ត្រៀមឱ្យហើយទៅ! ជិតសម្រាលអ្នកម៉ាក់នឹងជួបរឿងទាំងនេះ

បន្ទាប់ពីឆ្លងកាត់ការលំបាក និងបញ្ហាជាច្រើនមក ទីបំផុតអ្នកម៉ាក់បានពពោះគ្រប់ខែ នៅឡើយតែថ្ងៃសម្រាលប៉ុណ្ណោះ។ នៅសប្តាហ៍ទី ៤០នេះ អ្វីៗត្រូវបានត្រៀមរួចជាស្រេច ទាំងអ្នកម៉ាក់ និងអូនតូចក្នុងផ្ទៃផងដែរ ពោលគឺនឹងចេញមកពិភពខាងក្រៅឆាប់ៗ។ ជាមួយគ្នានេះដែរ តើនឹងមានអ្វីកើតឡើង នៅអំឡុងសប្តាហ៍ចុងក្រោយនៃការពោះរបស់អ្នកម៉ាក់?

ខាងក្រោមនេះគឺជារឿងដែលអ្នកម៉ាក់ពពោះនឹងជួបនៅពេលជិតគ្រប់ខែសម្រាល៖

១.  កូនតូចក្នុងផ្ទៃ
នៅពេលនេះគឺកូនតូចបានលូតលាស់ពេញរូបរាង ហើយខួរក្បាលកំពុងតែអភិវឌ្ឍបន្តយ៉ាងល្អផងដែរ។ ទារកមានទម្ងន់ប្រហែល ៣.៥គីឡូក្រាម និងមានប្រវែងប្រហែល ៥០សង់ទីម៉ែត្រ ប៉ុន្តែទារកអាច​ធំ ឬ​តូច គឺ​អាស្រ័យទៅលើការលូតលាស់របស់ពួកគេ និងស្ថានភាពអ្នកម៉ាក់ផងដែរ។  ទារកនឹងធ្វើការកម្រើកកាន់តែខ្លាំង ដូចជាធាក់ កន្រ្តាក់ដៃជើងជាដើម។

២. រាងកាយអ្នកម៉ាក់
នៅពេលរាងកាយអ្នកម៉ាក់បានត្រៀមរួចរាល់ ក្នុងការសម្រាល ហើយត្រូវប្រាកដថាអ្វីៗត្រូវបានរៀបចំទុកជាស្រេចសម្រាប់ត្រៀមទទួលសមាជិកថ្មី ដែលរង់ចាំយូរមកហើយ។ ស្បូនអ្នកម៉ាក់ចាប់ផ្តើមបើក និងរីកធំ ហើយអ្នកម៉ាក់អាចមានអារម្មណ៍ឈឺចាប់នៅត្រង់ទ្វាមាស ដោយសារតែស្បូនរីក និងអាចនោមញឹកផងដែរ។ បន្ថែមពីនេះ អ្នកម៉ាក់នឹងឈឺខ្នង ឈឺត្រគាក​ ដោយសារតែទម្ងន់ពោះកាន់តែធ្ងន់។ ចំណែកសុដន់អ្នកម៉ាក់អាចហ៊ាសារធាតុរាវពណ៍លឿង ដែលនឹងបញ្ចេញទឹកដោះដំបូងសម្រាប់ទារកពេលកើតមក។ ​

ជាធម្មតាកម្រមានអ្នកម្តាយណាសម្រាលចំថ្ងៃកំណត់ណាស់ ពោលគឺអាចមុន ឬលើសប៉ុន្មានថ្ងៃ ហើយវាគឺជារឿងធម្មតាទៅហើយ ប៉ុន្តែប្រសិនបើកន្លងហួសរហូតដល់ ១២ថ្ងៃ ឬច្រើនជាងនេះ ហើយអ្នកម៉ាក់មិនមានអារម្មណ៍អ្វីសោះ សូមទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ៕

ប្រភព៖ pregnancybirth&baby