មានដែរជួបអត់? ពពោះចេះតែឈឺត្រគាកមិនឈប់ គួរដោះស្រាយដោយវិធីណា?
ឈឺត្រគាកពេលពពោះ កើតមានញឹកញាប់ណាស់ ពិសេសអំឡុងពេលត្រីមាសទី៣ និងជិតសម្រាល។ បញ្ហាឈឺចាប់នេះ ដោយសាររាងកាយផ្លាស់ប្តូរ ត្រៀមខ្លួនសម្រាល។ ប៉ុន្តែករណីខ្លះ ក៏មានមូលហេតុផ្សេងទៀត។
ខាងក្រោមនេះជាវិធីដោះស្រាយពេលការឈឺចាប់៖
១. មូលហេតុឈឺត្រគាកពេលពពោះ
អំឡុងពេលពពោះ ប្រព័ន្ធមុខងារក្នុងអាងត្រគាកមួយចំនួន មានការផ្លាស់ប្តូរ ដើម្បីត្រៀមខ្លួនសម្រាប់ការសម្រាលកូន។ ប្រព័ន្ធក្នុងខ្លួនចាប់ផ្តើមបញ្ចេញអ័រម៉ូនដោយស្វ័យប្រវត្តិ ដែលទទួលខុសត្រូវក្នុងការធ្វើឲ្យជាលិកាតភ្ជាប់ធូរ និងទន់ ហេតុនេះសន្លាក់ និងសរសៃពួររវាងឆ្អឹង និងឆ្អឹងអាងត្រគាក ចាប់ផ្តើមមានសភាពធូរ អាចបត់បែនបាន ក៏ជាហេតុធ្វើឲ្យស្រីមានឈឺខ្នងនៅផ្នែកខាងក្រោម ផ្លាស់ប្តូរឥរិយាបថ និងស្បូនធ្ងន់ជាងមុន។ អាការៈចុក ឬឈឺចាប់ក្នុងត្រគាក មិនអាចចៀសវាងបានទេ។
ករណីផ្សេងទៀត ឈឺត្រគាកអាចបណ្តាលមកពីជំងឺ Sciatica ដែលកើតឡើងនៅពេលមានសម្ពាធកើនឡើងនៅលើសរសៃប្រសាទ Sciatic។ ពេលស្បូនរីកធំ ក៏អាចដាក់សម្ពាធលើសរសៃប្រសាទ Sciatic ទាំងពីរ ដែលរត់នៅកំភួនជើងទៅបាតជើង ដូច្នេះ យើងនឹងមានអារម្មណ៍ឈឺចាប់ ស្ពឹក ឬមានអារម្មណ៍ឈឺចាក់ៗនៅគូទ ត្រគាក និងភ្លៅ។ ជំងឺ Sciatica កើតមានធម្មតាលើស្ត្រីមានផ្ទៃពោះ។
អំឡុងពេលត្រីមាសទី២ យើងអាចនឹងឈឺសរសៃពួរដូចគ្នា ធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលនៅក្នុងពោះ ត្រគាក និងក្រលៀន បើប្តូរឥរិយាបថ ឬផ្លាស់ទីភ្លាមៗ។
២. វិធីដោះស្រាយឈឺត្រគាកពេលពពោះ
ហាត់ប្រាណសមស្រប អាចជួយបន្ថយការឈឺចាប់បាន ដូចជា គេងឲ្យត្រង់ខ្លួនរយៈពេល ២-៣ នារី ដោយលើកត្រគាកឲ្យដល់កម្ពស់ទ្រូង អាចងូតទឹកក្តៅ ឬស្អំទឹកក្តៅនៅកន្លែងឈឺ។ កាន់តែជិតដល់ថ្ងៃសម្រាល ស្រីៗក៏កាន់តែមិនស្រួល នៅពេលគេង ដូច្នេះអាចកាត់បន្ថយសម្ពាធនៅលើត្រគាក តាមរយៈការគេងចំហៀងដោយបត់ជើង និងជង្គង់ ហើយបើចាំបាច់ អាចប្រើខ្នើយ ភួយដើម្បីទ្រពោះ និងជើង។
៣. ស្ថានភាពទាមទារការព្យាបាល
ករណីមួយចំនួន ការឈឺចាប់ធ្ងន់ធ្ងរ អាចបង្ហាញពីសញ្ញាកូនកើតមិនគ្រប់ខែ (កូនកើតមុនសប្តាហ៍ទី៣៧) ដោយយើងអាចមានអារម្មណ៍ថាធ្ងន់នៅអាងត្រគាក ហើយរាលដាលទៅភ្លៅ មានឈឺខាងក្រោមពោះ ឈឺឆ្អឹងខ្នងផ្នែកខាងក្រោម ដោយគ្មានភាពធូរស្រាល ទោះជាបានផ្លាស់ប្តូរឥរិយាបថក៏ដោយ កន្ត្រាក់ស្បូនភ្លាមៗរៀងរាល់ ១០ នាទី និងមានហូរឈាមពណ៌ផ្កាឈូក ឬពណ៌ត្នោតចេញតាមទ្វារមាស។ ករណីនេះ ប្រញាប់ទៅពេទ្យឲ្យបានលឿនបំផុត។
ដកស្រង់ពី៖ Hello Health Group