កុំប្រហែស! កាយវិការ ៤ប្រភេទប៉ាម៉ាក់គួរតែប្រុងប្រយ័ត្នចំពោះកូនតូចជាពិសេស
អ្នកមានកូនតូចគួរតែមានការថែទាំឲ្យបានល្អ ហើយកាយវិការប្រឡែងលេងក៏គួរតែមានកម្រិត និងប្រយ័ត្នប្រយែងជាទីបំផុត ជាពិសេសពេលកូនចេះវារ និងដើរតិច វ័យនេះពិតជាលឿនណាស់ ដែលប៉ាម៉ាក់ប្រហែសមិនបាននោះសុទ្ធតែមានគ្រោះថ្នាក់គ្រប់ពេល។
ខាងក្រោមនេះជាកាយវិការ ៤ យ៉ាងនេះប្រយ័ត្នចំពោះកូនតូច ព្រោះអាចគ្រោះថ្នាក់ដល់កូន៖
១. អង្រួនកូន
ការអង្រួនកូន លើកបោះ ឬសំយ៉ុងក្បាលកូនចុះក្រោមមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអាចបណ្ដាលឲ្យក្រឡក ឬប៉ះអង្គិចខួរក្បាល ឈាមហូរចូលខួរក្បាល វិលមុខ រហូតដល់ដាច់សរសៃឈាមក៏មាន ប្រសិនបើនៅតែបន្ត និងធ្វើខ្លាំងទៅៗ។ ម៉ាក់ប៉ាភាគច្រើនធ្វើបែបនេះ ដើម្បីប្រឡែងលេងជាមួយកូនឲ្យសើចសប្បាយ។
២. កុំដាក់កូនគេងផ្កាប់មុខពេលបៅរួច
ពេលទារកគេងផ្កាប់មុខ អាចបណ្ដាលឲ្យកូនតឹងពោះ ពិបាកដកដង្ហើម ហើយពេលខ្លះបើបៅរួចនឹងធ្វើឲ្យក្អួតចេញមកវិញ។ ទោះជាយ៉ាងណា ពេលគេងក៏ម៉ាក់ៗមិនត្រូវដាក់ផ្កាប់មុខឡើយ គួរឲ្យគេគេងផ្អៀងឆ្វេងស្ដាំ។
៣. របស់លេងតូចៗ
កុំបណ្ដោយឲ្យកូនតូចយករបស់ផ្សេងៗដែលអាចដាក់ចូលក្នុងមាត់បាន ដូចជាគម្របដប កូនឃ្លី ។ ការលេងបែបនោះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ អាចបណ្ដាលឲ្យធ្លាក់ចូលក្នុងបំពង់ខ្យល់ រហូតគ្រោះថ្នាក់ដល់ជីវិតទៀតផង។
៤. កុំឲ្យលេងជិតភ្លើង
ពេលដុតធូបទាន មិនគួរឲ្យកូនទៅជិតឡើយ ឬធ្វើឡើងកុំឲ្យកូនឃើញ ព្រោះក្មេងរពិសណាស់ ប្រាកដជាវាទៅលេងរហូតបណ្ដាលឲ្យរលាក។ មិនតែប៉ុណ្ណោះការលេងភ្លើងទៀនអាចបណ្ដាលឲ្យដួលឆាបឆេះរលាក ឬគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិតទៀតផង។
ដកស្រង់ពី៖ Hello Health Group