កុំចេះតែឆុងផ្តេសផ្តាស! នេះជារបៀបឆុងម្សៅទឹកដោះគោឱ្យកូនត្រឹមត្រួវ និងមានសុវត្ថិភាព
បន្ទាប់ពីឈប់ឱ្យកូនមឹមដោះ ម្សៅទឹកដោះគឺជម្រើសទីមួយ និងសាកសមបំផុតដែលម៉ាក់គ្រប់រូបជ្រើសរើសសម្រាប់កូន។ ក្នុងនោះដែរ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ទៅលើការជ្រើសរើសម្សៅទឹកដោះគោដែលមានគុណភាព និងមានកម្រិតអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់កូន ជាពិសេសនោះគឺត្រូវចេះពីតិនិចក្នុងការឆុង ក៏ដូចជាទុកដាក់យ៉ាងណា ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់អាអូន។
ក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកពីវីធីសាស្ត្រ ក៏ដូចជាជំហាននីមួយៗ ក្នុងការឆុងទឹកដោះគោឱ្យកូនបានត្រឹមត្រូវ និងមានសុវត្ថិភាព៖
១. ពិនិត្យកាលបរិច្ឆេតផុតកំណត់
បន្ទាប់ពីបានជ្រើសរើសម្សៅទឹកដោះគោដែលសាកសមសម្រាប់កូនហើយ អ្នកត្រូវពិនិត្យមើលថ្ងៃខែផុតកំណត់នៅលើសំបកកំប៉ុងឱ្យបានច្បាស់ មុននឹងឆុងឱ្យកូន។ វាគឺជារឿងសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ព្រោះប្រសិនបើវាហួសកំណត់ នឹងបង្កបញ្ហាសុខភាពដល់អូនតូច។
២. លាងសម្អាតដៃឱ្យបានស្អាត
មុនពេលឆុងទឹកដោះគោឱ្យកូន ត្រូវប្រាកដថា ដៃរបស់អ្នកបានលាងសម្អាតស្អាត និងស្ងួតល្អ ជៀសវាងបង្កមេរោគផ្សេងៗចូលក្នុងទឹកដោះគោកូន។ ហើយកន្លែងដាក់ដប និងកំប៉ុងទឹកដោះគោ ក៏ត្រូវតែស្អាត មានអានាម័យផងដែរ។
៣. រៀបចំកំប៉ុងទឹកដោះគោ
អនាម័យដបទឹកដោះគោគឺសំខាន់ណាស់ ដែលតម្រូវឱ្យប៉ាម៉ាក់សម្អាតឱ្យបានស្អាត និងមានអនាម័យគ្រប់ពេលវេលា។ អាចលាងសម្អាតដបទឹកដោះគោកូន ដោយប្រើសាប៊ូ និងទឹកក្តៅ ដើម្បីធានាថា មិនមានមរោគ ឬបាក់តេរីអាក្រក់នៅជាប់ ដែលអាចនាំឱ្យប៉ះពាល់ដល់កូន។
៤. ការឆុងជាមួយទឹកត្រឹមត្រូវ
ការជ្រើសរើសទឹកដើម្បីឆុងទឹកដោះគោឱ្យកូនគឺជារឿងសំខាន់ណាស់ ព្រោះបើទឹកមិនល្អ គឺអាចប៉ះពាល់ដល់សុខភាពកូនបានយ៉ាងងាយ។ ដូច្នេះត្រូវប្រាកដថាទឹកដែលយកមកឆុងគឺស្អាត អាចជាផលិតផលទឹកសម្រាប់ឆុងដោះគោក្មេង ឬទឹកស្អាតដាំពុះជាដើម។
៥. វិធីឆុងដែលត្រឹមត្រូវ
ត្រូវដាក់ទឹកឆុងជាមួយម្សៅឱ្យបានត្រឹមត្រូវ ទៅតាមបរិមាណដែលបានណែនាំ។ ទាំងម្សៅដោះគោ និងទឹក គឺមិនត្រូវច្រើនពេក ឬតិចពេកឡើយ។ ទឹកច្រើនពេកអាចបណ្តាលឱ្យរូបមន្តមិនបំពេញតម្រូវការអាហារូបត្ថម្ភរបស់កូន ហើយបើទឹកតិចពេកអាចបណ្តាលឱ្យកូនរបស់អ្នកខ្សោះជាតិទឹក។
ជារួមមកវិញម៉ាក់ៗគួរមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ទៅលើការឆុងទឹកដោះគោឱ្យកូន។ បន្ថែមពីនេះ គួរជ្រើសរើសម្សៅទឹកដោះគោណាដែលសាកសមសម្រាប់កូន ចៀសវាងការអាលែកហ្សី ឬផលរំខានផ្សេងៗ៕
ដកស្រង់ពី៖ mayoclinic