មិនដែលដឹងសោះ! អំឡុងពេលពពោះ ទារកក្នុងផ្ទៃធ្វើរឿងទាំងនេះរាល់ថ្ងៃ
ជឿជាក់ថាក្នុងអំឡុងពេលពពោះ អ្នកម្តាយគ្រប់រូបតែងតែទន្ទឹងរង់ចាំពេលវេលា និងខិតខំថែរក្សាគភ៍ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃសម្រាល ដើម្បីជួបមុខកូនជាទីស្រឡាញ់។ ជាមួយគ្នានេះដែរ ម៉ាក់ៗដឹងអត់ថា អូនតូចធ្វើអ្វីខ្លះនៅក្នុងផ្ទៃ?
អ្នកម្តាយជាច្រើនប្រាកដមិនធ្លាប់បានដឹងឡើយ ដូច្នេះយើងនឹងលើកយករឿង៧ ដែលអូនតូចតែងតែធ្វើនៅក្នុងផ្ទៃអ្នកម៉ាក់ ក្នុងអំឡុងពេលពពោះ៖

១. ញ៉ាំពីអ្នកម៉ាក់
ត្រង់នេះគឺសំដៅលើការស្រូបយកអាហារ ដែលជាសារធាតុចិញ្ចឹម និងអុកស៊ីហ្សែន តាមរយៈសុកអ្នកម៉ាក់ ដើម្បីអូនតូចរីកលូតលាស់។ អ្វីដែលអ្នកម៉ាក់ញ៉ាំ អូនតូចក៏ទទួលបានដូចគ្នាដែរ ដូច្នេះគួរជ្រើសរើសអាហារដែលល្អ និងមិនមានសុវត្ថិភាព។
២. ស្តាប់
ក្នុងអំឡុងត្រីមាសទី 2 អូនតូចមានការលូតលាស់គ្រប់គ្រាន់ ដែលអាចលឺសំឡេងនៅខាងក្រៅស្បូន។ ហើយគ្រប់អ្វីដែលអូនតូចបានឮច្បាស់ជាងគេ សំឡេងរបស់ម៉ាក់។
៣. ជញ្ជក់មេដៃ
ការជញ្ជក់មេដៃគឺជាទម្លាប់របស់ទារក ហើយអ្នកម្តាយជាច្រើនប្រហែលជាធ្លាប់ឃើញកូនជញ្ជក់ម្រាមដៃតូចដ៏គួរឱ្យស្រលាញ់។ ការពិតទម្លាប់នេះ អូនតូចធ្វើតាំងពីនៅក្នុងផ្ទៃអ្នកម៉ាក់មកម៉្លេះ ហើយជាញឹកញាប់ទៀតផង។

៤. ធាក់ ឬទាត់
ចំពោះអ្នកម៉ាក់ថ្មីថ្មោងដែលពពោះជាលើកដំបូង ប្រាកដជាមានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលដែលអូនតូចក្នុងពោះកម្រើក និងធាក់ខ្លាំងៗលើកដំបូង។ វាជាធម្មតាទេ នៅពេលដែលអូនតូចធំធាត់ក្នុងពោះ ពួកគេនឹងធ្វើចលនាផ្សេងៗ។
៥. ទារកមានសុបិន្ត
វាអាចជារឿងមិនគួរឱ្យជឿ ប៉ុន្តែអ្នកស្រាវជ្រាវគិតថាវាអាចទៅរួចដែលទារករបស់អ្នកមានសុបិនដំបូង នៅពេលគាត់នៅក្នុងផ្ទៃម្តាយ។
៦. អភិវឌ្ឍគ្រប់ពេលវេលា
ជាការពិតណាស់ ទារកក្នុងស្បូន ដែលស្ថិតក្នុងផ្ទៃអ្នកម្តាយគឹតែងតែរីកលូតលាស់គ្រប់ពេលវេលា ចាប់តាំងពីថ្ងៃដំបូងហូតដល់ថ្ងៃសម្រាល ហើយក៏បន្តលូតលាស់បន្ទាប់ពីសម្រាលផងដែរ។ បន្ថែមពីនេះ ក៏ត្រូវការជំនួយមិនអាចខ្វះបាន ពីអ្នកម៉ាក់ផងដែរ។

៧. បង្វិលខ្លួនម្តងបន្តិច
ទារកបង្វិលទីតាំងម្តងបន្តិចៗនៅក្នុងផ្ទៃអ្នកម៉ាក់ រហូតដល់ពេលសម្រាល និងត្រូវទីតាំងផងដែរ។ ដែលក្បាលចុះក្រោម និងបែរមុខចេញឆ្ងាយពីពោះ ដែលជាទីតាំងសុវត្ថិភាពក្នុងការសម្រាល។
ជឿម៉ាក់ៗប្រាកដជាញញឹមបន្ទាប់ពីបានអានអត្ថបទខាងលើនេះ ក្រោយបានដឹងហើយថាអូនតូចពិតជាពូកែ និងមានសមត្ថភាពអាចធ្វើរឿងជាច្រើន តាំងពីនៅក្នុងផ្ទៃ។ បន្ថែមពីនេះ ម៉ាក់ៗត្រូវថែរក្សាសុខភាពឱ្យបានល្អ និងសម្រាក គេងឱ្យបានគ្រប់គ្រាន់ ដើម្បីជម្រុញឱ្យអូនតូចកាន់តលូតលាស់បានល្អ និងឆ្លាតវៃ៕
ដកស្រង់ពី៖ BABY BLANKETS