កុំប្រហែសឱ្យសោះ! កូនអាចរលាកបំពង់កគ្រប់ពេល ប្រសិនបើប៉ាម៉ាក់មិនប្រយ័ត្នជាមុន
ជំងឺរលាកបំពង់កគឺឧស្សាហ៍កើតមានណាស់ ជាពិសេសទៅលើកុមារតូចៗដែលជាក្តីបារម្ភរបស់ប៉ាម៉ាក់គ្រប់រូប ហើយជាទូទៅវាបណ្តាលមកពីការឆ្លងមេរោគបាក់តេរី ឬមេរោគ ដែលខ្វះអនាម័យ។ ទោះជាយ៉ាងណាក្តី ប៉ាម៉ាក់អាចបញ្ជៀសកូន និងព្យាបាលកូនពីជំងឺនេះបាន។
ខាងក្រោមនេះគឺជាមូលហេតុ និងដំណោះស្រាយដែលធ្វើឪ្យកូនរលាកបំពង់ករ៖
១. មូលហេតុនៃជំងឺរលាកបំពង់កលើកុមារ
មូលហេតុនៃជំងឺរលាកបំពង់កលើកុមារគឺអាស្រ័យលើអាយុ រដូវកាល និងតំបន់ភូមិសាស្ត្រ។ ហើយមេរោគ និងបាក់តរីមិនល្អគឺជាមូលហេតុទូទៅបំផុតនៃការឈឺបំពង់ក ដែលវាឆ្លងតាមរយៈការក្អក កណ្តាស់ និងការចាប់កាន់របស់មិនស្អាត។
២. រោគសញ្ញានៃជំងឺលាកបំពង់កលើកុមារ
កុមារអាចមានរោគសញ្ញាជំងឺផ្ដាសាយ មុនពេលចាប់ផ្ដើមកើតមានជំងឺរលាកបំពង់ក រួមមានហៀរសំបោរ ឈឺក និងគ្រុនក្ដៅ។ បន្ទាប់មក ពួកគេនឹងវិវត្តទៅជាក្អកខ្លាំង និងពេលខ្លះមានសំឡេងស្អកទៀតផង។ ជាមួយគ្នានេះដែរ ការដកដង្ហើម និងក្អកគឺកាន់តែមានភាពអាក្រក់ឡើងនៅពេលយប់។
ប៉ាម៉ាក់គួរនាំកូនទៅពេទ្យឱ្យបានលឿនបើឃើញកូនមានសញ្ញាទាំងនេះ៖

- ពិបាកដកដង្ហើម និងមានសំឡេងខ្លាំងនៅពេលដកដង្ហើម
- ហត់ខ្លាំងនៅពេលដកដង្ហើម
- មានសីតុណ្ហភាពក្ដៅខ្លាំង
- ពិបាកលេបអាហារ
- មានអាការៈស្លេកស្លាំង ឬស្រងូតស្រងាត់ ហើយឆ្អឹងទ្រូងផតចុះឡើង
- មានអាការៈរសាប់រសល់ ឬរវើរវាយ
- បបូរមាត់ក្មេងឡើងខៀវ
៣. វិធីសាស្ត្រការពារកូនពីជំងឺរលាកបំពង់ក
វិធីសាស្ត្រដ៏ល្អក្នុងការការពារកូនរបស់អ្នកពីជំងឺរលាកបំពង់ក គឺរក្សាអនាម័យកូនឱ្យបានស្អាត និងជៀសវាងនៅជិតអ្នកក្អក ផ្តាសាយ និងគ្រុនក្តៅ ពិសេសនៅឱ្យឆ្ងាយពីអ្នកដែលកំពុងកើតជំងឺរលាកបំពង់កតែម្តង។
- ឱ្យកូនលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់
- រក្សាកូនរបស់អ្នកឱ្យឆ្ងាយពីអ្នកដែលឈឺ ពិសេសអ្នកក្អក និងផ្តាសាយ
- សម្អាតបរិវេណផ្ទះ និងសម្ភារៈឱ្យបានស្អាត ដើម្បីកម្ចាត់មេរោគ
- ឱ្យកូនប្រើកែងដៃខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់
ជារួមមកវិញ ការរក្សាអនាម័យឱ្យកូនគឺសំខាន់ណាស់ ដែលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ ពីព្រោះជាដើមហេតុចម្បងដែលនាំឱ្យកូនងាយឆ្លងជំងឺផ្សេងៗ។ បន្ថែមពីនេះត្រូវ បន្ថែមរបបអាហារដែលសម្បូរអាហារូបត្ថម្ភដល់កូន ដើម្បីជំនួយប្រព័ន្ធរាងកាយ និងខួរក្បាលរបស់ពួកគេផងដែរ៕
ដកស្រង់ពី៖ mayoclinic Uptodate