ម៉ាក់បំបៅកូនដោយដបទឹកដោះគោត្រូវដឹង! នេះគឺជារបៀបប្រើប្រាស់ត្រឹមត្រូវ និងមិនប៉ះពាល់ដល់កូន
ជាការពិតណាស់ ក្នុងការបំបៅកូនដោយទឹកដោះគោ គឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ទៅលើដបទឹកដោះគោ ទាំងអនាម័យ គុណភាព និងវិធីប្រើប្រាស់ ព្រោះបើមិនដូច្នោះទេ ប៉ាម៉ាក់អាចបង្កបញ្ហាសុខភាពដល់កូនតូចទាំងមិនដឹងខ្លួន។
ខាងក្រោមនេះ គឺជាការណែនាំ និងវិធីសាស្ត្រមួយចំនួនទាក់ទងនឹងការប្រើប្រាស់ដបទឹកដោះគោត្រឹមត្រូវ សម្រាប់កូនតូច៖
១. ការបំបៅកូនដោយដបទឹកដោះគោដែលត្រឹមត្រូវ
មានប៉ាម៉ាក់មួយចំនួនមិនបានយកចិត្តទុកដាក់លើចំណុចនេះដិតដល់នៅឡើយទេ ព្រោះគិតថាវាងាយស្រួល សាមញ្ញ និងមិនអាចបង្កគ្រោះថ្នាក់ដល់កូន។ ប៉ាម៉ាក់ខ្លះថែមទាំងឱ្យទារកតូចៗកាន់ដបបៅដោយខ្លួនឯងថែមទៀតផង ហើយវាគឺហានិភ័យណាស់ ដែលអាចធ្វើឱ្យកូនឈ្លក់ ឬ ទឹកដោះចូលហ៊ាច្រមុះបានដោយងាយ។ ដោយឡែកខាងក្រោមនេះគឺជាការប្រើប្រាស់ដែលត្រឹមត្រូវ៖
- បី ឬដាក់កូនអង្គុយ ឬដេកឱ្យត្រឹមត្រូវ និងមានទីតាំងសមល្មមសម្រាប់បឺតជញ្ជក់ក្បាលមឹម
- ផ្តេកដប និងដាក់ថ្មមៗឱ្យក្បាលមឹមនៃដបចូលមាត់កូន ដែលមានទីតាំងទេរជាមំ ល្មមសម្រាប់លំហូទឹកដោះគោពីក្នុងដប
- កាន់ដបទឹកដោះគោឱ្យបានជាប់ ហាមដាច់ខាតដាក់ផ្តេកលើកូនដោយមិនកាន់ ឬឱ្យកូនកាន់ខ្លួនឯង
- អាចដាក់ដើមទ្រូងទល់នឹងបបូរមាត់របស់កូន ដើម្បីឱ្យគេបើកមាត់ ហើយចាប់ផ្តើមបឺត
- បើអាអូនហាក់លែងចង់បឺតហើយ ត្រូវដកចេញថ្មមៗ
- ត្រូវប្រាកដថាដបទឹកគោបានសម្អាតស្អាត និងមានអនាម័យខ្ពស់មុនយកឱ្យកូនបៅ
២. ចំណុចគួរជៀសវាងក្នុងការបំបៅកូនដោយដបទឹកដោះគោ
- បើអាចគួរជៀសវាងការដាក់ឱ្យកូនគេងបៅលើគ្រែ ឬអង្រឹង ព្រោះវាងាយបណ្តាលឱ្យឈ្លក់ ប៉ះពាល់ដល់ធ្មេញ និងត្រចៀកជាដើម
- ជៀសវាងធ្វើសកម្មភាពច្រើនយ៉ាងពេលបំបៅកូនដោយដប ព្រោះបើភ្លេចខ្លួនអាចធ្វើឱ្យកូនឈ្លក់ ឬទឹកដោះចូលច្រមុះ
- បើកូនមិនព្រមមឹម កុំបង្ខំកូន តែត្រូវសង្កេតទៅលើស្ថានភាពជាក់ស្តែង
- កុំយកដបដែលទុកយូរ ឬមិនទាន់លាងសម្អាតត្រឹមត្រូវមកប្រើប្រាស់
៣. ការលាងសម្អាតដបទឹកដោះគោ
ជារឿងសំខាន់ណាស់ក្នុងការលាងសម្អាតដបទឹកដោះគោកូនឱ្យបានស្អាត និងទៀងទាត់ ព្រោះវាអាចផ្ទុកមេរោគ ក៏ដូចជាបាក់តេរីច្រើននៅជាប់ដប ពិសេសដបដែលសល់ទឹកដោះយូរ។
- លាងសម្អាតជាមួយសាប៊ូ ដោយប្រើប្រដាប់សម្អាតកំប៉ុង
- អាចលាងជាមួយទឹកត្រជាក់ ឬទឹកក្តៅ តែគួរជៀសវាងការស្ងោដប ព្រោះវាអាចបញ្ចេញជាតិពុល
- ទុកដាក់ក្នុងកន្លែងត្រឹមត្រូវ និងមានអនាម័យ
ជារួមមកវិញ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ទៅលើចំណុចនេះ ព្រមទាំងឱ្យកូនបៅឱ្យបានគ្រប់គ្រាន់ និងទៀងពេលវាលា ហើយត្រូវរក្សាអនាម័យជាចាំបាច់ ទាំងទៅលើដបទឹកដោះគោ ទាំងកន្លែងគេង ជាពិសេសលើកន្ទបកន្សែង ឬខោទឹកនោមជាដើម៕
ដកស្រង់ពី៖ raisingchildren.net.au NHS