មិនដែលដឹងសោះ! ទទួលផ្លែប៉ែសពេលពពោះ ទទួលបានអត្ថប្រយោជន៍ច្រើនណាស់
ផ្លែប៉ែសត្រូវបានគេមើលឃើញថា ជាផ្លែឈើមួយប្រភេទដែលផ្តល់ប្រភពជំនួយច្រើន ដល់ស្ត្រីពពោះ ដោយសារតែវាសម្បូរវីតាមីន ជាតិសរសៃ និងសារធាតុចិញ្ចឹមច្រើន ដែលល្អសម្រាប់សុខភាពអ្នកម្តាយ និងកូនក្នុងផ្ទៃ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពមួយចំនួននៃការទទួលទានផ្លែប៉េសអំឡុងពេលមានផ្ទៃពោះ៖

១. សម្បូរទៅដោយវីតាមីន C
ផ្លែប៉ែសផ្ទុកទៅដោយវីតាមីន C ដែលវាជួយស្រូបជាតិដែក កាត់បន្ថយភាពស្លេកស្លាំងអ្នកម្តាយ ព្រមទាំងមានសារៈសំខាន់ក្នុងការបង្កើតជាលិការបស់ទារក ការបង្កើតឆ្អឹង ធ្មេញ សរសៃឈាម ឆ្អឹងខ្ចី និងសាច់ដុំផងដែរ។
២. សម្បូរប៉ូតាស្យូម
ប៉ូតាស្យូមមានប្រយោជន៍សម្រាប់រក្សាតុល្យភាពជាតិទឹកល្អបំផុតនៅក្នុងរាងកាយទាំងម្តាយ និងទារក។ វាជួយទប់ទល់នឹងបញ្ហាមានផ្ទៃពោះទូទៅដូចជា អស់កម្លាំង រមួលក្រពើ និងហើម។ ជាងនេះទៅទៀត ប៉ូតាស្យូមនៅក្នុងផ្លែប៉េសក៏ជួយកាត់បន្ថយការថប់បារម្ភ ធ្លាក់ទឹកចិត្ត និងការផ្លាស់ប្តូរអារម្មណ៍ចំពោះស្ត្រីមានផ្ទៃពោះផងដែរ។
៣. ជាតិសរសៃអាហារ
ស្ត្រីមានផ្ទៃពោះងាយនឹងមានបញ្ហាក្រពះពោះវៀន ដូចជាការទល់លាមក ការមិនរំលាយអាហារ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត។ ការទទួលទានផ្លែប៉ែស អំឡុងពេលមានផ្ទៃពោះនឹងរក្សាចលនាពោះវៀនបានល្អ និងកាត់បន្ថយការរំលាយអាហារ និងការទល់លាមក ព្រោះវាសម្បូរជាតិសរសៃច្រើ។

៤. អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិកមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ផ្លែប៉ែសមានផ្ទុកអាស៊ីតហ្វូលិកយ៉ាងច្រើន ដែលសាកសមសម្រាប់ស្ត្រីពពោះ ទទួលទាន ក្នុងបរិមាណសមរម្យ។
៥. ចំណុចគួរប្រយ័ត្នពេលទទួលទានផ្លែប៉ែសនៅអំឡុងពេលមានផ្ទៃពោះ
ទោះបីជាផ្លែប៉ែសល្អបែបនេះក្តី ប៉ុន្តែវាក៏មានផ្នែកប៉ះពាល់ខ្លះៗផងដែរ ប្រសិនបើអ្នកម្តាយទទួលទានមិនបានត្រឹមត្រូវ។ អ្នកម្តាយគួរប្រយ័ត្នចំណុចទាំងនេះ៖
- ចំពោះអ្នកម្តាយដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ គួរជៀសវាងផ្លែប៉ែស
- ផ្លែប៉ែសដែលទទួលទានច្រើនហួសពេកអាចបង្កើនសីតុណ្ហភាពរាងកាយធម្មតាអំឡុងពេលមានផ្ទៃពោះ និងបណ្តាលឱ្យមានការហូរឈាមមួយចំនួន។
- ត្រូវចិតសម្បក និងលាងឱ្យបានស្អាត ព្រោះសម្បកផ្លែប៉ែសអាចបង្កឱ្យមានអាឡែស៊ីបំពង់ក
ជារួមមកវិញអ្នកម្តាយគួរទទួលទានផ្លែប៉ែស នៅអំឡុងពេលមានផ្ទៃពោះ ព្រោះវាជួយបានច្រើន។ បន្ថែមពីនេះ អ្នកម្តាយគួរពិសារឱ្យត្រូវ និងក្នុងបរិមាណសមស្រប ជៀសវាងផលប៉ះពាល់នានា៕
ដកស្រង់ពី៖ Firstcry Parenting