ប៉ះពាល់ណាស់! ប៉ាម៉ាក់ផ្លាស់ប្តូរទឹកដោះគោកូនពីមួយទៅមួយអាចជួបផលរំខានទាំងនេះ
ការផ្លាស់ប្ដូរម្សៅទឹកដោះគោឲ្យទារកបៅពីមួយម៉ាកទៅមួយម៉ាក អាចដោយសារអាអូនបៅទឹកដោះគោចាស់លែងត្រូវ ឬក៏អាចដោយសារហេតុផលផ្សេងទៀត។ ខណៈដែលបើម៉ាក់ប៉ាសម្រេចផ្លាស់ប្ដូរម្សៅទឹកដោះគោច្រើនម៉ាកឲ្យអាអូនមុឹម ផលរំខានមួយចំនួនអាចកើតឡើងចំពោះកូនបាន។
ខាងក្រោមនេះជាផលរំខាននៃការផ្លាស់ប្ដូរម្សៅទឹកដោះគោច្រើនឲ្យកូនបៅដូចជា៖
១. ហើមពោះ
ពេលម៉ាក់ប៉ាឮសំឡេងគ្រុគៗចេញពីពោះកូន ឬឃើញពោះកូនហើម ច្បាស់ជាបារម្ភមិនខាន។ នេះអាចជាផលរំខានទូទៅមួយនៃការផ្លាស់ប្ដូរម្សៅទឹកដោះគោ អាចកើតឡើងលើកូន។ ប្រព័ន្ធរំលាយអាហាររបស់អាអូននៅខ្ចី ហើយវាស៊ាំនឹងទឹកដោះគោចាស់ ដូចនេះ បើយើងផ្លាស់ប្ដូរម្សៅទឹកដោះគោទៅម៉ាកមួយថ្មី អាចបណ្ដាលឲ្យកូនហើមពោះ។
២. អាលែកហ្ស៊ី
ពេលយើងផ្លាស់ប្ដូរម្សៅទឹកដោះគោឲ្យកូន យើងមិនដឹងច្បាស់ថា កូនយើងបៅត្រូវ ឬក៏អត់ទេ។ ការប្ដូរទៅម្សៅទឹកដោះគោថ្មីនោះ បើអាអូនបៅទឹកអត់ត្រូវ ឬអាលែកហ្ស៊ីនឹងធាតុផ្សំណាមួយក្នុងម្សៅទឹកដោះគោ អាចនឹងចេញរោគសញ្ញានៃអាលែកហ្ស៊ីទឹកដោះគោដូចជា៖
- អួត
- រាករូស
- ឈឺពោះ
- ឡើងកន្ទួលលើស្បែក
- ជុះមកមានឈាមលាយលាមក។
៣. ខ្វះអាហារូបត្ថម្ភ
កូនក្មេងក៏ដូចយើងដែរ បើបានអាហារប្លែក ហើយរសជាតិមិនត្រូវមាត់ ច្បាស់ជាមិនព្រមញ៉ាំឡើយ។ ការដែលមិនព្រមញ៉ាំនេះ អាចបណ្ដាលឲ្យកូនខ្វះសារធាតុចិញ្ចឹមរាងកាយត្រូវការក្នុងមួយថ្ងៃ ជាហេតុបណ្ដាលឲ្យអាអូនមិនឡើងគីឡូជាដើម។ ដូចនេះ មុនសម្រេចផ្លាស់ប្ដូរម្សៅទឹកដោះគោឲ្យកូន ម៉ាក់ប៉ាត្រូវគិតឲ្យបានដិតដល់មែនទែន។
ចំណាំ៖ ចំពោះការផ្លាស់ប្ដូរម្សៅទឹកដោះគោឲ្យកូនបៅ ម៉ាក់ប៉ាមិនគួរនឹកឃើញចង់ផ្លាស់ប្ដូរ ហើយផ្លាស់ប្ដូរភ្លាមៗទេ យើងត្រូវផ្ដល់ឲ្យកូនសន្សឹមៗ លាយជាមួយម្សៅទឹកដោះគោចាស់រហូតអាអូនស៊ាំនឹងម្សៅទឹកដោះគោថ្មី សឹមឈប់ផ្ដល់ទឹកដោះគោចាស់ឲ្យកូនមុឹម។
ដកស្រង់ពី៖ Hello Health Group