អ្នកម៉ាក់ត្រូវដឹង! ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ
នៅពេលទារកលូតលាស់ធំទៅ ម៉ាក់ៗសម័យថ្មីត្រូវចេញទៅប្រកបរបរចិញ្ចឹមជីវិត មិនសូវមានពេលបំបៅដោះកូនដោយផ្ទាល់នោះទេ។ ភាគច្រើនគឺម៉ាក់ៗ និយមឲ្យអាអូនបៅទឹកដោះគោម្សៅ ឬប៉ូមទឹកដោះដាក់ក្នុងដបទុកឲ្យកូនបៅ ហេតុនេះហើយទើបម៉ាក់ៗប៉ាគួរតែយល់ដឹងច្បាស់ពីរបៀបដាក់កូនបៅដបទឹកដោះគោត្រឹមត្រូវ និងឥរិយាបថមិនសមរម្យណាគួរចៀសវាង។
តាមពិតទៅ កត្តាគួរធ្វើចម្បងនោះគឺរក្សាដបទឹកដោះគោគ្រប់ផ្នែកទាំងអស់ឲ្យស្អាតជានិច្ច ដើម្បីការពារពពួកបាក់តេរីកកើតបណ្ដាលឲ្យកូនឈឺពេលប្រើ។
ខាងក្រោមនេះអ្នកម៉ាក់នឹងទទួលបានចំណេះដឹងពីរឿងដែលអ្នកគួរធ្វើ និងមិនគួរធ្វើពេលបំបៅកូនដោយដបទឹកដោះ៖
១. ប្រការគួរធ្វើពេលបំបៅកូនដោយប្រើដបទឹកដោះគោ
- ជ្រើសរើសពេលវេលាដែលកូនមិនរករឿង ហើយមិនឃ្លានពេកពេលបំបៅដោយប្រើដបទឹកដោះគោ
- ដាក់ដបនៅមុំមួយ (ផ្អៀងបន្តិច) ជាជាងដាក់ដបត្រង់ឡើងលើចុះក្រោម ដើម្បីឲ្យទឹកដោះគោចេញតែពេលអាអូនបឺតយក
- សម្រាកមួយភ្លែតសិន ពេលឃើញអាអូនហត់ពេលកំពុងបៅ ហើយសឹមបន្តបៅម្ដងទៀត
- ដាក់កូនក្នុងទម្រង់ក្បាលខ្ពស់ជាងខ្លួន
- ឲ្យអាអូនបៅឲ្យស៊ប់ក្បាលដោះជ័រ
- សង្កេតមើលកូនដើម្បីដឹងថាតើកូនឆ្អែត ឬនៅ ទោះបីជាក្នុងដបសល់ទឹកដោះ ឬទឹកដោះគោម្សៅក៏ដោយ។
២. ប្រការមិនគូរធ្វើពេលបំបៅកូនដោយដបទឹកដោះគោ
- ចៀសវាងផ្ដល់ទឹកឲ្យកូនបៅ បើទារកក្រោមអាយុ ៦ខែ (អាចបន្តក់ទឹក ២-៣តំណក់ផ្សើមបំពង់កកូនបាន បើកូនបៅទឹកដោះគោម្សៅ)
- មិនគួរឲ្យកូនកាន់ដបទឹកដោះគោដោយខ្លួនឯង ព្រោះកូនអាចឈ្លក់ ឆ្លងមេរោគក្នុងត្រចៀក ឬកូនអាចបៅច្រើនលើសតម្រូវការ
- ចៀសវាងឲ្យកូនគេងបៅរហូតដល់គេងលក់
- កុំបណ្ដោយឲ្យកូនបៅរហូតដល់អស់ទឹកដោះ ឬទឹកដោះគោពីដប បើឃើញកូនឆ្អែតហើយ គួរឈប់ឲ្យកូនបៅ
- ចៀសវាងឲ្យកូនបៅទឹកដោះ ឬទឹកដោះគោសល់។
ក្នុងករណី ម៉ាក់ប៉ាមានចម្ងល់ណាមួយទាក់ទងនឹងសុខភាពកូន ឬចំណីអាហារដែលកូនញ៉ាំ យកល្អគួរទៅពិភាក្សាយោបល់ពីអ្នកជំនាញត្រឹមត្រូវ ជាជាងធ្វើសកម្មភាពតាមគ្នា ព្រោះក្មេងម្នាក់ៗលូតលាស់ខុសៗគ្នា។
ដកស្រង់ពី៖ Hello Health Group