ម៉ាក់ៗមានដែលដឹងអត់! ពពោះញ៉ាំគ្រាប់ល្ង អាចជួយអ្វីដល់អ្នកម៉ាក់បានខ្លះ?

ក្នុងអំឡុងពេលពពោះ អ្នកម្តាយត្រូវយកខចិត្តទុកដាក់ និងតប្រុងប្រយ័ត្នខ្ពស់ចំពោះការជ្រើសរើសអាហារបរិភោគប្រចាំថ្ងៃ ព្រោះអ្វីដែលអ្នកញ៉ាំមួយចំនួន អាចនឹងប៉ះពាល់ដល់សុខភាពរបស់អ្នកម៉ាក់ និងទារកក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ មានពាក្យជាច្រើននិយាយថា ការញ៉ាំគ្រាប់ល្ងច្រើនអាចបណ្តាលឱ្យរលូតកូន។ តើវាជាការពិតទេ?

ដើម្បីស្រាយចម្ងល់ម៉ាក់ ក្នុងអត្ថបទនេះ នឹងបកស្រាយឱ្យបានច្បាស់៖

១. តើស្ត្រីមានផ្ទៃពោះអាចទទួលទានគ្រាប់ល្ងបានដែរឬទេ?
ជាការពិតណាស់ ស្ត្រីពពោះអាចទទួលគ្រាប់ល្ងបាន មិនថាគ្រាប់ល្ងខ្មៅ ឬសនោះទេ ហើយក៏គ្មានអ្នកវិទ្យាសាស្ត្រណាអះអាងថា វាបង្កផលប៉ះពាល់ដល់អ្នកម្តាយ និងធ្វើឱ្យរលូតកូនក្នុងផ្ទៃនោះដែរ។ ផ្ទុយទៅវិញវាមានសារធាតុចិញ្ចឹម និងគុណប្រយោជន៍ដល់អ្នកម្តាយថែមទៀតផង បើញ៉ាំក្នុងបរិមាណសមស្រប។

យ៉ាងណាមិញ ក្នុងអំឡុងត្រីមាសដំបូង អ្នកម្តាយគួរកុំញ៉ាំច្រើនពេកអី ព្រោះអាចធ្វើឱ្យអ្នកម៉ាក់ចង់ក្អួតបាន។ ម៉្យាងវិញទៀត ចំពោះអ្នកម្តាយដែលអាឡែស៊ីក៏គួរជៀសវាងដូចគ្នាដែរ។

២. អត្ថប្រយោជន៍នៃគ្រាប់ល្ងសម្រាប់អ្នកម្តាយពពោះ

សប្បូរកាល់ស្យូម
យោងតាមមហាវិទ្យាល័យសម្ភព និងរោគស្ត្រីអាមេរិកបាននិយាយថា ស្ត្រីពពោះត្រូវការកាល់ស្យូមក្នុងរបបអាហារចំនួន1,000 មីលីក្រាមក្នុងមួយថ្ងៃ ទើបល្អសម្រាប់អ្នកម្តាយ និងកូន ។ ហើយគ្រាប់ល្ងមានផ្ទុកជាតិកាល់ស្យូមប្រហែល 989mg ក្នុង 100 ក្រាម ដូច្នេះគឺល្អណាស់។

សម្បូរជាតិដែក
អ្នកម្តាយត្រូវការជាតិដែកកើនឡើងទ្វេដងអំឡុងពេលមានផ្ទៃពោះ ហើយបើខ្វះអាចបណ្តាលឱ្យមានភាពស្លេកស្លាំង ។ គ្រាប់ល្ងទំនងជាផ្តល់ជាតិដែកឱ្យប្រហែល 14.8mg ក្នុង 100 ក្រាម ដែលអ្នកម្តាយពពោះមិនគួរមើលរំលង ។

សារធាតុសំខាន់ៗផ្សេងទៀត
គ្រាប់ល្ងមានផ្ទុក អាស៊ីតហ្វូលិក ម៉ាញ៉េស្យូម ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាក៏មានផ្ទុកវីតាមីន C ដែលអាចបង្កើនប្រព័ន្ធភាពស៊ាំរបស់ស្ត្រីមានផ្ទៃពោះ។ វា​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន និង​អាស៊ីត​អាមីណូ ដែល​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​របស់​ទារក។

ក្រៅ​ពី​នេះ ល្ង​ត្រូវ​បាន​គេ​ជឿ​ថា​មាន​សារជាតិ​បំប៉ន​សុខភាព​ផ្សេង​ទៀត​ក្នុង​បរិមាណ​សម​ស្រប​ដែល​អ្នក​ត្រូវ​ការ​ពេល​មាន​ផ្ទៃពោះ។

ជារួមមកវិញ ការដែលឡើងថា ញ៉ាំគ្រាប់ល្ងក្នុងអំឡុងពេលពពោះ នាំឱ្យបង្កផលប៉ះពាល់ ឬនាំឱ្យរលូតកូននោះ វាមិនមែនជាការពិតឡើយ ផ្ទុយទោវិញវាជួយអត្ថប្រយោជន៍អ្នកម៉ាក់បានច្រើនណាស់។ បន្ថែមពីនេះ អ្នកម្តាយគួរគ្រប់គ្រងរបបអាហារផ្សេងទៀតឱ្យបានត្រឹមត្រូវ ដើម្បីជំនួយដល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ៕

ដកស្រង់ពី៖ FirstcryParenting MoM Junction