ម៉ាក់តិចអត់ដឹង! ទារកទើបកើតគួរប្តូរខោទឹកនោមប៉ុន្មានដងក្នុងមួយថ្ងៃទើបល្អ?
ការប្រើប្រាស់ខោទឹកនោមកូនគឺជារឿងចាំបាច់ ដែលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ ជាពិសេសចំពោះទារកតូចដែលទើបកើត ព្រោះវាអាចបង្កជាបញ្ហា កន្ទួលរមាស់ រោល ប្រសិនបើម៉ាក់ប្រើប្រាស់ឱ្យអាអូនមិនត្រឹមត្រូវ។ ដូច្នេះតើទារកគួរផ្លាស់ប្តូរខោទឹកនោមប៉ុន្មានដងក្នុងមួយថ្ងៃទើបល្អ?
ក្នុងអត្ថបទនេះ នឹងបង្ហាញម៉ាក់ៗពីការប្រើប្រាស់ខោទឹកនោមចំពោះទារក ទៅតាមអាយុររបស់កូន៖
ជាការពិតណាស់ ការផ្លាស់ប្តូរខោទឹកនោមចំពោះទារកគឺអាចមានចំនួនតិច ឬច្រើនជាងគ្នាបន្តិចក្នុងមួយថ្ងៃ អាស្រ័យទៅលើអាយុ និងការបន្ទោបង់ ឬនោមរបស់ពួកគេ។ ចំពោះទារកទើបកើតអាចត្រូវការផ្លាស់ប្តូរច្រើនដងក្នុងមួយថ្ងៃ ដោយសារតែពួកគេឆាប់នោមច្រើន។
១. ទារកទើបកើតរហូតដល់អាយុមួយខែ
ទារកទើបកើតក្រោមមួយខែ អាចប្រើខោទឹកនោមច្រើនជាង បើប្រៀបធៀបទៅនឹងទារកដែលមានវ័យលើសនេះ។ ក្នុងវ័យនេះ អ្នកម៉ាក់គួរផ្លាស់ប្តូរខោទឹកនោមតូចៗឱ្យកូនចន្លោះ ពី 8 ទៅ 12ដង ឬលើសពីក្នុងមួយថ្ងៃ ដោយសារតែទារកអាចមានការបត់ជើងច្រើនដង និងនោមញឹកបន្ទាប់ពីបៅរួច។
២. ទារកអាយុ១ ខែ ដល់ ៥ខែ
ចំពោះទារកដែលមានអាយុមួយខេឡើងប៉ាម៉ាក់អាចម្គាល់បានថា ពួកគេមិនសូវនោម ឬជុះច្រើនដូចពីមុនទៀតឡើយ ក៏ប៉ុន្តែក៏នៅតែទាមទារឱ្យម៉ាក់ផ្លាស់ប្តូរខោទឹកនោមញឹកដែរ ដើម្បីការពារមេរោគ កន្ទួល រមាស់ផ្សេងៗ។ ក្នុងវ័យនេះ អ្នកម៉ាក់គួរផ្លាស់ខោទឹកនោមអាអូនចន្លោះ ពី 8 ទៅ 10ដងក្នុងមួយថ្ងៃ និងអាសលើឬតិចជាងនេះ អារស្រ័យលើអាអូន។
៣. ចាប់ពី ៥ខែ រហូតដល់ ១ឆ្នាំ
នៅពេលនេះអូនតូចចាប់ផ្តើមកាន់តែធំហើយ ចំណែកការបត់ជើង ឬនោមក៏កាត់បន្ថយដែរ ហើយម៉ាក់ក៏កាន់តែងាយស្រួលក្នុងកាតថែទាំផងដែរ។ ដូច្នេះ ក្នុងមួយថ្ងៃ ម៉ាក់អាចប្តូរខោទឹកនោមឱ្យអាអូនចន្លោះពី 6 ទៅ 8 ជាការល្អណាស់។
៤. ទារកអាយុមួយឆ្នាំឡើយ
ក្នុងវ័យនេះ ទារកភាគច្រើនត្រូវបានកាត់បន្ថយការប្រើខោទឹកនោមស្ទើរតែពាក់កណ្តាល បើធៀបទៅពេលដែលទើបសម្រាល ដោយក្នុងមួយថ្ងៃអាចឱ្យអ្នកម៉ាក់ប្តូរ ពី ៥ ទៅ ៦ដងប៉ុណ្ណោះ ឬតិចជាងនេះទៅតាមក្មេងនីមួយៗ។
៥. តើនឹងមានអ្វីកើតឡើងប្រសិនបើម៉ាក់មិនបានប្តូរខោទឹកនោមឱ្យអាអូនត្រឹមត្រូវ?
ជាការពិតណាស់ ប្រសិនបើម៉ាក់ប្តូរខោទឹកនោមឱ្យកូនមិនបានគ្រប់គ្រាន់ នោះទឹកនោមក៏ដូចជាលាមកអាអូននឹងបង្ករជាមេរោគកន្ទួល រមាស់ និងរលាក ឬឡើងពណ៍ក្រហមត្រង់គូទអាអូនមិនខាន។ ដូច្នេះម៉ាក់ត្រូវមានការយកចិត្តទុកដាក់ឱ្យបានល្អ៕
ដកស្រង់ពី៖ Munchkin