ឧស្សាហ៍កើតមានណាស់! កុមារកើតពងបែកមាត់គឺដោយសារបែបនេះ
ជំងឺពងបែកមាត់គឺពិបាកណាស់ ដែលវាធ្វើឱ្យឈឺមាត់ ពិបាកញ៉ាំ និងញ៉ាំមិនឆ្ងាញ់ ហើយជាទូទៅវាតែងតែកើតលើមនុស្សគ្រប់វ័យ។ ចំពោះទារក និងកុមារតូចៗវិញ វាគឺជារឿងលំបាកដែរសម្រាប់ពួកគេ ពិសេសទៅលើការញ៉ាំ និងមឹម ដោយសារតែការឈឺចាប់។ ហេតុនេះហើយទាមទារឱ្យលោកប៉ាអ្នក យកចិត្តទុកដាក់ទៅលើចំណុចនេះ។
១. មូលហេតុនៃជំងឺពងបែកមាត់លើកុមារ
ចំពោះមូលហេតុនៃជំងឺពងបែកមាត់លើកុមារអាចបណ្តាលមកពីកត្តាច្រើន ហើយគេមិនទាន់ដឹងថាវាកើតឡើងដោយសារអ្វីឱ្យពិតប្រាកដនៅឡើយទេ។ ប៉ុន្តែវាបង្កឡើងដោយកត្តាមួយចំនួនដូចជា៖
- ភាពតានតឹង
- កង្វះវីតាមីន
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ (ដំបៅដំបៅដែលកើតឡើងដដែលៗត្រូវបានផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌសុខភាពមួយចំនួន)
- កត្តាហ្សែន
- ការប្រើប្រាស់ថ្នាំមួយចំនួន
- មេរោគ និងបាក់តេរី
- ការរបួសមាត់ ដោយការដុសធ្មេញជាដើម
- អាឡែរហ្សីអាហារ
២. ការព្យាបាល
ពងបែកមាត់លើកុមារភាគច្រើននឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃទៅពីរសប្តាហ៍។ ប្រសិនបើពួកគេមានការឈឺចាប់ ប៉ាម៉ាក់អាចឱ្យកូននូវថ្នាំបំបាត់ការឈឺចាប់មួយចំនួន តាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើកន្លងពេលលើសពី ២សប្តាហ៍ហើយនៅតែមិនបាត់ ប៉ាម៉ាក់គួរយកកូនទៅមន្ទីរពេទ្យ។
៣. អ្វីដែលប៉ាម៉ាក់គួរធ្វើពេលកូនកំពុងមានពងបែកមាត់
- ឱ្យកូនញ៉ាំទឹកឱ្យបានច្រើន ដើម្បីរក្សាសារធាតុរាវក្នុងខ្លួន
- ផ្តល់អាហារទន់ៗឱ្យកូនញ៉ាំ
- ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិហឹរ អាស៊ីត ឬប្រៃ ព្រោះវានឹងធ្វើឱ្យកូនអ្នកឈឺបំពង់កកាន់តែខ្លាំង
- ដុសធ្មេញកូនដោយថ្នមៗ ហើយប្រើច្រាសដុសធ្មេញទន់
- ត្រូវរក្សាអនាម័យមាត់ធ្មេញកូនជានិច្ច
បន្ថែមពីនេះ ប៉ាម៉ាក់ត្រូវរក្សាអនាម័យកូនឱ្យបានល្អ ហើយប្រសិនបើអាកាសធាតុក្តៅ គួរឱ្យកូនផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន ព្រោះវាក៏ជាហេតុធ្វើឱ្យកូនឈឺច្រើនផងដែរ៕
ដកស្រង់ពី៖ wearebitesize kidshealth