ប៉ះពាល់ណាស់! ពពោះមិនត្រូវស្លៀកពាក់តឹងៗទេ ប្រយ័ត្នជួបបញ្ហាទាំងនេះ
អំឡុងពេលពពោះគឺជាពេលដែលស្ត្រីមានការផ្លាស់ប្តូររាងកាយជាច្រើន ដូច្នេះការស្លៀកពាក់គឺជារឿងចាំបាច់ដែលអ្នកម៉ាក់ពពោះត្រូវតែយកចិត្តទុកដាក់។ អ្នកម៉ាក់មិនត្រូវស្លៀកពាក់តឹងណែននោះទេ ព្រោះវាអាចជះឥទ្ធិពលមិនល្អមកលើសុខភាពរបស់ខ្លួន និងការលូតលាស់របស់អូនតូចក្នុងផ្ទៃ។
ខាងក្រោមនេះគឺជាមូលហេតុចំនួន ៤ដែលអ្នកម៉ាក់មិនគួរស្លៀកតឹងក្នុងពេលពពោះ៖

១. ធ្វើឱ្យអ្នកម៉ាក់ក្រហាយទ្រូង
ការស្លៀកសម្លៀកបំពាក់តឹងក្នុងអំឡុងពេលមានផ្ទៃពោះ ជាពិសេសត្រង់ចង្កេះ អាចនាំឱ្យអ្នកម៉ាក់ក្រហាយទ្រូង។ សម្ពាធពីសម្លៀកបំពាក់តឹងអាចរុញទៅលើក្រពះ និងបង្ខំផ្នែកផ្សេងៗឱ្យឡើងលើ ដែលបណ្តាលឱ្យអ្នកម៉ាក់ក្រហាយចុងដង្ហើម។
២. ការឆ្លងមេរោគផ្សិត
អំឡុងពេលមានផ្ទៃពោះ អ្នកម៉ាក់មានការកើនឡើងនៃការបញ្ចេញទឹករំអិលនៅត្រង់ទ្វាមាស។ ដូច្នេះប្រសិនបើអ្នកម៉ាក់ស្លៀកខោ ឬខោត្រនាប់តឹង នឹងបង្ករឱ្យមានការកើនឡើងនៃមេរោគផ្សិត និងបន្តការឆ្លងកាន់តែខ្លាំងផងដែរ។
៣. ធ្វើឱ្យអ្នកម៉ាក់មានការឈឺចាប់
ការស្លៀកសម្លៀកបំពាក់តឹងអាចបង្កឱ្យមានការឈឺចាប់ក្នុងផ្នែកមួយចំនួននៃរាងកាយ អំឡុងពេលមានផ្ទៃពោះ ដូចជាត្រង់ពោះ ទ្រូង និងដៃ។ ជាពិសេសគឺការពាក់អាវត្រនាប់តឹងពេក អាចបណ្តាលឱ្យស្ត្រីឈឺសុដន់ខ្លាំង នៅពេលដែលជិតសម្រាល។

៤. កាត់បន្ថយចរន្តឈាម
ការស្លៀកសម្លៀកបំពាក់តឹងៗ មិនថាមានផ្ទៃពោះ ឬអត់ទេ អាចធ្វើឱ្យឈាមរត់យឺតក្នុងរាងកាយ ។ ក្នុងការមានផ្ទៃពោះដំបូង សរសៃឈាមរបស់ស្ត្រីពង្រីកក្នុងការត្រៀមខ្លួនសម្រាប់បរិមាណឈាម ដែលកើនឡើង ដែលនឹងវិវត្តន៍ដើម្បីផ្គត់ផ្គង់សុក និងទារក។ សម្លៀកបំពាក់តឹងនៅត្រង់ផ្នែកផ្សេងៗ ដូចជា ដៃ និងភ្លៅ អាចកាត់ផ្តាច់ចរន្តឈាម និងបង្កើតអារម្មណ៍ស្ពឹក ឬញាក់។
ជារួមមកវិញអ្នកម៉ាក់គួរតែស្លៀកពាក់ធូរល្មមដែលអាចផ្តល់ភាពងាយស្រួលដល់រាងកាយ និងដើម្បីជៀសវាងផលប៉ះពាល់នាៗផងដែរ ជាពិសេសនោះគឺត្រូវទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម និងវីតាមីនឱ្យបានច្រើន៕
ប្រភព៖ LIVE STRONG.COM