ប៉ាម៉ាក់កុំបណ្តោយឱ្យសោះ! កូនបៀមដៃមិនល្អទេ ប៉ាម៉ាក់គួរធ្វើបែបណា

ទារកចាប់ផ្តើមជញ្ជក់ដៃតាំងតែពីនៅក្នុងពោះម្តាយម៉្លេះ ហើយវាក៏បន្តរហូតក្រោយពេលសម្រាល ដោយសារតែវាជួយបន្ធូរអារម្មណ៍ ស្ងប់ស្ងាត់ និងឆាប់ងងុយគេង។ ទោះបីវាមិនបង្កផលប៉ះពាល់ខ្លាំងក៏ដោយ ប៉ុន្តែវាមិនល្អឡើយប្រសិនបើវាបង្កើតជាទម្លាប់ ហើយក៏អាចប៉ះពាល់ដល់អកប្បកិរិយាក្មេងផងដែរ។ ជាការល្អប៉ាម៉ាក់គួរតែបញ្ឈប់កូនពីការបៀមដៃ ទើបប្រសើរ។

១. ផលប៉ះពាល់ដែលបង្កឡើងដោយការបៀមដៃ
ទោះបីជាមិនបង្កបញ្ហាធំដុំក៏ដោយ ប៉ាម៉ាក់មិនគួរបណ្តោយឱ្យកូនបៀមដៃនោះទេ ព្រោះពេលខ្លះដៃមិនស្អាត មិនមានអនាម័យអាចបង្កជាមេរោគ ឬបាក់តេរីមិនល្អផ្សេងៗ ជាពិសេសគឺទៅលើធ្មេញ និងអណ្តាត។

  • ការចុះខ្សោយនៃការនិយាយ
  • អាចបណ្តាលឱ្យពុកធ្មេញ
  • ភាពមិនប្រក្រតីនៃធ្មេញ ឬធ្មេញដុះមកមិនស្អាត
  • អាចបណ្តាលឱ្យកើតមានដំបៅក្នុងមាត់ និងរបួស
  • ស្លាកស្នាមនៅលើមេដៃអាចកើតឡើងបន្ទាប់ពីការជញ្ជក់ម្រាមដៃយូរ
  • ឥរិយាបថអណ្តាតមិនធម្មតា ឬកម្លាំងអណ្តាតចុះខ្សោយ
  • អាចឆ្លងមេរោគ ឬបាក់តេរីតាមរយៈដៃ ធ្វើឱ្យប៉ះពាល់ដល់សុខភាព
  • នៅពេលដែលប៉ះពាល់នឹងសំណើមនៃមាត់ ស្បែកអាចងាយនឹងរងរបួសផ្សេងៗ។ ក្នុងករណីខ្លះ ស្បែកអាចប្រេះ ឬហូរឈាម ដែលធ្វើឲ្យដៃរបស់កូនអ្នកងាយនឹងឆ្លងមេរោគ
  • ឥរិយាបថ អកប្បកិរិយាខុសពីក្មេងដ៏ទៃ

២. ដំណោះស្រាយចំពោះកូនបៀមដៃ
ចំពោះដំណោះស្រាយវាមិនពិបាក ហើយក៏មិនងាយស្រួលប៉ុន្មានដែរ។ ប៉ាម៉ាក់អាចជួយឱ្យកូនបញ្ឈប់ការបៀមដៃតាមវិធីសាមញ ងាយៗដូចខាងក្រោម៖

  • និយាយពន្យល់ និងណែនាំកូនអំពីផលប៉ះពាល់ ក៏ដូចជាវិធីបញ្ឈប់ការបៀមដៃ
  • នៅពេលកូនរបស់អ្នកបឺតមេដៃរបស់គាត់ គួរផ្តល់ការលួងលោមក្នុងវិធីផ្សេងៗ ដូចជាការឱប ឬពាក្យសំដីលួងលោមជាដើម
  • ពេលកូនបៀមដៃ គួរបង្វែ​ឱ្យកូនលេងអ្វីផ្សេងជំនួសវិញ ដូចជាគងខ្នើយ ឬចាប់កាន់របស់លេងផ្សេងជំនួស
  • ឧស្សាហ៍រំលឹកកូនជារឿយៗ ដើម្បីឱ្យគេមានការចងចាំ
  • សរសើរ និងលើកទឹកចិត្តកូននៅពេលដែលគេធ្វើបានល្អ
  • ចំពោះអាអូនតូច បើគេបៀមដៃពេលគេង អាចឱ្យជញ្ជក់ក្បាលជញ្ជក់ជ័រជំនួសវិញ
  • ក្នុងដំណាក់កាលដំបូងអាចពិបាក ប៉ុន្តែយូរទៅនឹងប្រសើរឡើង

ជារួមមកវិញ ទោះបីជាវាមិនបង្កបញ្ហាធ្ងន់ធ្ងរក៏ដោយ ក៏ប៉ាម៉ាក់ត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហានេះ ព្រោះថាប្រសិនបើទម្លាប់នេះបន្តនៅពេលកូនកាន់តែធំ វានឹងអាចជះឥទ្ធិពលមិនល្អច្រើនដល់គេ។ បន្ថែមពីនេះ ត្រូវរក្សាអនាម័យកូន​ឱ្យបានល្អ ជាពិសេសកូនតូច ព្រោះបាក់តេរី និងមេរោគងាយឆ្លងខ្លាំងណាស់៕

ដកស្រង់ពី៖ Dentistry For Children Mayo Clinic Newsroom