បណ្តោយមិនបានទេ! ម៉ាក់ៗពពោះគួរធ្វើដូចម្តេចដើម្បីឪ្យខ្លួនគ្រប់គីឡូស្តង់ដា?
ការគ្រប់គ្រងទម្ងន់អំឡុងពេលពពោះគឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយជាទូទៅអ្នកម្តាយនឹងឡើងគីឡូនៅពេលដែលពោះកាន់តែធំ និងជិតគ្រប់ខែ។ ក៏ប៉ុន្តែវាមិនល្អឡើយ ប្រសិនបើអ្នកឡើងទម្ងន់ខ្លាំងពេក ឬធាត់ពេក ព្រោះវាអាចប៉ះពាល់ដល់សុខភាពគភ៏ និងរាងកាយរបស់អ្នកម៉ាក់ក្រោយពេលសម្រាល។
ជាធម្មតាអំឡុងពេលពពោះ ស្ត្រីនឹងឡើងទម្ងន់ចន្លោះ ពី ១១ គីឡូ ទៅ ១៦គីឡូ ឬតិច និងច្រើនជាងនេះទៅតាមស្ថានរបស់អ្នកម្តាយជាក់ស្តែង។
ក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកម្តាយពីវិធីក្នុងការការពារការឡើងទម្ងន់ខ្លាំងពេក នៅអំឡុងពេលពពោះ៖
១. រក្សាទម្ងន់ឱ្យបានល្អមុនពេលមានផ្ទៃពោះ
វាជារឿងសំខាន់ណាស់ដែលអ្នកម្តាយត្រូវគិតគូររឿងទម្ងន់មុនពេលចាប់ផ្តើមពពោះ ព្រោះវានឹងផ្តល់ភាពងាយស្រួល ព្រមទាំងសុខភាពល្អផងដែរ ពោលគឺមិនត្រូវស្គមពេក ឬធាត់ពេក។ អ្នកអាចពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើមប្បីឱ្យរាងកាយត្រៀមខ្លួនបានល្អ ក្នុងការពពោះ។
២. ញ៉ាំអាហារមានតុល្យភាព
អ្នកម្តាយគួរជ្រើសរើសអាហារដែលមានតុល្យភាព និងមានអាហារូបត្ថម្ភខ្ពស់ ដូចជាប្រូតេអ៊ីន ជាតិសរសៃ ដើម្បីជំនួយដល់ខ្លួនឯង និងកូនក្នុងផ្ទៃ។ របបអាហារត្រឹមត្រូវក៏ជួយគ្រប់គ្រប់ទម្ងន់ និងរាងកាយអ្នកម្តាយផងដែរ។
៣. ធ្វើលំហាត់ប្រាណទៀងទាត់
ការធ្វើលំហាត់ប្រាណកម្រិតមធ្យម និងទៀងទាត់អំឡុងពេលមានផ្ទៃពោះ ជួយគ្រប់គ្រងទម្ងន់របស់អ្នកម៉ាក់បានយ៉ាងល្អ។ គួរពិភាក្សាជាមួយគ្រូពេទ្យ មុនពេលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណ ដើម្បីជ្រើសរើសលំហាត់ប្រាណដែលល្អ និងត្រឹមត្រូវ។
៤. ផឹកទឹកឱ្យបានច្រើន
ការផឹកទឹកអាចជួយក្នុងការរក្សាការឡើងទម្ងន់ឱ្យក្នុងកម្រិតអប្បបរមា អំឡុងពេលមានផ្ទៃពោះ។ ទឹកមានលក្ខណៈសម្បត្តិដែលអាចជួយក្នុងការរំលាយអាហារ និងរក្សាជាតិទឹកក្នុងរាងកាយអ្នកម្តាយ។ ស្ត្រីមានផ្ទៃពោះ គួរញ៉ាំទឹកឱ្យបានយ៉ាងហោចណាស់ ២លីត្រក្នុងមួយងថ្ងៃទើបល្អ។
៥. ញ៉ាំតិចៗ តែញឹកញាប់
អ្នកម្តាយមិនគួរញ៉ាំពេកលើសពីអ្វីដែលរាងកាយត្រូវការនោះទេ ហើយក៏មិនគួរញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនដែរ ព្រោះវាជាដើមហេតុបណ្តាលឱ្យឡើងគីឡូងលឿន និងលើសទម្ងន់។ ប្រសិនបើអ្នកឃ្លាន អាចញ៉ាំច្រើនដង គឺជម្រើសល្អមួយ។
ជារួមមកវិញ ការរក្សា និងគ្រប់គ្រងទម្ងន់គឺសំខាន់ណាស់ក្នុងអំឡុងពេលពពោះ ហើយអ្វីដែលអ្នកម្តាយគួរតែយកចិត្តទុកដាក់ដែរនោះ គឺទៅលើរបបអាហារ និងសកម្មភាពប្រចាំថ្ងៃ ព្រមទាំងសម្រាកឱ្យបានគ្រប់គ្រាន់ ក៏ដូចជារក្សាផ្លូវចិត្តឱ្យល្អផងដែរ៕
ដកស្រង់ពី៖ Babycenter