គ្រោះថ្នាក់ណាស់! កូនមានសញ្ញាទាំងនេះ គេកំពុងថប់ដង្ហើមហើយ
ទារកទើបកើតត្រូវការកាថែរទាំយ៉ាងដិតដល់ពីប៉ាម៉ាក់ព្រោះតែអូនតូចកំពុងស្ថិតក្នុងវ័យលូតលាស់បន្ថែម ហើយអ្វីៗក៏នៅក្មេងខ្ចីផងដែរ។ ប៉ាម៉ាក់ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើចំណុច ឬសញ្ញាមួយចំនួន ព្រោះវាអាចបញ្ជាក់ថាទារកត្រូវការជំនួយ ពិសេសចំពោះប៉ាម៉ាថ្មីថ្មោង។
ជាមួយគ្នានេះដែរ Parenting Tip នឹងបង្ហាញប៉ាម៉ាក់ពីសញ្ញាមួយចំនួន ដែលអាចបញ្ជាក់ថា ទារកកំពុងតែថប់ដង្ហើម និងត្រូវការជំនួយ៖
១. បបូរមាត់ ឬស្បែករបស់ទារកប្រែជាពណ៌ខៀវ
សញ្ញាមួយក្នុងចំណោមសញ្ញាប្រាកដបំផុត ដែលអាចបញ្ជាក់ថាទារកកំពុងថប់ដង្ហើម គឺស្បែករបស់ទារកដែលមានពណ៌ខៀវ។ ប្រសិនបើមានសញ្ញានេះ វាប្រាកដជាមានអ្វីមួយដែលរារាំងទារកមិនឱ្យទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់។
២. ទារកពិបាកយំ ឬយំមិនលឺសំឡេង
ទារកនឹងយំប្រសិនបើពួកគេមានបញ្ហា ដូចជាឃ្លាន ឬមានសត្វល្អិតខាំ ប៉ុន្តែប្រសិនបើទារករបស់អ្នកមើលទៅដូចជាកំពុងយំ ហើយបែរជាគ្មានសំឡេងទេ វាអាចជាសញ្ញាថាគាត់កំពុងថប់ដង្ហើម ហើយប៉ាម៉ាក់ត្រូវប្រុងប្រយ័ត្ន។
៣. ទារកមើលទៅពិបាកដកដង្ហើម ឬត្រូវប្រឹងដកដង្ហើម
ប្រសិនបើកូនរបស់អ្នកមើលទៅពិបាកក្នុងការដកដង្ហើម ឬដកដង្ហើមធំ វាអាចជាសញ្ញាថាពួកកំពុងថប់ដង្ហើម។ ប្រសិនបើទារកនៅតែអាចក្អកបាន វាអាចទៅរួចដែលថាផ្លូវដង្ហើមមិនត្រូវបានបិទទាំងស្រុងនោះទេហើយប៉ាម៉ាក់គួរតែ ឱ្យទារកក្អកដើម្បីសម្អាតផ្លូវដង្ហើម ។
៤. ទារកហាក់ដូចជាភ័យស្លន់ស្លោ
ប្រសិនបើទារករបស់អ្នកចាប់ផ្តើមញ័រដៃ ឬហាក់ដូចជាមានទុក្ខព្រួយ ឬភ័យស្លន់ស្លោ វាអាចជាសញ្ញាព្រមាននៃការថប់ដង្ហើម។
ប្រសិនបើប៉ាម៉ាក់ឃើញអូនតូចមានសញ្ញាខាងលើនេះ ត្រូវតែមានការប្រុងប្រយ័ត្ន ហើយបើគិតថាទារកកំពុងតែថប់ដង្ហើមហើយ គួរប្រញ៉ាប់រកជំនួយជាបន្ទាន់ ឬទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលដល់អូតូចឱ្យបានឆាប់៕
ដកស្រង់ពី៖ infantCPR