កុំប្រហែសឪ្យសោះ! ភ្នែកកូនអាចមានគ្រោះថ្នាក់ បើម៉ាក់ៗមិនប្រយ័ត្នរឿង ៣នេះ
ការថែទាំភ្នែកទារក សំខាន់ខ្លាំងណាស់ ដែលម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់ ជាពិសេសម៉ាក់ៗសម្រាលតាមធម្មជាតិ ព្រោះការឆ្លងតាមផ្លូវក្រោម ងាយនឹងឆ្លងបាក់តេរីផ្សេងៗដូចជារលាកភ្នែក ភ្នែកឡើងក្រហម ឬហូរទឹកភ្នែកជាដើម។
តើមានបញ្ហាអ្វីខ្លះដែលអ្នកម៉ាក់ក្រោយសម្រាលត្រូវប្រយ័ត្ន?
ពេលសម្រាល ម៉ាក់ៗក៏មិនត្រូវធ្វើរឿងទាំងនេះលើភ្នែកកូន ព្រោះវាបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពភ្នែកកូន៖

១. មិនត្រូវបន្តក់ទឹកដោះ
ពេលអាអូនឈឺភ្នែក ចាស់ៗ ច្រើនតែឲ្យម៉ាក់ៗ ច្របាច់ទឹកដោះចូលទៅក្នុងភ្នែកកូន តែការធ្វើបែបនេះមិនត្រឹមត្រូវឡើយ បណ្ដាលឲ្យ ស្អិត ខ្ទុះ ហើម និងរលាកកញ្ចក់ភ្នែករបស់ទារក។
២. មិនត្រូវបន្តក់ទឹកដូង
អ្នកខ្លះគេយកទឹកដូងមកបន្តក់ក្នុងភ្នែកកូន ដើម្បីព្យាបាលជំងឺ តែទឹកដូងមិនមែនសម្រាប់យកទៅលាងសម្អាតភ្នែកឡើយ។
៣. មិនត្រូវយកដៃកខ្វក់ប៉ះទារក
ពេលជូតសម្អាត ឬប៉ះទៅលើបរិវេណភ្នែកកូន ម៉ាក់ៗគួរតែលាងសម្អាតដៃ និងកាត់ក្រចកឲ្យបានស្អាតល្អ នោះទើបមិនឆ្លងមេរោគទៅភ្នែកកូន។
នៅពេលភ្នែកទារកមានបញ្ហា សូមយកសេរ៉ូមប្រៃមកលាងភ្នែក ព្រោះវាអាចកាត់បន្ថយជាតិកខ្វក់ក្នុងភ្នែក បន្ទាប់មកយកថ្នាំបន្តក់តាមក្រោយ ទើបល្អចំពោះកូន។
ដកស្រង់ពី៖ Hello Health Group