មុនចង់សម្រេចទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប៉ាម៉ាក់ប្រយ័ត្នជួបរឿងអាក្រក់ទាំងនេះ!!
អ្នកម៉ាក់ឥឡូវលែងនៅផ្ទះមើលកូនដូចលើកមុនហើយ ភាគច្រើនមានការងារធ្វើនៅខាងក្រៅដូចបុរសដែរ ដូចនេះពេលមានកូនត្រូវពឹងផ្អែកលើឪពុកម្តាយជួយ ហើយបើចាស់ៗមិនទំនេរច្រើនជួលអ្នកដទៃមកថែរក្សា និងមើលការខុសត្រូវក្នុងផ្ទះ។
តើមានចំណុចអ្វីខ្លះដែលអ្នកត្រូវដឹងមុនសម្រេចចិត្តទុកកូនឪ្យនៅជាមួយអ្នកដទៃ?
ទម្លាប់ដែលឲ្យគេមើលកូនជំនួសនោះ អាចជះឥទ្ធិពលមិនល្អ ៣ យ៉ាងនេះ បើយើងជាអាណាព្យាបាលមិនបានយកចិត្តទុកដាក់ ឬប៉ះចំអ្នកនៅជាមួយនោះខ្វះភាពអត់ធ្មត់ ឯកូនយើងជាមនុស្សងង៉ក់ច្រើន។
១- កូនអាចត្រូវគេធ្វើបាប
កូនក្មេងជាច្រើនមានបញ្ហាត្រូវអ្នកមើលថែធ្វើបាបរាងកាយ និងសម្លុត ជាហេតុនាំឲ្យក្មេងមានភាពភ័យខ្លាចអ្នកដទៃ ហើយស្មារតីមិនសូវរឹងមាំដូចក្មេងធម្មតាឡើយ។ ម្យ៉ាងទៀតកុមារដែលស្ថិតនៅក្នុងស្ថានការណ៍បែបនេះ មានសុខភាពមិនសូវល្អឡើយ ហើយម៉ាក់ប៉ាវិញ ក៏មិនសូវជាមើលថែកូនខ្លួនឲ្យបានដិតដល់ដែរ ព្រោះតែទុកចិត្តលើអ្នកនៅជាមួយវិញ។
អ្វីដែលសំខាន់ កូនធ្លាប់ត្រូវគេវាយធ្វើបាប មិនហ៊ាននិយាយរឿងខ្លួនប្រាប់ម៉ាក់ប៉ា បើទោះជាកូនធំដឹងក្ដីហើយក៏ដោយ ព្រោះខ្លាចគេវាយធ្វើបាបបន្ថែម ឬទទួលរងពាក្យគំរាមណាមួយ។
២- ចំណីចំណុកមិនបានគ្រប់គ្រាន់
ក្មេងត្រូវការគេងច្រើន និងញ៉ាំគ្រប់គ្រាន់ដើម្បីការលូតលាស់ធំធាត់ ប្រកបដោយសុខភាពល្អ ប៉ុន្តែកូនដែលនៅជាមួយអ្នកមើលថែ ខ្វះការយកចិត្តទុកដាក់បែបនេះ ស្របពេបម៉ាក់ប៉ាត្រូវចេញទៅធ្វើការបាត់ៗពីផ្ទះមិនបានចាប់អារម្មណ៍នឹងកូន។
មានក្មេងជាច្រើនខ្វះអាហារូបត្ថម្ភ ព្រោះតែនៅជាមួយអ្នកថែ មិនបានឲ្យញ៉ាំដិតដល់ គ្មានបច្ចេកទេសលួងក្មេងឲ្យញ៉ាំ ឬអ្នកមើលថែមិនបានខ្នះខ្នែងធ្វើអាហារប្រកបដោយអនាម័យ សម្រាប់ក្មេងឡើយ ឬអាចនិយាយបានថាក្មេងមិនចង់ញ៉ាំហើយក៏ធ្វើហីៗតាម។
៣- សម្ពន្ធភាពមិនស្និទ្ធស្នាល
កូនខ្លះពេលនៅជាមួយអ្នកមើលថែច្រើនពេល ហើយត្រូវគេតាមយកចិត្តទុកដាក់ ឬសូម្បីតែយប់ឡើងក៏គេងជាមួយ ខណៈដែលម៉ាក់ប៉ាមិនបានបំពេញតួនាទីនេះឲ្យបានប្រសើរ ធ្វើឲ្យក្មេងទៅជាស្រលាញ់ម៉ែដោះ ជិតស្និទ្ធខ្លាំង។
ចំណែកយើងជាអាណាព្យាបាលដើរចោលបាត់ៗ បាយទឹកមិនដែលបញ្ចុក កូនឈឺក៏មិនបាននៅថែ មិនមានពេលលេងជាមួយ មិនធ្លាប់ចំណាយពេលនាំកូនដើរកម្សាន្ត ពោលទុកឲ្យអ្នកមើលថែធ្វើទាំងអស់ នោះកូនប្រាកដជាចាត់ទុកអ្នកមើលថែជាមនុស្សសំខាន់ជាងយើងហើយ។
ដកស្រង់ពី៖ Hello Health Group