ប៉ាម៉ាក់កុំបណ្តោយឱ្យសោះ! អូនតូចមានសញ្ញាទាំងនេះ កំពុងជួបបញ្ហាហើមពោះហើយ
ទារកតូចៗឧស្សាហ៍ហើមពោះណាស់ ដែលវាគឺជាកង្វល់មួយរបស់ប៉ាម៉ាក់គ្រប់ផងដែរ។ ជាធម្មតាកើតឡើងដោយសារអាអូនស្រូបខ្យល់ចូលក្នុងពោះច្រើនពេក តាមរយៈការមឹម ជញ្ជក់ក្បាលដោះជ័រ ឬបៀមដៃជាដើម ហើយវាក៏មិនបង្កគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដែរ។ ក៏ប៉ុន្តែប៉ាម៉ាក់ត្រូវចេះសង្កេតមើល ពីសញ្ញានានា ដើម្បីងាយស្រួលក្នុងការជួយអាអូន។
១. សញញាដែលបញ្ជាក់ថា កូនរបស់អ្នកកំពុងហើមពោះ
វាមិនពិបាកទេក្នុងការដែលអាចដឹងថា អាអូនកំពុងហើមពោះឬអត់ ព្រោះគេនឹងបញ្ចេញអាការៈជាច្រើន ដែលអាចឱ្យប៉ាម៉ាក់ដឹងបាន ពិសេសគឺអាអូននឹងរករឿងច្រើន ឆេវឆាវ និងនៅមិនសុខឡើយ។
ទារកអាចកំពុងហើមពោះ ប្រសិនបើមានសញ្ញាទាំងនេះ៖
- អាអូនរករឿងយំច្រើន៖ ប្រសិនបើអាអូនយំច្រើនមិនព្រមបាត់ ហើយប៉ាម៉ាក់មិនបានឃើញថាមានអ្វីរំខានកូននោះ វាអាចបង្ហាញថាអាអូនកំពុងហើមពោះហើយ។ ដូច្នេះប៉ាម៉ាក់ត្រូវសង្កេតលើចំណុចនេះឱ្យបានល្អ
- អាអូនអត់ព្រមបៅ ឬបៅដែរតែមិនប្រក្រតីដូចសព្វដង
- អាអូនមិនសូវលក់ ឬឧស្សាហ៍ភ្ញាក់ញឹកញាប់
- អាអូនមើលទៅមិនស្រួលខ្លួន នៅមិនស្ងៀម និងរសាប់រសល់
- អាអូនមើលទៅហាក់កំពុងឈឺ ឬឆ្អល់ពោះ
- អាអូននៅមិនស្ងៀម និងលើកជើង
- អាអូនហើមពោះ ធំជាងធម្មតា
២. មូលហេតុដែលធ្វើឱ្យទារកហើមពោះ
មូលហេតុដែលទារកហើមពោះ គឺភាគច្រើនដោយសារអាអូនស្រូបខ្យល់ចូលក្នុងពោះច្រើនពេក ហើយក៏បណ្តាលមកពីការថ្វេសប្រហែសមួយចំនួនរបស់ប៉ាម៉ាក់ផងដែរ។ ការហើមពោះលើទារកអាចបណ្តាលមកពី៖
- របបអាហារអ្នកម្តាយមិនបានត្រឹមត្រូវ កំឡុងពេលបំបៅកូន
- អាអូនមឹមទឹកដោះគោដែលសល់យូ
- អនាម័យកំប៉ុងទឹកដោះគោមិនបានល្អ
- អាអូនយំ ឬសើចច្រើនពេក ដែលបណ្តាលឱ្យខ្យល់ចូលក្នុងពោះច្រើន
ជារួមមកវិញ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ និងសង្កេតទៅលើចំណុចទាំងនេះឱ្យបានល្អ។ បន្ថែមពីនេះ ម៉ាក់ត្រូវគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវ ពិសេសម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ ព្រោះវាក៏ជាផ្នែកមួយដែលអាចធ្វើឱ្យអាអូនហើមពោះផងដែរ៕
ដកស្រង់ពី៖ Mamanatural Pampers