ប្រយ័ត្នប៉ះពាល់ដល់កូន! ម៉ាក់ៗមានកូនតូចហាមយកទឹក ៤ប្រភេទនេះឆុងឪ្យកូនសោះ

ពេលដែលយើងឮពាក្យថា “ឆុងទឹកដោះគោឲ្យកូន” យើងគិតថាសាមញ្ញណាស់ គ្មានអីស្មុគស្មាញគ្រាន់តែយកម្សៅទឹកដោះគោ ដាក់ចូលដប ហើយចាក់ទឹកចូលទៅរួចរាល់បាត់ទៅហើយ។ ប៉ុន្តែមានដឹងអត់ ទឹកប្រភេទណាល្អសម្រាប់ការឆុងទឹកដោះគោឲ្យកូន ប្រើទៅយើងមិនបារម្ភពីបញ្ហាសុខភាព?

ខាងក្រោមនេះនឹងបង្ហាញជូនចំពោះអ្នកម៉ាក់មានកូនតូចអំពីទឹកដែលអ្នកគួរជ្រើសរើសសម្រាប់ឆុងទឹកដោះគោកូន៖

១. ទឹកដែលល្អសម្រាប់ឆុងដោះគោកូន
លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បានបញ្ជាក់ថា ក្បូនពេទ្យ ទឹកដែលល្អសម្រាប់ក្មេង គឺទឹកដាំពុះ ទើបមិនបារម្ភរឿងកូនរាករូស ឬមានបញ្ហាសុខភាពផ្សេងទៀត។ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបញ្ជាក់ថា ទឹកប្រភពណាក៏ដោយ ត្រូវតែដាំឲ្យពុះ ព្រោះអីកម្តៅមកពីទឹកពុះអាចសម្លាប់មេរោគបានទាំងអស់។ ចំណុចពិសេសមួយទៀតនោះ បើសិនជាម៉ាក់ប៉ាឆុងម្សៅទឹកដោះគោជាមួយទឹកក្តៅឧណ្ហៗ កូនតូចក៏អាចចៀសពីបញ្ហាទល់លាមកទៀត។

២. ចុះបើយើងទៅឆ្ងាយអត់មានទឹកដាំពុះ អាចប្រើទឹកផ្សេងឆុងទឹកដោះគោជំនួសបានអត់?
យោងតាមអង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា វិធីដែលមានសុវត្ថិភាពបំផុតក្នុងការឆុងទឹកដោះគោឲ្យកូនគឺការប្រើប្រាស់ទឹកដាំពុះ និងទុកឲ្យត្រជាក់មិនតិចជាង ៧០% (ទុកឲ្យនៅក្ដៅឧណ្ហៗ)។ ប៉ុន្តែប្រសិនបើម៉ាក់ប៉ាមិនអាចដាំទឹកឲ្យឆុងទឹកដោះគោបាន យើងអាចរៀបចំទឹកដោះគោឲ្យកូនដោយប្រើទឹកស្អាត និងមានសុវត្ថិភាព ដែលមានសីតុណ្ហភាពធម្មតា និងឆុងហើយត្រូវប្រើភ្លាមៗ។

អង្គការសុខភាពពិភពលោក បន្តទៀតថា ចំពោះទឹកដោះគោកូនក្មេងដែលឆុងដោយប្រើទឹកស្អាតធម្មតា មិនមែនជាទឹកដាំពុះ មិនត្រូវរក្សាទុកប្រើសម្រាប់ពេលក្រោយទេ។ ប្រសិនបើអាអូនបៅទឹកដោះគោនៅសល់ ត្រូវចាក់ចោលឲ្យអស់ មិនគួរឲ្យកូនបៅតទៀតឡើយ។

៣. ទឹកដែលម៉ាក់ប៉ាមិនគួរយកមកឆុងទឹកដោះគោឲ្យកូន
ជាធម្មតាមានទឹកខ្លះអ្នកម៉ាក់មិនអាចយកឆុងទឹកដោះគោឱ្យអាអូននោះទេ ព្រោះវាអាចមានមេរោគដែលអាចបង្កបញ្ហាសុខភាពដល់កូន។ ទឹកដែលអ្នកម៉ាក់មិនគួរយកឆុងដោះគោឱ្យអាអូនមាន ៤ ប្រភេទគឺ៖
ទី១- ទឹកដាំច្រើនដង
ទី២- ទឹកម៉ាស៊ីនច្រោះ
ទី៣- ទឹកទុកចោលយូរ មានដី ឬកម្ទេចកំទីហុយចូល
ទី៤- ទឹកមានជាតិរ៉ែខ្ពស់

ជារួមមកវិញ ការប្រើប្រាស់ទឹកសម្រាប់ឆុងដោះគោកូនគឺពិតជាសំខាន់ណាស់ ហើយអ្នកត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ពោលបើអាច គួរតែប្រើទឹកដាំពុះឱ្យកូនជាប្រចាំទើបជាការល្អ៕

ដកស្រង់ពី៖ Hello Health Group