ម៉ាក់ៗពពោះត្រូវដឹង! តើទារកកើតមកទម្ងន់ប៉ុន្មាន ទើបហៅថាគ្រប់គីឡូ?

ម៉ាក់ប៉ា​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា កាល​ណា​ទារក​កើត​មក​គឺ​ត្រូវ​គិត​ទៅ​តាម​គីឡូ​ដែល​បាន​កំណត់​តាម​ស្តង់​ដារ ព្រោះ​វា​អាច​ជួយ​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​របស់​ក្មេង ប៉ុន្តែ​មានដឹងអត់ថា ទារកមានគីឡូប៉ុន្មាន​បាន​គិត​ថា​គ្រប់​តាម​ស្តង់​ដារ។

គីឡូ​ស្តង់​ដារ​របស់​ទារក​គឺ​ទម្ងន់​ចាប់​ពី ២,៥គីឡូ (២.៥០០ក្រាម) ឡើង​ទៅ ហើយ​កាលណា​​ទារក​កើត​មក​មាន​គីឡូ​តិច​ជាង ​២,៥គីឡូ​ គឺ​ទម្ងន់កូន​មិន​ត្រូវ​តាម​ស្តង់​ដារ​ទេ។ ម្យ៉ាង​វិញ​ទៀត បើ​ទារក​កើត​មក​មាន​ទម្ងន់​តិច​ជាង ១.៥០០ក្រាម ឬ ១.០០០ក្រាម គឺ​ទារក​នោះ​អាច​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ហើយ។

ទារក​កើត​មក​មិន​គ្រប់​គីឡូ​ខ្លាំង​អាច​មាន​សភាព​ខ្សោយ​តាំង​ពី​ក្នុង​ពោះ ហើយ​អាច​មាន​ចង្វាក់​បេះ​ដូង​ខ្សោយ កើត​មក​សន្លប់ ឬ​អាច​ឈាន​ដល់​ស្លាប់​ក្នុង​ពោះក្នុង​ករណី​ដែល​ធ្ងន់​ធ្ងរ។ មិនតែ​ប៉ុណ្ណោះ ទារក​មិនគ្រប់គីឡូអាច​ប្រឈម​នឹង​វិបត្តិជា​ច្រើន​ដូច​ជា៖

  • ការ​រំលាយ​អាហារ​មិនល្អ ​ធ្វើ​ឲ្យ​ទារក​កាន់​តែ​ខ្សោយ ​មិន​ងាយ​ឡើង​ទម្ងន់
  • ចុះ​កម្តៅ​ក្នុង​ខ្លួន​ខ្លាំង
  • ចុះ​ជាតិ​ស្ករ
  • ចុះ​ជាតិ​កាល់​ស្យូម
  • ងាយ​ឡើង​លឿង។ល។

ស្រ្តី​ពពោះ​ទាំង​អស់​ដែល​មាន​បញ្ហា​កូន​ក្នុង​ផ្ទៃ​មាន​គីឡូ​តិច គួរ​ទៅ​ធ្វើ​ការ​តាម​ដាន​សុខភាព​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ និង​មាន​បទ​ពិសោធន៍​ខ្ពស់ ដើម្បី​ថែទាំ​សុខភាព​កូន​ឲ្យ​បាន​កាន់​តែ​ដិត​ដល់​ថែម​ទៀត។

ដកស្រង់ពី៖ Hello Health Group