មុនពពោះត្រូវដឹង! ម៉ាក់ៗពពោះធាត់ខ្លាំងពេក អាចជួបបញ្ហាធំៗទាំងនេះ
ការគ្រប់គ្រងទម្ងន់របស់អ្នកម្តាយក្នុងអំឡុងពេលពពោះគឺពិតជាសំខាន់ណាស់ ព្រោះវាទាក់ទងទៅនឹងសុខភាពរបស់អ្នកម៉ាក់ និងការលូតលាស់របស់ទារកក្នុងផ្ទៃ។
ពេលពពោះ ជាធម្មតាអ្នកម៉ាក់នឹងឡើងទម្ងន់ពី 11 ទៅ 16 គីឡូ ឬតិច និងច្រើនជាងនេះអាស្រ័យលើស្ថានភាពផ្ទាល់ខ្លួន។
តើការធាត់អំឡុងពេលពពោះបង្ករផលប៉ះពាល់អ្វីខ្លះដល់អ្នកម៉ាក់ និងទារកក្នុងផ្ទៃ?
ខាងក្រោមនេះលោកប៉ាអ្នកម៉ាក់នឹងបានជ្រាបច្បាស់អំពីបញ្ហាមួយចំនួននៅពេលអ្នកម៉ាក់ធាត់ខ្លាំង៖
១. ផលប៉ះពាល់ចំពោះអ្នកម្តាយ
- ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ
ស្ត្រីដែលធាត់មានឱកាសកើតជំងឺទឹកនោមផ្អែមខ្ពស់ ដែលវាវិវឌ្ឍន៍អំឡុងពេលមានផ្ទៃពោះ។ តាមការស្រាវជ្រាវបានឱ្យដឹងថា ស្រ្តីដែលធាត់មានការកើតជំងឺទឹកនោមផ្អែមក្នុងពេលពពោះ ច្រើនជាងស្ត្រីដែលមានទម្ងន់ធម្មតា។ - ការឆ្លងមេរោគ
ស្ត្រីដែលធាត់អំឡុងពេលមានផ្ទៃពោះ មានហានិភ័យខ្ពស់នៃការឆ្លងមេរោគតាមផ្លូវតម្រងនោម។ ការធាត់បង្កើនហានិភ័យនៃការឆ្លងមេរោគដែលនឹងវិវឌ្ឍន៍ក្រោយពេលសម្រាលកូន មិនថាទារកត្រូវបានសម្រាលតាមទ្វារមាស ឬដោយការវះកាត់នោះទេ។ - ការរលូតកូន
ធាត់អំឡុងពេលពពោះ ក៏ជាផ្នែកមួយដែលអាចបង្ករហានិភ័យធ្វើឱ្យរលូតកូនផងដែរ។ ជាងនេះទៅទៀតវាក៏ត្រូវបានរាប់បញ្ចូលមួយចំនុចទៀត ដែលអាចធ្វើឱ្យអ្នកម៉ាក់សម្រាលមុនខែ។ - ប្រឈមបញ្ហាពេលសម្រាល
ជាធម្មតានៅពេលដែលស្ត្រីមានទម្ងន់ធ្ងន់ និងធាត់ពេក វាបង្ករជាការលំបាកក្នុងពេលសម្រាល ព្រោះតម្រូវឱ្យអ្នកម៉ាក់ប្រើកម្លាំងជាងស្ត្រីដែលមានទម្ងន់ធម្មតា។ ដូច្នេះអ្នកម៉ាក់អាចត្រូវពឹងថ្នាំជំនួយបន្ថែមកម្លាំង ក្នុងអំឡុងពេលសម្រាល។ - ក្នុងអំឡុងពេលវះកាត់
ភាពធាត់បង្កើនឱកាសនៃផលវិបាកនៅពេលដែលអ្នកម៉ាក់ធ្វើការសម្រាលដោយវះកាត់ ដូចជាការឆ្លងមេរោគ ឬការបាត់បង់ឈាមខ្លាំង។
២. ផលប៉ះពាល់ចំពោះទារកក្នុងផ្ទៃ
- កំណើតមិនគ្រប់ខែ
ចំពោះស្ត្រីដែលធាត់អំឡុងពេលមានផ្ទៃពោះ ទំនងជាមានការសម្រាលមុនកាលបរិច្ឆេទកំណត់3 សប្តាហ៍ ឬនៅសប្តាហ៍ទី 37 នៃការមានផ្ទៃពោះ។ វាត្រូវបានគេស្គាល់ថាជាការកើតមិនគ្រប់ខែ ហើយធ្វើឱ្យទារកមានការអភិវឌ្ឍក្នុងផ្ទៃតិចជាងធម្មតា ព្រមទាំងអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់ទារក។ - ពិការភាពពីកំណើត
ភាពធាត់បង្កើនហានិភ័យនៃពិការភាពពីកំណើតរបស់ទារក។ ពិការភាពពីកំណើត គឺជាលក្ខខណ្ឌសុខភាពដែលទារកកើតមក ហើយអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍ទូទៅរបស់ទារក ដូចជាផ្នែកខួរក្បាល និងឆ្អឹង។ - ទារកកើតមកមានទម្ងន់លើស
ទារកអាចនឹងកើតមកមានទម្ងន់លើសពីធម្មតា ប្រសិនបើអ្នកម្តាយធាត់។ ភាពធាត់អាចធ្វើឱ្យទារកមាខ្លាញ់ច្រើន ហើយវាមិនល្អសម្រាប់សុខភាពរបស់ពួកគេនោះទេ។ - ធ្វើឱ្យទារកឆាប់មានជំងឺ
ភាពធាត់អំឡុងពេលមានផ្ទៃពោះអាចបង្កើនហានិភ័យដល់ទារក ក្នុងការវិវត្តទៅជាជំងឺរ៉ាំរ៉ៃនៅពេលដែលធំឡើង ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម។
ជារួមមកវិញ អ្នកម៉ាក់គួរតែគ្រប់គ្រងទម្ងន់ឱ្យបានល្អ និងទៀងទាត់បំផុត ក្នុងអំឡុងពេលមានផ្ទៃពោះ។ បន្ថែមពីនេះ ត្រូវទទួលទានរបបអាហារឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានវីតាមីន និងសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់មុនពេលសម្រេចចិត្តយកកូន៕
ដកស្រង់ពី៖ Medicover