ពពោះត្រូវដឹង! កូនក្នុងផ្ទៃមានសុខភាពល្អ ឬមិនល្អអាចសង្កេតមើលសញ្ញាទាំងនេះ
ពិតណាស់ អំឡុងពេលពពោះ ម៉ាក់ៗតែងតែចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងសម្រាលប្រកបដោយសុវត្ថិភាព។ យ៉ាងណាមិញ ម៉ាក់ៗគួរដឹងពីរបៀបសង្កេតមើលសញ្ញានៃគភ៌ដែលមានសុខភាពល្អ និងសុខភាពខ្សោយ។
ខាងក្រោមនេះជាសញ្ញាទារកក្នុងផ្ទៃមានសុខភាពល្អ ឬសុខភាពខ្សោយ៖

សញ្ញាកូនក្នុងផ្ទៃមានសុខភាពល្អ
១. ចលនាគភ៌
ជាទូទៅ គភ៌ចាប់ផ្ដើមធ្វើចលនាក្រោយអាយុ៥ខែ និងនៅអាយុ៦ខែ កូនក្នុងផ្ទៃមានប្រតិកម្មទៅនឹងសំឡេងដោយការធ្វើចលនា។ ប្រហែលអាយុ៧ខែ គភ៌នឹងមានប្រតិកម្មទៅនឹងពន្លឺ សំឡេង ឬការឈឺចាប់ និងនៅអាយុ៨ខែ ទារកក្នុងផ្ទៃនឹងចាប់ផ្ដើមផ្លាស់ប្ដូរទីតាំង ក៏ដូចជាធាក់ញឹកញាប់។ ការសិក្សាបានបង្ហាញថា នៅអាយុ៩ខែ គភ៌ធ្វើចលនាកាន់តែតិចទៅ ដោយសារតែមិនសូវមានកន្លែងទំនេរ ដែលសញ្ញាទាំងនេះបញ្ជាក់ថាកូនមានសុខភាពល្អ។
២. ការលូតលាស់ធម្មតា
ទន្ទឹមនឹងនេះដែរ គភ៌នឹងលូតលាស់ត្រឹម៥សង់ទីម៉ែត្រជារៀងរាល់ខែ ដូច្នេះហើយនៅអាយុ ៧ខែ គភ៌អាចលូតលាស់បាន៣៥សង់ទីម៉ែត្រ។ ជាធម្មតា ត្រឹមរយៈពេល៩ខែ គភ៌អាចមានទម្ងន់ដល់ ៣គីឡូក្រាម និងមានប្រវែងប្រហែល៤៦សង់ទីម៉ែត្រ។
៣. ចង្វាក់បេះដូង
បេះដូងទារកក្នុងផ្ទៃចាប់ផ្ដើមលោតនៅអាយុ ៥សប្ដាហ៍ ហើយដើម្បីដឹងពីចង្វាក់បេះដូង ក៏ដូចជាហានិភ័យសក្ដានុពលមួយចំនួន គ្រូពេទ្យនឹងធ្វើតេស្តNon-stress test។ ចង្វាក់បេះដូងល្អ ស្ថិតក្នុងចន្លោះ១១០ ដល់១៦០ក្នុងមួយនាទី។
៤. ឡើងទម្ងន់ និងពោះរីកធំ
ការឡើងទម្ងន់អំឡុងពេលពពោះ ជាសញ្ញាបញ្ជាក់ថាគភ៌មានសុខភាពល្អ។ ម៉ាក់អាចនឹងឡើងទម្ងន់នៅចន្លោះ១២ ទៅ១៥សប្ដាហ៍ ហើយពោះអាចនឹងរីកធំទៅៗទៅតាមចំនួនខែ។

រោគសញ្ញានៃគភ៌ដែលមានសុខភាពខ្សោយ
- កម្ពស់ស្បូនមិនសមាមាត្រទៅនឹងទម្ងន់កូន
- ចង្វាក់បេះដូងកូនខ្សោយ ឬឈប់លោត
- កម្រិតhCGទាប
- ចុកពោះខ្លាំងអំឡុងពេលពពោះ
- ធ្លាក់ឈាមអំឡុងពេលពពោះ
- ឈឺខ្នងធ្ងន់ធ្ងរ
- ធ្លាក់ទឹករម្អិលពណ៌លឿង ឬបៃតង និងមានក្លិនខ្លាំង
- គ្រុនក្ដៅអំឡុងពេលពពោះ
- ទំហំសុដន់ធ្លាក់ចុះ
- គភ៌លែងមានចលនា
- កម្រិតជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗ
- ផ្លាស់ប្ដូរទីតាំងសុក។
ដកស្រង់ពី៖ Hello Health Group