ប៉ាម៉ាក់ថ្មីថ្មោងតិចអត់ដឹង! កាយវិការទាំង ៥របស់ទារកគឺគេចង់បង្ហាញពីអារម្មណ៍ផ្សេងៗគ្នា
វាគឺជារឿងចាំបាច់ណាស់សម្រាប់លោកប៉ាអ្នកម៉ាដែលទើបតែក្លាយជាឪពុកម្តាយដំបូងៗ ក្នុងការដឹងពីតម្រូវការផ្សេងៗរបស់ទារក នៅពេលដែលពួកគេមិនទាន់អាចនិយាយបាន។ ប៉ាម៉ាក់ត្រូវចេះសម្គាល់ ទៅលើសញ្ញា និងកាយវិការមួយចំនួនដើម្បីដឹងថាកូនត្រូវការអី។
ខាងក្រោមនេះគឺជាអត្ថន័យចំនួន៥ ដែលប៉ាម៉ាក់អាចដឹងតាមរយៈកាយវិការរបស់ទារក៖
១. ធាក់ជើងឡើងលើ
នេះគឺជាសកម្មភាពដំបូងដែលទារកចេះធ្វើ គឺធាក់ដៃ ធាក់ជើង ហើយវាមានន័យថា ពួកគេកំពុងតែរំភើប និងសប្បាយចិត្ត ឬបានឃើញអ្វីមួយដ៏គួរឱ្យចាប់អារម្មណ៍ជាដើម។ ប៉ាម៉ាក់អាចនាំកូនលេង ដូចជា ហៅឈ្មោះ លេងចាប់ចាប ជាដើម ដើម្បីធ្វើឱ្យពួកគេកាន់តែសប្បាយចិត្ត។
២. ពត់ខ្នងកោង
ប្រសិនបើទារកកំពុងបៅ ឬអ្នកព្យាយាមឱ្យអ្វីទៅពួកគេ ហើយពួកគេបែរជាពត់ខ្នងភ្លាមៗ ឬបែរមុខចេញ មានន័យថា ពួកគេមិនត្រូវការទៀតនោះទេ អាចថាឆ្អែត ឬមិនចូលចិត្ត។ ប៉ាម៉ាក់មិនចាំបាច់បង្ខំពួកគេឱ្យបៅ ឬព្យាយាមឱ្យកាន់របស់លេងណាមួយនោះទេ។
៣. ក្តាប់ដៃ
ទារកក្តាប់ដៃគឺមានន័យថាពួកគេកំពុងតែមានភាពតានតឹងក្នុងចិត្ត ឬកំពុងត្រូវការអ្វីមួយ។ ពួកគេអាចឃ្លាន មានអារម្មណ៍មិនស្រួល ឬមានអ្វីធ្វើឱ្យឈឺចាប់ បើទោះបីជាពួកគេមិនបានយំក៏ដោយ។ ដូច្នេះប៉ាម៉ាក់ត្រូវឱ្យទឹកដោះកូនបៅ និងពិនិត្យមើលកន្សែង កន្ទប ក្រែងមានសត្វល្អិតមកខាំកូន។
៤. ជញ្ជក់ម្រាមដៃ
ជាទូទៅនៅពេលដែលទារកចាប់ផ្តើមជញ្ជក់ម្រាមដៃ គឺបញ្ជាក់ថាពួកគេកំពុងតែឃ្លាន ប៉ុន្តែមិនទាន់ឃ្លានខ្លាំងឡើយ។ ន័យម៉្យាងទៀតគឺទារកកំពុងតែសម្ងំគេង ហើយប៉ាម៉ាក់គួរតែចាប់អារម្មណ៍ទៅលើចំណុចមួយនេះ។
៥. យកដៃញីភ្នែក
ការយវិការនេះគឺគ្រាន់តែចង់បង្ហាញប៉ាម៉ាក់ថា ទារកកំពុងតែងងុយគេងហើយ បើមិនព្រមលួងឱ្យបៅ និងដាក់ឱ្យគេងទេ ពួកគេនឹងយំខ្លាំងៗ មិនងាយបាត់ឡើយ៕
ប្រភព៖ firstcry parenting