បកស្រាយចម្ងល់ម៉ាក់ៗ! កុមារប្រើដៃឆ្វេង និងកុមារប្រើដៃស្តាំ មួយណាល្អជាង?
ជាធម្មតាគេសង្កេតឃើញថា ប៉ាម៉ាក់មួយចំនួនតែងតែមានការព្រួយបារម្ភនៅពេលដែលឃើញកូនប្រើប្រាស់ដៃខាងឆ្វេង ជំនួសឱ្យដៃខាងស្តាំ។ ឪពុកម្តាយខ្លះក៏ព្យាយាមផ្លាស់ប្តូរ និងបង្រៀនកូនឱ្យងាកមកប្រើដៃស្តាំវិញផងដែរ ដោយសារតែខ្លាចការប្រើដៃឆ្វេងបង្កឥទ្ធិពលមិនល្អដល់កូន។
ក្នុងអត្ថបទនេះនឹងបង្ហាញលម្អិតថា តើកុមារប្រើដៃឆ្វេងមានផលប៉ះពាល់ឬអត់? ហើយប៉ាម៉ាក់គួរតែផ្លាស់ប្តូរកូនដែរឬទេ?

១. តើកត្តាអ្វីបណ្តាលឱ្យកុមារប្រើដៃឆ្វេង?
- កត្តាហ្សែនដើរតួយ៉ាងសំខាន់ក្នុងការបង្កើតបុគ្គលិកលក្ខណៈ ធ្វើឱ្យទារកមានទំនោរប្រើដៃឆ្វេង ឬដៃស្តាំ
- ការអភិវឌ្ឍន៍គភ៌អំឡុងពេលពពោះ។ ការប៉ះពាល់នឹងកត្តាផ្សេងៗ ឬវត្តមានរបស់អរម៉ូនមួយលើសពីអរម៉ូនមួយទៀត អាចមានឥទ្ធិពលទៅការប្រើប្រាស់ដៃរបស់កូនពេលកើតមក។
- ក្មេងខ្លះរៀនប្រើដៃឆ្វេងតាមប៉ាម៉ាក់ ហើយបង្កើតបានជាទម្លាប់
- ការចែកចាយតាមយេនឌ័ររបស់ឪពុកម្តាយ ក៏មានឥទ្ធិពលមកលើកាប្រើប្រាស់ដៃរបស់កូនផងដែរ
២. តើពេលណាទើបប៉ាម៉ាក់អាចដឹងថាកូនរៀនប្រើដៃឆ្វេង ឬដៃស្តាំ?
ប៉ាម៉ាក់អាចដឹងបានថាកូនរបស់ខ្លួនប្រើដៃឆ្វេង ឬដៃស្តាំ នៅពេលដែលពួកគេមានអាយុប្រហែល 2 ឬ3 ឆ្នាំ ដោយសង្កេតទៅលើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ដូចជា ការចាប់កាន់របស់លេង និងការចាប់ចំណីញ៉ាំជាដើម។ ក្មេងខ្លះអាចបញ្ចេញឱ្យដឹងនៅពេលពួកគេអាយុ 18ខែ។

៣. តើកុមារដែលប្រើដៃឆ្វេងមានផលប៉ះពាល់ដែរឬទេ?
ជារឿងធម្មតាទេ ក្នុងការដែលកូនរបស់អ្នកជ្រើសរើសការប្រើដៃឆ្វេង ឬស្តាំ ហើយវាក៏មិនមានការប៉ះពាលើអ្វីដល់សុខភាព និងការលូតលាស់របស់ពួកគេនោះដែរ។ ជាទូទៅ បើដៃឆ្វេងមានឥទ្ធិពលជាងខាងស្តាំ វាមានន័យថាផ្នែកខាងស្តាំនៃខួរក្បាលមានឥទ្ធិពលជាង ខួរក្បាលផ្នែកខាងឆ្វេង។ វាច្រើនតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពង្រឹងវិចារណញាណ អារម្មណ៍ ការស្រមើលស្រមៃ និងការច្នៃប្រឌិតរបស់កុមារ។
មនុស្សប្រើដៃឆ្វេងក៏ត្រូវបានគេជឿថាមានភាពល្អប្រសើរក្នុងការគិតក្រៅប្រអប់ និងការដោះស្រាយបញ្ហា ដែលវាអាចជាអត្ថប្រយោជន៍ដ៏ធំមួយនៅពេលដែលកូនរបស់អ្នកឈានចូលវ័យសិក្សា។

៤. តើប៉ាម៉ាក់គួរប្តូរទម្លាប់កូន ឱ្យមកប្រើដៃស្តាំវិញឬទេ?
ប៉ាម៉ាក់មិនគួរបង្ខំកូនឱ្យប្រើដៃដែលពួកគេមិនចង់នោះទេ ពោលប្រសិនបើកូនពេញចិត្តប្រើដៃឆ្វេង អ្នកគួរតែបណ្តោយតាមគាត់។ នៅពេលដែលអ្នកបង្ខំកូនឱ្យប្រើដៃដែលខួរក្បាលរបស់ពួកគេមិនបានកំណត់ថាជាដៃលេចធ្លោ នោះនឹងមានឱកាសអាចបង្កផលប៉ះពាល់ដល់ពួកគេទៅលើ រាងកាយ អារម្មណ៍ និងផ្លូវចិត្ត។
ជារួមមកវិញ ការដែលកូនរបស់អ្នកប្រើដៃឆ្វេងវាមិនមែនជាបញ្ហាអ្វីនោះទេ គាត់គ្រាន់តែជ្រើសរើសពីរបៀបដែលងាយស្រួល និងតាមឥទ្ធិពលបញ្ជាមកពីខួរក្បាលតែប៉ុណ្ណោះ។ ប៉ាម៉ាក់គួរលើកទឹកចិត្តកូន និងជួយជម្រុញកូនឱ្យកាន់តែមានភាពជឿជាក់លើខ្លួនឯង៕
ដកស្រង់ពី៖ Firstcry Parenting, Little Ninja Parenting