មិនបាច់ភ័យទេ! ម៉ាក់ៗពពោះធ្វើបាន ៧ចំណុចនេះកូនលូតលាស់ណាស់
ជាទូទៅ ក្មេងក្រិនគឺដោយសារតែពួកគេជួបបញ្ហាលូតលាស់តាំងតែពីនៅក្នុងពោះម្តាយមកម៉្លេះ ដែលក្នុងនោះអាចដោយម្តាយមិនបានផ្តល់សារធាតុចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់ ពិសេសគឺទៅលើរបបអាហារដែលអ្នកម្តាយទទួលទានតែម្តង។ ហើយវាក៏បូករួមទាំងក្រោយពេលអូនតូចសម្រាលផងដែរ។
ជាមួយគ្នានេះដែរក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកអំពីរឿងទាំងដែលម្តាយត្រូវធ្វើអំឡុងពេលពពោះ ដើម្បីឱ្យកូនកើតមកមានសុខភាពល្អ មិនក្រិន និងមានកម្ពស់ខ្ពស់៖

១. ទទួលអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់
អ្នកម្តាយត្រូវប្រាកដថាខ្លួនទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់ ពីអាហារដែលបរិភោគប្រចាំថ្ងៃ ដែលមាន អាស៊ីតហ្វូលិក កាល់ស្យូម ជាតិដែក វីតាមីន D និងប្រូតេអ៊ីន។ បន្ថែមពីនេះ អ្នកម្តាយក៏ត្រូវផឹកទឹកឱ្យបានច្រើនផងដែរ ដើម្បីការពាររាងកាយពីការខ្សោះជាតិទឹក។
២. លេបថ្នាំគ្រាប់មុនពេលសម្រាល
ប្រសិនបើអ្នកម៉ាក់គិតថា មិនបានទទួលសាធាតុចិញ្ចឹមពីអាហារគ្រប់គ្រាន់ទេ គួរញ៉ាំអាហារបំប៉នជំនួយ ដោយពិភក្សាជាមួយគ្រូពេទ្យ។ អាហារបំប៉នអាចផ្តល់អាស៊ីតហ្វូលិក វីតាមីន និងកាល់ស្យូមដល់អ្នកម្តាយបានគ្រប់គ្រាន់ ដើម្បីជំនួយដល់កូនក្នុងផ្ទៃ។
៣. ជៀសវាងជំងឺឆ្លង
ជំងឺឆ្លងមួយចំនួនចំពោះស្ត្រីមានគភ៌ អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូចជាខួរក្បាលចុះខ្សោយ និងក្រិន។ ដូច្នេះអ្នកម្តាយត្រូវមានអនាម័យខ្ពស់ ដើម្បីកុំឱ្យឆ្លងមេរោគ និងបាក់តេរីផ្សេងៗ។
៤. ហាមដាច់ខាតជក់បារី និងផឹកស្រា
មធ្យោបាយដ៏ល្អបំផុត ដើម្បីការពារការក្រិនចំពោះកុមារគឺបញ្ឈប់ការជក់បារី ការផឹកស្រា និងគ្រឿងញៀនមុនពេលមានផ្ទៃពោះ ឬអំឡុងពេលមានផ្ទៃពោះ ព្រោះវាមានជាតិពុលខ្ពស់ណាស់ដែលបំផ្លាញការលូតលាស់របស់កូន និងសុខភាពរបស់អ្នក។

៥. សម្រាក និងគេងឱ្យបានគ្រប់គ្រាន់
អ្នកម្តាយគួរសម្រាក និងគេងឱ្យបានគ្រប់គ្រាន់ ពី 7 ទៅ 9ម៉ោងដែលល្អសម្រាប់សុខភាពខ្លួន និងកូន ហើយទីតាំងគេងដែលល្អ គឺគេងផ្អៀងមកឆ្វេង។ បន្ថែមពីនេះ អ្នកម្តាយមិនត្រូវតានតឹង និងគិតច្រើនពេកទេ។
៦. ពិនិត្យសុខភាពជាប្រចាំ
អ្នកត្រូវពិនិត្យស្ថានភាពរបស់អ្នកទៅកាន់គ្រូពេទ្យឱ្យបានទៀងទាត់ ដើម្បីធានាថាទារកមានការវិវឌ្ឍត្រឹមត្រូវតាមអាយុគភ៌ និងសារធាតុអ្វីខ្លះដែលត្រូវបន្ថែម។ គ្រូវពេទ្យក៏អាចជួយបាន ប្រសិនបើមានអ្វីមិនប្រក្រតី។
៧. ធ្វើសកម្មភាពរាងកាយជាប្រចាំ
អ្នកម្តាយមិនគួរនៅតែមួយកន្លែង ដោយមិនថ្វើអ្វីសោះនោះឡើយ។ រាងកាយមានសកម្មភាពត្រឹមត្រូវ ឈាមរត់បានរលូន ហើយលំហូរនៃសារធាតុចិញ្ចឹមទៅកាន់ស្បូនក៏នឹងប្រសើរឡើងផងដែរ ដើម្បីឱ្យទារកក្នុងផ្ទៃមានសុខភាពប្រសើរឡើង។
ជារួមមកវិញ ក្នុងអំឡុងពេលពពោះគឺសំខាន់ណាស់ ដូច្នេះអ្នកម្តាយត្រូវមានការប្រុងប្រយ័ត្ន និងទទួលទានរបបអាហារឱ្យបានត្រឹមត្រូវ ពិសេសគឺគេងឱ្យបានគ្រប់គ្រាន់ ព្រមទាំងរីករាយឱ្យបានច្រើន ដើម្បីជំនួយដល់សុខភាពខ្លួនឯង និងការលូតលាស់របស់អូនតូចក្នុងផ្ទៃ៕
ដកស្រង់ពី៖ HelloSehat