ជាស្វាមីល្អត្រូវដឹង! រឿងងាយៗដែលប្តីល្អមិនគួររំលងពេលប្រពន្ធជិតសម្រាល

ពេលពពោះគឺជាពេលដែលប្រពន្ធជួបរឿងលំបាកច្រើន ទាំងការឈឺចាប់លើរាងកាយ និងផ្លូវអារម្មណ៍ផងដែរ ហើយអ្វីដែលនាងចង់បាននោះគឺ ការមើលថែយ៉ាងយកចិត្តទុកដាក់ពីប្តី។  ពេលជិតសម្រាលប្តីត្រូវប្រាកដថាខ្លួនបានត្រៀមអ្វីៗគ្រប់យ៉ាងសម្រាប់នាង និងកូន។

ខាងក្រោមនេះយើងនឹងបង្ហាញពីអ្វីដែលប្តីត្រូវធ្វើពេលប្រពន្ធជិតសម្រាល៖

១. ត្រៀមសម្ភារៈសម្រាល
ជាស្វាមីត្រូវប្រាកដថាខ្លួនបានត្រៀមសម្ភារៈគ្រប់គ្រាន់ ទាំងសម្រាប់អ្នកម៉ាក់ និងកូនតូចដើម្បីជៀសវាងការខ្វះនៅពេលសម្រាល។
សម្ភារៈទាំងនោះមានដូចជា៖ សម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង មុខ ភួយ ដបទឹកដោះគោ និងកន្ត្រកដាក់អីវ៉ាន់ជាដើម។

២. ធានាសុវត្ថិភាពរបស់ភរិយា

ត្រីមាសទីបីគឺជាពេលដែលជិតសម្រាល ដែលពោះរបស់គាត់កាន់តែរីកធំ ហើយកូនក្នុងផ្ទៃក៏ធាក់ខ្លាំង ធ្វើឱ្យឆាប់អស់កម្លាំង ឆាប់ធុញ និងពិបាកក្នុងខ្លួន។ ដូច្នេះប្តីល្អត្រូវតែមើលថែប្រពន្ធឱ្យល្អ ជាពិសេសគឺមិនត្រូវឱ្យនាងធ្វើការងារធ្ងន់ និងសម្រាកឱ្យបានគ្រប់គ្រាន់។ សូម្បីទៅបន្ទប់ទឹក ក៏ត្រូវជូននាងទៅដែរ ព្រោះខ្លាចនាងរអិលដួលជាដើម។

៣. ត្រូវផ្តល់កម្លាំងចិត្តឱ្យប្រពន្ធ

ពេលជិតសម្រាលប្រពន្ធអាចនឹងមានសម្ពាធច្រើន ទាំងផ្លូវអារម្មណ៍ និងរាងកាយ ដូច្នេះត្រូវការការយល់ចិត្ត និងលើកទឹកចិត្តពីប្តីជាងនរណាៗទាំងអស់។ អ្នកត្រូវព្យាយាមយល់ពីអារម្មណ៍នាង ពិសេសដាច់ខាតកុំធ្វើឱ្យនាងខឹងឱ្យសោះ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់ប្រពន្ធ និងកូនក្នុងផ្ទៃទៀតផង។

៤. ជូនប្រពន្ធទៅមន្ទីរពេទ្យ

ស្វាមីគួរចំណាយពេលជូនប្រពន្ធទៅពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់ ដើម្បីធានាពីសុវត្ថិភាពរបស់ប្រពន្ធ  និងកូនក្នុងផ្ទៃ។ ប្រសិនបើមានបញ្ហា ប្តីត្រូវពិភាក្សាជាមួយគ្រូពេទ្យ និងរកវិធីដោះស្រាយមិនត្រូវឱ្យប្រពន្ធប្រឈមមុខតែម្នាក់ឯងនោះឡើយ។

ជារួមមកវិញវាអត្ថបទខាងលើនេះគឺជាតួនាទីរបស់ប្តីក្នុងការមើលថែប្រពន្ធខ្លះៗប៉ុណ្ណោះ។ បន្ថែមពីនោះទៀតប្រពន្ធគ្រប់រូបចង់បានពីប្តីនោះគឺ ការស្រឡាញ់ ការមើលថែ និងយកចិត្តទុកដាក់ចំពោះខ្លួន និងកូនជារឿងសំខាន់បំផុត៕

សម្រួលពីប្រភព៖ india parenting