តាមពិតអឹចឹងសោះ! កូនតូចចេះតែគេងភ្ញាក់ពេលយប់គឺដោយសារមូលហេតុទាំងនេះ
ការគេងសំខាន់ណាស់សម្រាប់មនុស្សទូទៅ និងរិតតែសំខាន់ថែមទៀតសម្រាប់កូនតូចរបស់អ្នក។ ជាធម្មាការគេងរបស់ក្មេងតូចៗ គឺមិនដូចមនុស្សឡើយ គឺពួកគេឆាប់គេង ហើយក៏ឆាប់ភ្ញាក់ដែរ ជាពិសេសគឺពេលយប់ដែលជាកង្វល់របស់ប៉ាម៉ាក់គ្រប់រូប។
អូនតូចឧស្សាហ៍ភ្ញាក់គឺមានមូលហេតុជាច្រើន ហើយអត្ថបទនេះនឹងបង្ហាញប៉ាម៉ាក់ឱ្យបានដឹង៖

១. អ្វីបណ្តាលឱ្យកូនឧស្សាហ៍ភ្ញាក់នៅពេលយប់?
ទារក និងក្មេងធំបន្តិចសឹងតែទាំងអស់គឺតែងតែភ្ញាក់ច្រើនដងនៅពេលយប់ ហើយវាគឺមានមូលហេតុជាច្រើន ជាពិសេសនៅពេលដែលអូនតូចមានអារម្មណ៍មិនល្អ ឬស្ថិតនៅក្នុងបរិយាកាសអាប់អួរ ដែលបណ្តាលឱ្យភ្ញាក់ និងយំរករឿងប៉ាម៉ាក់។ មូលហេតុដែលអូនតូចភ្ញាក់មានដូចជា៖
- ភ័យខ្លាច
- ឃ្លាន
- គេងថ្ងៃច្រើនពេក
- យល់សប់អាក្រក់
- អាអូនដុះធ្មេញ ពិសេសធ្មេញថ្គាម
- ការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃ ដូចជាការផ្តាច់ដោះ ការញ៉ាំអាហារថ្មីៗជាដើម
- ការប្រើឧបករណ៍អេឡិចត្រូវនិចច្រើនពេក

២. តិចនិកដោះស្រាយនៅពេលកូនភ្ញាក់នៅពេលយប់
- រកមូលហេតុ និងដោះស្រាយផ្អែកតាមមូលហេតុជាក់ស្ដែង។ ក្មេងម្នាក់ៗមានមូលហេតុភ្ញាក់នៅពេលយប់ផ្សេងៗគ្នា។ ប៉ាម៉ាក់គប្បីវាយតម្លៃអំពីស្ថានភាព កំណត់មូលហេតុជាក់លាក់ និងរកដំណោះស្រាយឲ្យបានត្រឹមត្រូវ។
- ទុកពេលឲ្យកូនរៀនទម្លាប់ខ្លួន៖ ចូរឲ្យកូនគេងលក់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែ បើអាអូនទើបតែចេះដើរតេះតះ ប៉ាម៉ាក់គប្បីអង្អែលខ្នងកូនថ្នមៗ ដោយជៀសវាងលើកបីកូន ឬដាក់កូននៅលើភ្លៅ។
- មានការអត់ធ្មត់៖ ការបង្កើតទម្លាប់គេងដ៏ត្រឹមត្រូវចំពោះក្មេងទើបចេះដើរតេះតះ ទាមទារឲ្យមានការអនុវត្តបន្ថែម។
៣. តិចនិកកុំឲ្យកូនតូចភ្ញាក់នៅពេលយប់
ភាគច្រើន ការភ្ញាក់នៅពេលយប់ចំពោះកូនតូចកើតឡើងនៅក្នុងរយៈពេលខ្លី និងអាចបង្ការបាន។ ប៉ាម៉ាក់អាចអនុវត្តតាមតិចនិកខាងក្រោមនេះ ដើម្បីជួយឲ្យកូនគេងលក់ស្រួល។
- ធ្វើជាគំរូដល់កូន ដោយការគេងទៀងទាត់ម៉ោង។
- អនុវត្តតាមទម្លាប់គេងប្រចាំថ្ងៃ ដូចជាការងូតទឹកក្ដៅឧណ្ហៗ ដុសសម្អាតធ្មេញ និងអានសៀវភៅរឿងឲ្យកូនស្ដាប់នៅម៉ោងដដែល ដើម្បីឲ្យកូនមានអារម្មណ៍ធូរស្រាល និងឆាប់គេងលក់។
- ជៀសវាងឲ្យកូនមើលទូរទស្សន៍ ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកដទៃទៀត នៅអំឡុងពេលគេង ពីព្រោះអាចប៉ះពាល់ដល់ការគេងរបស់ក្មេង។
ជារួមមកវិញប៉ាម៉ាគួរយកចិត្តទុកដាក់ទៅលើការគេងរបស់កូនឱ្យបានល្អ ពិសេសអូនតូចដែលកំពុងរៀនដើរតេះតះ ព្រោះជាពេលដែលពួកគេត្រូវអភិវឌ្ឍ និងជួបបញ្ហាដំណេកច្រើន៕
ដកស្រង់ពី៖ What to expect HelloKurpet