កូនហើមពោះកើតញឹកណាស់! តើប៉ាម៉ាក់គួរដោះស្រាយបែបណា?
ជាការពិតណាស់ ម៉ាក់ៗតែងតែមានការព្រួយបារម្ភទាក់ទងទៅនឹងបញ្ហាកូនហើមពោះ ជាពិសេសចំពោះទារកតូចៗដែលកើតឡើងញឹកញាប់។ ភាគច្រើនវាបណ្តាលមកពីការលេបខ្យល់ច្រើនចូលទៅក្នុងពោះ អំឡុងពេលបៅ និងអាហារដែលអ្នកម៉ាក់ទទួលទាន ឬដោយសារម្សៅទឹកដោះគោជាដើម។
ដូច្នេះតើម៉ាក់ៗគួរធ្វើដូចម្តេច នៅពេលអូនតូចហើមពោះមិនព្រមបាត់?
ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗ សម្រាប់ការពារ និងដោះស្រាយនៅពេលទារកហើមពោះ៖
១. រឺតខ្នង
ដោយសារការហើមពោះ ភាគច្រើនគឺបណ្តាលពីមានខ្យល់ចូលទៅក្នុងពោះរបស់កូនតូច ប៉ុន្តែអ្នកម៉ាក់អាចប្រើប្រាស់វីធីដោយការរឺត និងទះខ្នងតិចៗគឺជាវិធីដ៏ល្អក្នុងការជួយបញ្ចេញខ្យល់ពីក្នុងពោះកូនរបស់អ្នក។
២. ដាក់កូនឱ្យវារលេងផ្កាប់ញឹកញាប់
វាគឺជារឿងសាមញ និងល្អក្នុងការដែលដាក់កូនរបស់អ្នកឱ្យលេងផ្កាប់លើពោះញឹកញាប់ ព្រោះសម្ពាធទន់ៗ និងចលនាសង្កត់ទៅលើពោះ អាចបញ្ចេញខ្យល់ និងសម្រាលខ្យល់នៅក្នុងពោះរបស់ពួកគេបាន។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយសម្រួលដល់សាច់ដុំរបស់ទារកផងដែរ។
៣. ធ្វើចលនាឱ្យកូន
ដាក់កូនរបស់អ្នកឱ្យគេងផ្ងារ ហើយបង្វិលជើងរបស់ពួកគេថ្នមៗ ដូចចលនានៃការធាក់កង់។ ចលនានេះនឹងជួយរុញខ្យល់ឱ្យចេញពីពោះរបស់ពួកគេ។
៤. ឱ្យកូនបៅឱ្យបានល្អ
ប្រសិនបើអាច អ្នកម៉ាក់គួរតែព្យាយាមបំបៅដោះកូនឱ្យបានមុនពេលដែលពួកគេយំ ពីព្រោះនៅពេលដែលយំ ទារកនឹងលេបខ្យល់ច្រើនចូលទៅក្នុងពោះ ដែលបណ្តាលឱ្យហើមពោះ។
៥. របបអាហារម្តាយ
បើសិនជាកូនបៅដោះម្តាយ តែបែរជាឧស្សាហ៍ហើមពោះ នោះមូលហេតុច្បាស់ជាមកពីរបបអាហាររបស់ម្ដាយហើយ ដូច្នេះម៉ាក់គួរតែជ្រើសរើសរបបអាហារឱក្យបានត្រឹមត្រូវ ដែលមិនប៉ះពាល់ដល់សុខភាពរបស់កូន។
អ្នកម៉ាក់គួរតែមានការប្រុងប្រយ័ត្នទៅលើរបបអាហារដែលខ្លួនទទួលទាន ពិសេសអំឡុងពេលដែលបំបៅដោះកូនដោយទឹកដោះ ជាពិសេសមួយទៀតកំប៉ុងម្សៅទឹកដោះគោដែលមិនមានទប់ខ្យល់ចូល ដូច្នេះនៅពេលកូនរបស់អ្នកបៅវានឹងមានខ្យល់ចូល ព្រោះវាអាចធ្វើឱ្យកូនហើមពោះបាន។
ដកស្រង់ពី៖ RMC Health System