ប្រយ័ត្នគ្រោះថ្នាក់! បើកូនឈ្លក់ទឹកដោះពេលបៅ ម៉ាក់ៗត្រូវធ្វើបែបនេះ
ទឹកដោះម្តាយគឺជាអាហារមាសទីមួយ និងល្អបំផុតសម្រាប់កូន ដែលផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់សុខភាពរាងកាយ និងការលូតលាស់ខួរក្បាលរបស់ទារក។ ដោយឡែកចំពោះការបំបៅដោះកូនវិញ ក៏ជារឿងងាយៗ និងធម្មតាដែរ ប៉ុន្តែអាចមានពេលខ្លះ អ្នកម៉ាក់អាចជួបបញ្ហាដូចជា អូនតូចមិនព្រមបៅ ឬឈ្លក់ទឹកដោះពេលកំពុងបៅជាដើម។
ដូច្នេះតើត្រូវធ្វើដូចម្តេចទៅ បើកូនកំពុងតែឈ្លក់ទឹកដោះពេលបៅ?
នៅពេលដែលកូនរបស់អ្នកកំពុងឈ្លក់ ឬស្លាក់ទឹកដោះគោ មានវិធីសង្គ្រោះបឋមដែលអាចប្រើ ដើម្បីកុំឱ្យទឹកដោះស្ទះផ្លូវដង្ហើមទារក។ ដោយសារទារកមានរាងកាយខ្ចី តម្រូវឱ្យអ្នកម៉ាក់ប្រុងប្រយ័ត្ន និងថ្នម។
ខាងក្រោមនេះជាគន្លឹះខ្លះៗ ដែលអ្នកម៉ាក់គួរធ្វើ ពេលអូនតូចឈ្លក់ទឹកដោះ៖
វិធីទី១
លើកទារកឡើងដោយទ្រក្បាល ហើយដាក់ដៃនៅលើដើមទ្រូងទារក ដោយពត់ទៅមុខបន្តិច។ បន្ទាប់មកឱ្យនរណាម្នាក់ អាចជាលោកប៉ាដាក់ដៃលើផ្ចិត ឬលើទ្រូងទារក ហើយរុញចូលឱ្យថ្នម។ ត្រូវរុញឱ្យលឿន និងប្រុងប្រយ័ត្នបំផុត។
វិថីទី២
អាចដាក់ទារកឱ្យបែរខ្នងចុះក្រោម ហើយទះខ្នងតិចៗ និងរឺតទ្រូងថ្នមៗ ដើម្បីបើកផ្លូវដង្ហើម។ ត្រូវយកម្រាមដៃពីរ ឬបី រឺតថ្នមៗលើពាក់កណ្តាលខាងក្រោមនៃឆ្អឹងទ្រូង ស្របពេលដែលដៃម្ខាងទៀតត្រូវទ្រក្បាលទារក។ ធ្វើបែបនេះរហូតដល់ទារកបានប្រសើរឡើង និងបាត់ឈ្លក់។
បន្ថែមពីនេះ អ្នកម៉ាក់គួរតែបញ្ឈប់ការបំបៅមួយសន្ទុះ ទោះបីទារកបាត់ឈ្លក់ហើយក៏ដោយ ដើម្បីឱ្យមានដង្ហើមដើរល្អ និងបាត់ហត់សិន។
ចំណាំ៖ ប្រសិនបើធ្វើហើយ ទារកឈ្លក់មិនព្រមបាត់សោះ ឬដល់ថ្នាក់សន្លប់នោះ ប៉ាម៉ាក់ត្រូវត្រូវប្រញ៉ាប់នាំអូនតូច ទៅមន្ទីរពេទ្យភ្លាម ដើម្បីទទួលការជួយសង្គ្រោះពីគ្រូពេទ្យ៕
ដកស្រង់ពី៖ Firstcry Parenting