ពេលប្រពន្ធពពោះ ជាប្តីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​ស្រីៗ ជារឿង​អស្ចារ្យ​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើ​បាន ដូចនេះ​ហើយ​ស្វាមី​គួរតែ​បង្ហាញ​រឿង​ទាំង​នេះ​ទៅ​កាន់​ភរិយា ដែល​ជា​ទំនួលខុសត្រូវ​សំខាន់​ក្នុង​នាម​ជា​មេ​គ្រួសារ។

ខាងក្រោម​នេះ​ជា​រឿង​ដែល​ប្ដី​ល្អ គួរតែ​ធ្វើ​ពេល​ប្រពន្ធ​មានផ្ទៃពោះ៖

១. ជូន​ប្រពន្ធ​ទៅ​ធ្វើការ
ស្វាមី​មិន​គួរ​បណ្ដោយ​ឲ្យ​ប្រពន្ធ​ធ្វើ​ដំណើរ​ម្នាក់ឯង​ទៅ​ធ្វើ​ការ​នោះទេ ​អ្នក​ពោះ​ធំ​ច្រើន​មាន​អាការៈ​វិលមុខ ធេងធោង​ភ្លាម​ៗ ប្រសិនបើ​បើក​ម៉ូតូ ឬ​ឡាន​ម្នាក់ឯង ប្រាកដ​ជា​មាន​គ្រោះថ្នាក់ ហើយ​បើ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ឬ​ម៉ូតូ​កង់​បី មាន​បញ្ហា​អស់​ទាំង​នោះ អ្នក​ដទៃ​ប្រាកដជា​មិន​អាច​មក​ជួយ​អ្វី​បាន​ច្រើន​ដែរ។

២. ជូន​ប្រពន្ធ​ទៅ​ពេទ្យ
ពេទ្យ​តែងតែ​ណាត់​ម៉ាក់​ៗ​ឲ្យ​ទៅ​ពិនិត្យ​ផ្ទៃពោះ​រៀងរាល់​ខែ ហើយ​ប្រសិនបើ​កូន​មាន​សុខភាព​មិន​សូវ​ល្អទៀត​នោះ រឹតតែ​ត្រូវ​តាមដាន​ញឹកញាប់។ ដូចនេះ​ហើយ​មនុស្ស​ស្រី​ពេល​មាន​ប្ដី​នៅ​ក្បែរ​ខ្លួន​មាន​អារម្មណ៍​កក់​ក្ដៅ សួរនាំ​បញ្ហា​ផ្សេង​ៗ​ពី​កូន​បាន​លម្អិត និង​បើ​ត្រូវ​ជួប​បញ្ហា​មិន​ស្រួល​ណា​មួយ​មាន​អ្នក​ពិគ្រោះ​យោបល់ តែ​បើ​គ្មាន​វិញ គ្នា​​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ឡើយ​ក្នុង​កាលៈទេសៈ​ពិបាក​ៗ។

៣. កំដរ​ប្រពន្ធ
អ្នក​ពោះ​ធំ​ច្បាស់​ជា​មាន​អារម្មណ៍​ធុញថប់ និង​គេង​មិន​លក់​ជាដើម។ ប្ដី​គួរតែ​ឆ្លៀត​ពេល​ទំនេរ​ចុង​សប្ដាហ៍​ជូន​ប្រពន្ធ​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​ស្រឡះ​មុខ​មាត់ កុំឲ្យ​អារម្មណ៍ថា​ល្វើយ​ខ្លាំងពេក។ តែ​បើ​មិន​អាច​ទៅ​ណា​បាន​ឆ្ងាយ គួរតែ​ឆ្លៀត​ជូន​ទៅ​កន្លែង​មាន​លក់​អាហារ​ញ៉ាំ ឬ​សួនច្បារ​មាន​ទេសភាព​ស្អាត​ៗ​ក៏​ល្អ​ដែរ។

៤. ម៉ាស្សា​ឲ្យ​ប្រពន្ធ
ពោះ​កាន់តែ​ធំ​អាការៈ​ចុក​រួយ​ផ្សេង​ៗ​ក៏​មាន​កាន់តែ​ច្រើន​កន្លែង ជាពិសេស​ចង្កេះ និង​ជើង​តែម្ដង។ ដឹង​បែប​នេះ​ហើយ​យប់​ឡើង បុរស​ៗគួរតែ​ជួយ​ច្របាច់​ជើង និង​ធ្វើ​សរសៃ​ឲ្យ​ប្រពន្ធ ដើម្បី​បាន​ធូរ​ស្បើយ​​ខ្លះៗ មិន​តែ​ប៉ុណ្ណោះ ពេល​ពាក់​កណ្ដាល​អាធ្រាត្រ​គួរតែ​ក្រោក​ជួយ ​បើឮ​សំឡេង​ប្រពន្ធ​ប្រាប់​ថា​រមួល​ក្រពើ។

៥. មាន​កាដូ​លើក​ទឹកចិត្ត
ពពោះ​កូន​មួយ​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ហត់​នឿយ​ទាំង​កាយ​ទាំង​ចិត្ត បាត់បង់​រូបឆោម និង​លះបង់​ពេលវេលា​សម្រាប់​ខ្លួនឯង​ជាច្រើន​ដើម្បី​កូន។ ដូចនេះ​ប្ដី​គួរតែ​មាន​កាដូ​ជា​ការ​លើក​ទឹកចិត្ត​បន្តិច​បន្តួច ដើម្បី​ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​កក់​ក្ដៅ និង​គិតថា​ខ្លួន​មិន​ឯកា។

ដកស្រង់ពី៖ Hello Health Group