម្រាប់ម៉ាក់ៗមួយចំនួន ការបំបៅកូនដោយម្សៅទឹកដោះគោ ជាជម្រើសចម្បងស័ក្ដិសមបំផុតចំពោះកូន ឬក៏ជាជម្រើសល្អបំផុតបន្ទាប់ពីផ្ដាច់ដោះ ព្រោះពេលកូនបៅម្សៅទឹកដោះគោ ម៉ាក់ៗមិនចាំបាច់នៅក្បែរកូន ថែមទាំងទំនេរដៃអាចធ្វើកិច្ចការអ្វីផ្សេងបានទៀត។

យ៉ាងណាមិញ ត្បិតតែឲ្យកូនបៅម្សៅទឹកដោះគោផ្ដល់ភាពងាយស្រួល ប៉ុន្តែម៉ាក់ៗមួយចំនួនក៏មានការថ្លោះធ្លោយ បង្កើតជាកំហុសពេលដាក់ឲ្យកូនបៅដែរ ពិសេសកំហុស យ៉ាងខាងក្រោមនេះ។

១. មិនកាន់កំប៉ុងទឹកដោះគោ
ម៉ាក់ៗមួយចំនួន បណ្ដោយឲ្យកូនកាន់កំប៉ុងទឹកដោះគោដោយខ្លួនឯង ពេលអាអូនមិនទាន់រឹងដៃរឹងជើងស្រួលបួលផង។ ការដែលបណ្ដោយឲ្យកូនតូចកាន់កំប៉ុងម្សៅទឹកដោះគោបៅដោយខ្លួនឯង ពិតជាផ្ដល់គ្រោះថ្នាក់ដល់កូនណាស់ ព្រោះពេលកូនឈ្លក់ កូនមិនអាចទាញដបចេញពីមាត់ខ្លួនឯង ហើយការឈ្លក់នោះអាចធ្លាក់ដល់បំពង់ខ្យល់កូនក៏មាន។

២. ដាក់កូនគេងពេលបៅ
បើគិតតាមក្បួនពេទ្យ ការដែលដាក់កូនឲ្យគេងពេលបៅម្សៅទឹកដោះគោ ជាទង្វើខុសឆ្គងមួយ ព្រោះពេលដេកបៅ បំពង់កកូនក៏ផ្ដេកដែរ ហើយពេលកូនបៅគឺងាយនឹងឈ្លក់ ដូចនេះហើយក្មេងជាច្រើនជួបបញ្ហាម៉ឹមរួចក្អែចេញមកវិញអស់ និងពេលខ្លះឈ្លក់ចេញមកតាមច្រមុះទៀត។

៣. បៅភ្លាមដាក់ឲ្យគេងភ្លែត
កំហុសឆ្គងចុងក្រោយនោះគឺ ដាក់ឲ្យកូនគេងភ្លាមៗក្រោយបៅម្សៅទឹកដោះគោរួច ដែលនេះជាទម្លាប់មិនល្អ អាចធ្វើឲ្យកូនភើចេញទឹកដោះគោមកវិញ។ អ្វីដែលម៉ាក់ៗគួរធ្វើនោះ គឺត្រូវលើកកូនបញ្ឈរ និងរឹត ឬទះខ្នងកូនតិចៗ ដើម្បីឲ្យទឹកដោះគោធ្លាក់ចូលទៅក្នុងក្រពះអស់ និងមិនក្អែ ឬភើចេញមកវិញ។

ដកស្រង់ពី៖ Hello Health Group