ប្រយ័ត្នខូចរាង! ម៉ាក់ៗពពោះមានទម្លាប់បែបនេះ ធ្វើឱ្យខូចរាងក្រោយសម្រាលមិនខាន
ជាធម្មតាក្នុងអំឡុងពេលពពោះ ស្ត្រីមានការផ្លាស់ប្តូរច្រើន ក្នុងនោះមានទាំងផ្លូវអារម្មណ៍ ផ្លូវចិត្ត និងរាងកាយទាំងខាងក្នុងនិងខាងក្រៅ។ ជាមួយគ្នានេះដែរអំឡុងពេលមានផ្ទៃពោះ ប្រសិនបើស្ត្រីមានផ្ទៃពោះមានទម្លាប់នេះ យកល្អគួរតែផ្លាស់ប្តូរវាទៅ ក្រែងក្រោយពេលសម្រាលកូនរួច វានឹងធ្វើឲ្យអ្នកខូចរាង ហើយរូបរាងរបស់អ្នកកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

១. ទម្លាប់នៅយប់ជ្រៅ
ការគេងយប់ជ្រៅពេលមានផ្ទៃពោះនឹងមានផលអាក្រក់ជាច្រើនដល់រាងកាយរបស់ម្តាយ។ ព្រោះថា ការចូលគេងយឺតនឹងធ្វើឱ្យដំណើរការមេតាបូលីសរបស់ស្ត្រីមានផ្ទៃពោះដំណើរការលឿន និងបង្កើនបន្ទុកលើរាងកាយ។ បើទម្លាប់នេះបន្តយូរទៅវាប៉ះពាល់ដល់សុខភាព ព្រមទាំងធ្វើឱ្យស្បែកស្លេក និងស្ងួត។
២. អង្គុយស្ងៀម
អំឡុងពេលមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះជាច្រើនតែងតែគិតថា ត្រូវការសម្រាកឱ្យបានច្រើន ហើយគ្រួសារក៏ផ្តល់អាទិភាពផងដែរ។ ប៉ុន្តែការនៅតែមួយកន្លែងដោយមិនមានសកម្មភាពអ្វីសោះ គឺមិនល្អឡើយ ហើយវាក៏ធ្វើឱ្យរាងកាយអ្នកម្តាយខូចទ្រង់ទ្រាយផងដែរ។
៣. មិនយកចិត្តទុកដាក់លើរបៀបស្លៀកពាក់
អ្នកម្តាយជាច្រើនមានការធ្វេសប្រហែសក្នុងការស្លៀកពាក់ពេលពពោះ។ ពេលមានផ្ទៃពោះ សុដន់រីកធំ ធ្វើឱ្យស្ត្រីមានអារម្មណ៍មិនស្រួល ហើយស្ត្រីខ្លះជ្រើសរើសមិនពាក់អាវទ្រនាប់ ដែលវានឹងធ្វើឱ្យសុដន់បាត់បង់ការទ្រទ្រង់ និងយារធ្លាក់ ក្រោយពេលសម្រាល ។

៤. មិនអើពើនឹងទម្ងន់
ស្ត្រីមានផ្ទៃពោះជាច្រើនគិតថាការមានគភ៌នឹងត្រូវការសារធាតុចិញ្ចឹមច្រើនដើម្បីចិញ្ចឹមទារក ដូច្នេះទើបញ៉ាំច្រើន។ ការញ៉ាំអាហារពេលមានផ្ទៃពោះនឹងធ្វើឱ្យរាងកាយការប្រែប្រួលខ្លាំង ដូច្នេះហើយត្រូវមានការយកចិត្តទុកដាក់ទៅលើទម្ងន់ ព្រោះថាក្រោយពេលសម្រាលកូនរួច នៅលើដងខ្លួនមិនអាចរឹតបន្តឹងភ្លាមៗបានទេ។
៥. ញ៉ាំមិនបានគ្រប់គ្រាន់ ឬមិនបានញ៉ាំត្រឹមត្រូវ
ការទទួលទានពិតជាសំខាន់ណាស់សម្រាប់ស្ត្រីពពោះ ហើយអ្នកម្តាយត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារឱ្យបានល្អ។ ត្រូវប្រាកដថាអ្នកម៉ាក់បានញ៉ាំអាហារទៀងទាត់ ត្រឹមត្រូវ និងមានតុល្យភាព ដែលរាងកាយត្រូវការ មិនលើសពេក ហើយក៏មិនខ្វះដែរ។
ជារូមមកវិញ ការថែទាំសុខភាពក្នុងអំឡុងពេលពពោះគឺសំខាន់ណាស់ ហើយអ្នកម្តាយគួរតែប្រយ័ត្នទៅលើចំណុចមួយចំនួន ពិសេសគួរជៀសវាងទម្លាប់ទាំង ៥ខាងលើនេះ ដើម្បីកុំឱ្យខូចរាងក្រោយពេលសម្រាល៕
ដកស្រង់ពី៖ PAMAK TODAY